Header Ads

ប្រវត្តិសាស្ត្រ៖ អំពីរូបសត្វហង្ស ក្នុងព្រះសាសនា និងពាក់ព័ន្ធ​នៃការ​បង្កើត​​លោក នៃធម៌ទាំងបួនមាន៖ ​មេត្តា ករុណា មុទិតា និងឧបេក្ខា

ភ្នំពេញៈ

ដោយ៖សេង ស៊ីដារ៉ូ


ហង្ស ជាសត្វមានរូបរាង្គស្រស់ស្អាត សម្បុរពណ៌ស ហើយគេតែង​និយាយតៗគ្នា​ថា​ ហង្សគឺជាស្តេចបក្សី។ រូបសត្វហង្ស ​គេឃើញមាននៅ​តាម​​ផ្ទាំងគំនូរ ឬចម្លាក់ ឬតាមការផ្សពផ្សាយពាណិជ្ជកម្ម និងក្នុងរឿង​ព្រេង​និទាន តែប៉ុណ្ណោះ។

ផ្អែកតាមទេវកថា  ក្នុងព្រហ្មញ្ញសាសនា ហង្សគឺជាយានជំនិះរបស់ព្រហ្ម ដែលព្រះព្រហ្ម មានតួនាទីជាអ្នកបង្កើតលោកកិយយើងនេះ។

ហង្សអាចហោះហើរ លើអាកាស និងជាការទូត​ ដែលទស្សនៈខ្មែរយើង​តែង​​យល់ឃើញថា ឋានព្រះឥន្ទ្រ និងឋានព្រះព្រហ្ម ជាឋានសួគ៌ ឬជា​​ឋានលើដ៏ខ្ពង់ខ្ពស់ មានអំណាចដ៏លើសលប់ ក្នុងការជួយសត្វលោក នា​ឋានកណ្តាលនេះ ឲ្យបានឆ្លងផុតទុក្ខភ័យទាំងពួង។ យ៉ាងនេះហើយ ហង្ស គឺជាសត្វដែលមានទំនាក់ទំណង រវាងឋានសួគ៌ និងឋានកណ្តាល ប្រកបដោយប្រសិទ្ធភាព។
ចំពោះទស្សនៈ ព្រះពុទ្ធសាសនា ក៏មានការ​លើកពីសត្វហង្ស ថា ជាសត្វ​ដ៏​ប្រសើរ ព្រោះបើតាមឯកសារ របស់ព្រះ​មហា​​សាន​សម្ផស្ស ព្រឹទ្ធបុរស​មហា​​វិទ្យា​ល័យ បាលីសំស្ត្រឹត នៃពុទ្ធិ​ក​សា​កលវិទ្យាល័យ ព្រះសីហនុរាជ បានឲ្យដឹងថា ក្នុងកំណើតជាព្រះពោធិសត្វ ព្រះសម្មាសម្ពុទ្ធយើង ព្រះ អង្គយោនកំណើតជាសត្វហង្សចំនួន ៥ដង ។

តាមរយៈពុទ្ធប្រវត្តិ ក៏ដូចជាសិល្បៈ បដិមារបស់ព្រះពុទ្ធ តែងតែមានការ​ពាក់ព័ន្ធជាមួយវត្តមានព្រះឥន្ទ្រ និងព្រះព្រហ្ម ដែលធ្វើឲ្យបុព្វបុរស ឬដូន​តាខ្មែរយើងមានការស្រុះស្រួល ព្រមព្រៀងដ៏សុខសាន្ត រវាងសាសនាធំ ទាំងពីរ គឺព្រហ្មញ្ញសាសនា  និងពុទ្ធសាសនា បានវេញជាធ្លុងបញ្ចូលគ្នា​យ៉ាងល្អប្រសើរ។
ចំណុចរួមមួយទៀត ដែលបានបន្សល់ទុក ជាមរតក៌វប្បធម៌ ដល់បច្ចុ​ប្បន្ន​នេះ គឺដងទង់មួយុគូ នៅខាងមុខព្រះវិហារនៃព្រះពុទ្ធសាសនា គ្រប់វត្ត អារាមទាំងអស់ ក្នុងព្រះរាជាណាចក្រកម្ពុជា។ គេឃើញមានរូបហង្ស​ទំ​នៅលើកំពូលដងទង់ និងមានបាំងដោយឆ័ត្ររួតផង។ ជាពិសេស គឺ​ហង្ស​ទាំងពីរនោះ បានពាំទង់ក្រពើ ដែលគេយកទៅ​ចងនៅពេលមាន​បុណ្យ​ទានក្នុងវត្តម្តងៗ។
ហើយគេមានជំនឿថា ហង្សពាំនាំព្រលឹងក្រពើហោះហើរ ​ទៅកាន់ឋាន​ព្រះ​​ព្រហ្ម ឬឋានព្រះឥន្ទ្រ ជាឋានដ៏ខ្ពង់ខ្ពស់គាប់ប្រសើរ។

