Header Ads

ប្រាសាទកោះកេរ ជារាជនី ដ៏សំខាន់មួយនាសម័យចក្រភពអង្គ និងមានរឿងព្រេងនិទាន ប្រឌិតឡើងថា ការស្លាប់ស្តេចដំរីស​​ ទាក់ទងទៅនឹង ប្រាសាទកោះកេរ


 ខេត្តព្រះវិហារៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

ប្រាសាទកោះកេរ ជារាជនី ដ៏សំខាន់មួយនាសម័យចក្រភពអង្គ នៅចន្លោះឆ្នាំ៩២១-៩៤៤ ដោយព្រះបាទ​ជ័យវ្ម័ន​ទី៤ បានគ្រងរាជ​ ចន្លោះពីឆ្នាំ៩២៨-៩៤១។ រាជធានីនេះ មានចម្ងាយប្រមាណ ១៤០ គីឡូម៉ែត្រ​នាភាគ​​ឦសាននៃទីក្រុងយសោធបុរៈ (រាជធានីអង្គរ)។


បច្ចុប្បន្នអតីតរាជធានីនេះ ស្ថិតនៅក្នុងភូមិកោះកេរ ឃុំស្រសង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ព្រះបាទ​ជ័យវរ្ម័នទី៤ បានកសាងប្រាសាទតូចធំ ជាច្រើននៅតំបន់នេះ ដូចជាប្រាសាទប្រាង្គ ប្រាសាទក្រហម ប្រាសាទលិង្គ ប្រាសាទក្រចាប់ ប្រាសាទបន្ទាយពីរជាន់ ប្រាសាទដំរី ប្រាសាទប្រាំ និងប្រាសាទនាងខ្មៅ។



ក្នុងចំណោមប្រាសាទទាំងអស់នោះ មានប្រាសាទមួយធំជាងគេ គឺប្រាសាទប្រាង្គ ដូច្នេះ​គេនាំគ្នាហៅប្រាសាទ​នោះថា ប្រាសាទធំ តែក៏មានអ្នកខ្លះហៅថា ប្រាសាទកំពែង ដោយសារមានកំពែងធំវែងព័ទ្ធជុំវិញ​ទើបយើង​និយមហៅថា ប្រាសាទកោះកេរ គឺជាកោះនៃកិត្តិយស ឬកេរឈ្មោះ។ ប្រាសាទកោះកេរ មានទម្រង់ជាពីរ៉ាមីត ឬជាសាជីជ្រុង ដែលមានលក្ខណៈខុសប្លែងពីប្រាសាទមុនៗទាំងអស់ ដែលកសាងឡើងដោយបុព្វបុរសខ្មែរ។

ប្រាសាទនេះមានកម្ពស់រហូតដល់ ៣៥ម៉ែត្រ ជាប្រាសាទមួយខ្ពស់ បន្ទាប់ពីប្រាសាទអង្គរវត្ត។ ប្រាសាទធំ ឬប្រាសាទប្រាង្គជាប្រាសាទភ្នំ និងជាទម្រទ្រលិង្គទេវរាជដ៏ធំមួយ ដែលមានកម្ពស់ ១៨ម៉ែត្រ និងអង្កត់ផ្ចិត​ប្រវែង ៥ម៉ែត្រ (សាងពីលោហធាតុ ឬស្រោបលោហធាតុ)។



ប្រាសាទកោះកេរ មានរឿងព្រេងនិទានខ្មែរប្រឌិត ដែលជាប់ទាក់ទិនទៅនឹងស្តេចដំរីស ដែលបានដំណាល​ថា​ពេលស្រទន់សាស្ត្រា ពេញវ័យក្រមុំ ក៏មានរូបឆោមល្អពន់ពេក ធ្វើឲ្យស្តេចដំរីស មានការព្រួយបារម្ភពីកូន យ៉ាង​ខ្លាំង។ ស្តេចដំរីស ពិចារណសព្វគ្រប់ទៅ ក៏សង់ប្រាសាទសសរមួយ ឲ្យកូនស្រីស្នាក់នៅ​ ព្រោះមិន​ចង់​ឲ្យកូនចុះពីលើប្រាសាទដើរផ្តេសផ្តាស់ ហើយស្តេចដំរីស តែងតែទំនុកបម្រុងកូនមិនដែលឲ្យខ្វះខាតឡើយ អ្វីដែលស្តេចដំរីស យកចិត្តទុកដាក់ជាងគេនោះ គឺសំអាងសក់។

ស្តេចដំរីសស្រលាញ់ពេញចិត្តចំពោះកូនណាស់ តែងតែសំអាងសក់របស់កូន ឲ្យមានសម្រស់ភ្លឺរលោង។ រាល់​ពេល​​ដែលស្តេចដំរីស មកដល់ប្រាសាទ តែងតែពោលពាក្យយ៉ាងពិរោះមករកកូណថា “ស្រទន់សាស្ត្រា ទម្លាក់​សក់​​មករ៉ា បិតាមកហើយ សៀតផ្កាខាងមុខ សិតសក់ខាងក្រោយ បិតាអប់ឲ្យ ស្រទន់សាស្ត្រា”  បន្ទាប់មក​ស្តេច​ដំរីស បានមកដល់ព្រះរាជដំណាក់របស់ព្រះអង្គម្ចាស់ដែលនាំនាង ស្រទន់សាស្ត្រា មកលាក់។ នាង​ស្រទន់​​សាស្ត្រា​ និងព្រះអង្គម្ចាស់ កាលបើបានឮសំឡេងឪពុកស្រែកហៅ ក៏នាំគ្នាស្ទុះចេញមកលុតជង្គង់ថ្វាយ​បង្គំអង្វរបិតាថា “សូមក្រាបថ្វាយបង្គំព្រះបិតា សូមព្រះបិតាមេត្តាប្រោសប្រទានទោស ដល់បុត្រទាំងពីរផង” ។

