Header Ads

វត្តសំពៅប្រាំ លើភ្នំបូកគោ មានប្រវត្តិពាក់ព័ន្ធ ទៅនឹងរឿងព្រេង ព្រះថោង​ នាងនាគ



 ខេត្តកំពតៈ

ដោយ៖ សេង ស៊ីដារ៉ូ



វត្តសំពៅប្រាំ ឋិននៅលើខ្ពង់រាបនៃភ្នំបូកគោ និងជាទីក្រុងទេសចរណ៍ មួយយ៉ាងសំខាន់ នៃប្រទេសកម្ពុជា​ដែលមានខ្យល់អាកាសជាប់ទៅ​នឹងមាត់សមុទ្រល្អបរិសុទ្ធ​ កាលពីដើមឡើយស្ថិតនៅក្នុង ឃុំកោះតូច ស្រុក​​កំពត ខេត្តកំពត។

ភ្នំនេះ កសាងជាផ្លូវថ្នល់ ព័ន្ធជុំវិញតាមចង្កេះភ្នំ កាត់ជ្រោះភ្នំ សម្រាប់ធ្វើការឡើងទៅកាន់កំពូលភ្នំ មាន​រថយន្តតូចគ្រប់ធន បើកបរបានគ្មានសំបាកទេ លើកលែងតែរថយន្តធំវែងៗ បើកបរពុំបាន ព្រោះ​ផ្លូវ​បត់​បែន​ខ្លាំងពេក។ ផ្លូវឡើងភ្នំនេះ មានចម្ងាយ៣២គីឡូ ចាប់ពីត្រង់បែកចេញពីផ្លូវជាតិលេខ៣ (ផ្លូវកំពតទៅ​វាលរេញ) ពីដើមខ្ពង់រាបបូកគោ ជាកន្លែងយកខ្យល់អាកាសសម្រាប់ជនជាតិអឺរ៉ុប ដែលជាអាណាព្យបាល​ស្រុកយើង គឺ លផក ហ្វ្រងស្វា-បីដ្វាំងស៊ីដង់ស៊ុប៉េរីយើ នៅប្រទេសកម្ពុ​ជា​ បានសម្ពោធជាផ្លូវការ​កាលពី​ឆ្នាំ១៩២៥។



កាលពីសម័យកសាងនោះ បារាំង​បានរៀបចំធ្វើទីសំណាក់អាស្រ័យ ព្រោះមានខ្យល់អាកាសត្រជាក់ល្អ​សម្រាប់ពួកគេ ដូច្នេះហើយ ព្រះមហាក្សត្រខ្មែរយើង ក៏ទ្រង់ព្រះតម្រិះដល់ព្រះពុទ្ធសាសនាភ្លាមដែរ គឺ ព្រះ​អង្គទ្រង់សាងអារាម ដោយមានកូនវិហារតូចមួយ និងចេតិយមួយឡើងដែរ។ សំណង់វត្តនេះ តាំងនៅ​លើ​ដី​ខ្ពស់ជាងកំពូលភ្នំ ក៏មានផែនថ្មធំៗនៅពាសពេញដែរ។ ចម្លែកជាងគេ គឺផែនថ្មជាបន្ទះៗ​មានទំហំ​បណ្តោយ​ប្រមានជាជាង១០ម៉ែត្រ និងកំរាស់ប្រហែលជិត១០ម៉ែត្រដែរ។ ទ្រងទ្រាយផែនថ្មនេះ មានភាព​សំប៉ែតខ្ពស់ទ្រនុងនៅតម្រៀបគ្នា ជាប្រាំសន្លឹក មានសណ្ឋានដូចជាក្តោងសំពៅត្រដាង។

 
ដោយឃើញរូបភាពនៃថ្មទាំង៥ផែននេះ មានសណ្ឋានដូចដំពៅ៥ កំពុងបើកក្តោង ហើយការកសាង​វត្ត​នេះ ក៏ត្រូវធ្វើនៅជាប់ផែនថ្មនេះតែម្តង ទើបអ្នកផងហៅទីនេះតាមសន្មតថា “វត្តសំពៅប្រាំ”។ ហើយបាន​ក្លាយ​ទៅជារឿងព្រេងនិទានពីវត្តសំពៅប្រាំនេះថា ក្នុងកាលកន្លងយូរមកហើយ មានស្តេចខ្មែរមួយអង្គ​ព្រះ​នាម ព្រះថោង គឺព្រះអង្គម្ចាស់ ការតូចព្រះទ័យនឹងមិតា ដែលតម្រូវឲ្យត្រង់គោរពបូជា ​ព្រះអនុជពៅ​ម្លោះ​ហើយទ្រងយាងចេញពីព្រះរាជវាំង ជាមួយបក្សពួក​ដើម្បីចេញឲ្យឆ្ងាយពីរាជវាំង ទៅដល់ឆ្នេរខ្សាចមួយ ដែល​មានដើមឆ្លកមួយដើម ដុះនាកណ្តាលខ្សាច់នោះ។