នៅសម័យនោះ មានរឿងដំណាលថា សត្វក្រពើញីឈ្មោះមានគុណ ក្នុង​ការជួយចម្លងព្រះសម្មាសម្ពុទ្ធ និមន្តទៅបិណ្ឌបាត្រ។ ក្រពើបានសុំព្រះ​អង្គ​​បួស តែខ្លួនជាសត្វយ៉ាងនេះ ព្រះពុទ្ធអង្គទ្រង់ មិនអនុញ្ញាត ឲ្យបួស​បាន​​ទេ។ ក្រពើនោះ បានសំណូមពរដល់ព្រះអង្គថា បើខ្លួនស្លាប់ ទៅ​សូម​ឲ្យពន្លាត់ស្បែក ចងជាទង់ក្រពើ យ៉ាងនេះហើយ នៅពេលមាន​បុណ្យ​​ទានម្តងៗ ទើបគេចងទងក្រពើ ដើម្បីជាសិរីមង្គលដ៏ប្រសើរ។

ឥទ្ធិពលនៃការនិយមហង្ស ក៏ដូចជាឥទ្ធិពល នៃការគោរពព្រះព្រហ្មដែរ។ ព្រោះសត្វហង្ស ជាភ្នាក់ងារទំនាក់ទំនងពត៌មាន ដ៏សំងាត់ពីមនុស្ស ទៅ​ព្រះព្រហ្ម ឬពីឋានព្រះព្រហ្ម មកមនុស្ស គឺពីឋានកណ្តាល ទៅឋានសួគ៌ និង ពីឋានសួគ៌មកឋានកណ្តាលវិញ។ មានន័យថា ជាទំនាក់ទំនងនៃ​ការ​ជួយ​រំដោះកម្មពៀររបស់មនុស្ស សត្វ ដើម្បីហោះហើរឆ្លងផុត​ពីវាលវដ្ត​សង្សារ ដែលពោរពេញទុក្ខលំបាក ឆ្ពោះទៅឋានបរមសុខ ឬសុគតិភព។

មានភាស្តុតាងបង្ហាញមួយទៀតថា ដែលជាខ្លឹមសារចំបង ឬជាគុណធម៌ និងជាមូលមូលដ្ឋានរបស់ព្រះព្រហ្ម ដែលសង្គមខ្មែរ ចាត់ទុកជាធម៌ដ៏ កំពូល ក្នុងការបង្កើតលោកយើងនេះ។ ធម៌ទាំងបួនមាន៖ ​មេត្តា ករុណា មុទិតា និងឧបេក្ខា។ ធម៌ទាំងនេះ បុរាណាចារ្យ បានបង្ហាញថា មាននៅ​ក្នុងទឹកចិត្តមាតាបិតាទៅលើបុត្រប្រុស ស្រី។ ជាក់ស្តែងប្រាសាទបាយន្ត ដែលជាស្នាព្រះហស្ត ដ៏ល្បាញរបស់ព្រះបាទជ័យវរ្ម័នទី៧ គស១១៨១ ដល់គស ១២១៨ នៃសម័យអង្គរ ក៏បានរំលេច ព្រះភ័ក្រ្តទាំង៤ របស់​ព្រះ​ព្រហ្ម ដែលជានិមិត្ររូប នៃព្រហ្មវិហារធម៌ ជាធម៌បង្កើតមនុស្ស ទុក ដូចជាមាតាបិតាបង្កើត ថែរក្សាបុត្រដូច្នោះដែរ។ គឺព្រហ្មវិហារធម៌​​នេះ​​ហើយ ដែលជាភពថ្មីដ៏សុខសាន្ត និងរីកចំរើនលូតលាស់នៃមនុស្ស​ប្រកប​ដោយវឌ្ឍនភាពក្នុងសង្គមពិតប្រាកដ។