ព្រះអង្គបញ្ឈប់ពលរេហ៍នៅទីនោះ សម្រាកព្រះកាយនៅក្រោមដើមធ្លក  ពេលព្រលឹងស្រាងៗឡើង ទ្រង​យាង​មួយព្រះអង្គឯងលំហែព្រះកាយ តាមមាត់សមុទ្រកាន់តែឆ្ងាយទៅៗ ស្រាប់តែឮសំលេងមនុស្សអ៊ូអរ ព្រះអង្គក៏យាងទៅជិតបានជួបនឹងនាងនាគ ដែលកំពុងនាំភីលៀង មកកំសាន្តឆ្នេរសមុទ្រនោះដែរ។ ព្រះអង្គ​​ បានលួងលោមស្រឡាញ់នាងនាគៗ ក៏យល់ព្រំ តែសុំឲ្យព្រះអង្គតោកកន្ទុយនាគ​ដើម្បីជ្រែកទឹក​ទៅ​​កាន់​​ឋាននាគថ្វាយបង្គំព្រះបាទភុជង្គនាគជាព្រះបិតា ។

លុះព្រះអង្គតាមព្រះនាង ដល់ឋាននាគ អស់រយៈពេលប្រាំពីរថ្ងៃ ក៏សុំលាព្រះបិតានាំមហេសីវិលមកឋាន មនុស្សវិញ កាលនោះព្រះបាទភុជង្គនាគ​ ក៏បានរៀបចំប្រដាប់ប្រដាជាព្រព្យមានតម្លៃ ​ចំនួនប្រាំសំពៅ​ដើម្បីដង្ហែព្រះរាជបុត្រមកគ្រប់គ្រងរាជនៅឋានមនុស្សលោក។

សំពៅទាំងប្រាំនេះ បានបើកក្តោងសំដៅទៅមាត់សមុទ្រជាយដែនប្រទេស ហើយក៏ចូលចតតម្រៀបគ្នា រើ​ប្រដាប់ប្រដាចេញពីសំពៅ ហើយដឹកជញ្ជូនយកទៅរកទីណាមួយមានទួលខ្ពស់ ដើម្បីរៀបចំកសាង​ជាទី​ក្រុង​ឡើង​។

ឯសំពៅទាំង៥នោះ ក៏បញ្ឈរទុកសម្រាប់ព្រះអង្គ មានដំណើរទៅណាមកណា ទ្រង់គង់ក្រសាលតាមព្រះ​ចិន្តា។ ពលរេហ៍ទាំង៥០០នាក់ ដង្ហែព្រះថោងនាងនាគ ទៅស្ថាបនាទីក្រុងរាជនិវេសន៍ទាំងអស់គ្នា​ទៅ​នៅសល់តែសំបកសំពៅ​។ លុះអស់កាលយូរលង់ក្រោយមក ឆ្នេរសមុទ្រក៏ចេះតែស្រុតឆ្ងាយទៅៗ ដ៏ក៏កាន់​តែដុះខ្ពស់ឡើងៗ សំពៅទាំង៥នោះ ក៏កឿងនៅជាប់នឹងច្រាំង ហើយយូរៗទៅក៏រឹងទៅជាថ្ម លិចបាត់​តួសំ​ពៅទៅក្នុងដី នៅសល់តែក្តោងទាំង៥ ដែលគេឃើញសព្វថ្ងៃនេះ។

បើតាមការស្រាវជ្រាវវិញ វត្តនេះ ពុំមែនវត្តបុរាណណាស់ណាទេ គឺជាវត្តថ្មី​មួយ​ដែលព្រះករុណា ​ព្រះបាទ សម្តេចព្រះស៊ីសុវត្ថិ-មុនីវង្ស ព្រះចៅប្រទេសកម្ពុជាទ្រង់កសាងឡើងកាលពី គ.ស ១៩២៤ គឺនៅគ្រាដែល​រាជ​ការអាណាព្យាបាលបារាំង គេស្ថាបនាទីតំបន់បូកគោ ធ្វើជាទីលំហែសម្រាប់យកខ្យល់ត្រជាក់​តាមធាតុ​អាកាសនៅអឺរ៉ុប។ កាលនោះរាជការបារាំង បានថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិត នូវទីកន្លែងមួយ សម្រាប់ព្រះអង្គស្ថាបនា ជាព្រះរាជដំណាក់មួយនៅភ្នំបូកគោនោះដែរ ដូច្នេះហើយព្រះអង្គ ក៏ផ្តួចផ្តើម ព្រះ ទ័យ​ កសាងជាវត្តមួយនេះឡើង ដោយជ្រើសរើសយកទីទួលដែលនៅជាប់ នឹងផែនថ្ម៥សន្លឹកធំៗនោះ​ជាព្រះវិហារមួយតួចតែស្អាតស្អំ និងចេតិយតូចមួយទៀត។

នៅពីមុខព្រះវិហារនេះ គេសន្មតយកនាមភិយ្យោថា “វត្តសំពៅប្រាំ” គឺយកតាមលំនាំទីកន្លែងលើទួលនោះ ដែលមានសន្លឹកផែនថ្មធំៗ ដូចជាក្តោងសំពៅប្រាំផ្ទាំងស្ថិតនៅត្រង់នោះស្រាប់។

សព្វថ្ងៃ ភ្នំបូកគោ ជាទីមនោរម្យមួយសម្រាប់ទេសចរធ្វើដំណើរ ទៅលំហែរសម្រាកកាយ គ្រប់ពេល​ ដែល​​ឈប់សម្រាកពីការងារ ម្លោះហើយវត្តសំពៅប្រាំ ក៏ទៅជារមណីយដ្ឋានមួយ ដែលគេស្គាល់ច្រើន៕


No comments

Powered by Blogger.