ដោយសារព្រះព្រហ្ម មានធម៌ដ៏ប្រសើរ ក្នុងការបណ្តុះនិស្ស័យជាតិ​កំណើត តាមរយៈព្រហ្មវិហារធម៌យ៉ាងនេះ ​ទើបឥទ្ធិពលនៃហង្ស ដែល ជាយានជំនិះរបស់ព្រះអង្គ ក៏មានឥទ្ធិពលនៃការទាក់ទងយ៉ាងសាមញ្ញ ដ៏ ពេញនិយមក្នុងការជួយរំដោះទុក្ខកម្ម ពីមនុស្សលោក ឲ្យបានទៅកើត​នា​ឋានមរមសុខ។
ជាក់ស្តែងក្នុងការដង្ហែរព្រះបរមសព ព្រះមហាវីរក្សត្រនរោត្តម សីហនុ ពីអកាសយានដ្ឋានអន្តរជាតិភ្នំពេញ មកកាន់ព្រះបរមរាជវាំង  កាលពីរ​សៀល​​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ កន្លងមកនេះ  គេឃើញមានទី នាំង​​​នៃរូបសត្វបីបែប គឺ សត្វសឹង្ហ សង្វហង្ស សត្វនាគក្បាល៣។

ព្រះទីនាំងរូបសឹង្ហ ហែនាំមុខព្រះទីនាំងសត្វហង្ស នៅកណ្តាល និងព្រះ​ទី​នាំងសត្វនាគក្បាល៣ នៅខាងក្រោយបន្ទាប់។ ឬគេនិយាយបានថា ព្រះទីនាំងសត្វហង្ស បានអមដំណើរពីមុខ និងពីក្រោយ ព្រះទីនាំងសឹង្ហ និងព្រះទីនាំងនាគ។ ម្យ៉ាងទៀតមានន័យសង្ខេបថា ព្រះទីនាំងសឹង្ហ​តំណាង​​នូវអំណាច ឬឬទ្ធានុភាព ឯព្រះទីនាំងរូបនាគក្បាល៣ ជាជំនិះ របស់​​​ព្រះភិរុណ ជាវត្ថុសិក្តិសិទ្ធិ ក្នុងការកសាងនូវវឌ្ឍនភាព និងភាពរុង​រឿងក្នុងសង្គម។

ដោយឡែកចំពោះព្រះទីនាំងរូបហង្សវិញនោះ មានតម្កល់ព្រះបរមសព ព្រះមហាវីរក្សត្រដ៏អធិកអធម រុងរឿងយ៉ាងក្រែលែង។ នេះជាឧត្តមគតិ ដែលបន្តជាប្រពៃណី តាំងពីបុរាណកាល នៃបុព្វបុរសយើង ក្នុងការ និយម​ហង្ស ដូចបានរៀបរាប់ ខាងលើរួចមកហើយ។

ប៉ុន្តែសំរាប់ការបង្ហាញ​បន្ថែមនាពេលថ្មីៗនេះថា គឺព្រះទីនាំងរាជហង្ស​តំ​ណាង​ឲ្យហង្ស ​ដូចជាហង្សនៅដងទង់ ខាងមុខព្រះវិហារ គ្រប់វត្ត​អារាម​អញ្ចឹងដែរ ដើម្បីឲ្យ ហង្សដ៏សក្តិសិទ្ធិ នៃជំនិះព្រះព្រហ្ម ​បានក្លាយទៅជា​ជំនិះ​​នៃព្រះវិញ្ញាណក្ខន្ត ​ឬដួងព្រលឹងដ៏ថ្លៃថ្លា នៃព្រះមហាវិរក្សត្រ ក្នុងការ​ឆ្លងផុតពីវាលវដ្តសង្សារ យាងឆ្ពោះទៅកាន់ទីឋានបរមសុខ ឬជាសុគតិ​ភព៕

No comments

Powered by Blogger.