ស្តេចដំរីស ឃើញដូច្នោះ ​ក៏មានអារម្មណ៍តក់ស្លុតស្រយុតស្រយង់កាយ រហូតដល់ដួលក្រាបបង្ហូរទឹកភ្នែក​រហាម ហើយពោលពាក្យទាំងអួលអាក់ទៅរកកូនស្រីថា “ស្រទន់សាស្ត្រា” បើកូនស្រឡាញ់បិតា ហេតុអ្វី​ក៏​កូន​ធ្វើអំពើខុសគន្លងប្រពៃណីដូច្នេះ ធ្វើឲ្យបិតាអស់សង្ឃឹមចំពោះកូន ហើយខ្មាសគេខ្លាំងណាស់។ ចូលកូនយក​ផ្លែឈើ បំពងទឹក និងផ្កាបិតាជាលើកចុងក្រោយ។ ចូរកូនទាំងពីរចេះថែរក្សា​គ្នាឲ្យបានសុខបិតាលាកូនហើយ ។​

និយាយពីព្រានព្រៃម្នាក់ បានដើរប្រមាញ់រហូតទៅដល់ប្រាសាទ ស្រទន់សាស្ត្រា បានឮពាក្យពេជន៍ដ៏ពិរោះ​របស់ស្តេចដំរីស។ ព្រានព្រៃនោះ ក៏បាននាំរឿងនេះ ទៅក្រាបទូលព្រះអង្គម្ចាស់មួយយអង្គ។ ពេលព្រះអង្គ​ម្ចាស់ បានទទួលដំណឹងនេះហើយ ក៏យាងមកប្រពាតព្រៃ ហើយបានមកលបមើលឃើញស្តេចដំរីស ពោល ពាក្យយ៉ាងពិរោះ ហើយក៏បានទតឃើញនាងស្រទន់សាស្ត្រា មានរូបល្អពន់ពេក ក៏ចាប់ចិត្តស្រាលាញ់​នាង​យ៉ាងក្រៃលែង។ ព្រះអង្គម្ចាស់ បានទន្ទេញពាក្យស្តេចដំរីសចាំហើយ ក៏ឆ្លៀងឱកាសយកពាក្យទាំងនោះ ពោលក្រែប្រាសាទនាង នៅពេលដែលស្តេចដំរីសមិននៅ។ រីឯស្រទន់សាស្ត្រា កាលបើឮពំនោលនោះ​ស្មានថាឪពុកមកដល់ក៏ទម្លាក់សក់ចុះ។ ចំណែកព្រះអង្គម្ចាស់ ឃើញឱកាសល្អហុចឲ្យ​ ក៏សម្រាលព្រះកាយ​ឡើងតាមសក់របស់នាងរហូតដល់លើប្រាសាទ ហើយលួងលោមនាង សុំសេចក្តីស្នេហារហូតយល់ចិត្តគ្នា​ទៅវិញទៅមក រួចហើយក៏នាំនាងយកទៅទុកនៅឯប្រាសាទរបស់ព្រះអង្គ​។

ថ្លែងពីស្តេចដំរីសវិញ បានស្វែងរកផ្លែឈើ និងផ្កាក្រអូបគ្រប់ប្រភេទ ដើម្បីយកទៅផ្គត់ផ្គង់បុត្រីបណ្តូលចិត្ត​អស់រយៈពេលបីថ្ងៃកន្លងមកហើយ។ លុះរកបានគ្រាន់ហើយ ក៏ធ្វើដំណើរដោយរលេះរលាំងទៅរកកូន។

ស្តេចដំរីសទៅដល់ប្រាសាទ ក៏បន្លឺសម្តីដូចសព្វដង ប៉ុន្តែមានសភាពស្ងប់ស្ងាត់ឈឹង មិនឃើញកូនទម្លាក់សក់​មក​​សោះ ទើបគិតថា ប្រហែលជានាងដេកលក់ ក៏បន្លឺសំលេងដដែលៗ ម្តងហើយម្តងទៀត កាន់តែខ្លាំង​ឡើងៗ នៅតែមិនឃើញកូន ក៏មានសេចក្តីភិតភ័យព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ក៏សម្រេចចិត្តចេញ​ដំណើរ​យ៉ាងតក់ក្រហល់ ដោយស្វែងរកកូនយ៉ាងវក់វីពីប្រាសាទមួយទៅប្រាសាទមួយ ហើយស្រែកហៅកូនរំពង​ពេញ​ព្រៃ ព្រមទាំងកាច់កំពូលប្រាសាទនិមួយៗ ដើម្បីអើតមើលកូន។

ដោយក្តីអាម៉ាស់ និងការខកចិត្តខ្លាំងពេក បណ្តាលឲ្យស្តេចដំរី ដួលស្លាប់ភ្លាមមួយពេញ នៅខាងក្រោយ​ប្រាសាទ​នោះ។

បច្ចុប្បន្ននេះ នៅខាងក្រោយពេលភ្ញៀវទេសចរណ៍ ទៅទស្សនាប្រាសាទកោះកេរ អាច ឆ្លៀតដើរទៅប្រាសាទធំ ដើម្បីពិនិត្យមើលទីទួលមួយដែលចាស់បុរាណបានលើក ជានិមិត្តរូបស្តេចដំរីស។ សព្វថ្ងៃមានដើមឈើ​​ដុះជា ច្រើនរាងដូចដំរីស្រុត បែរក្បាលទៅទិសខាងត្បូង។ ម្យ៉ាងទៀតអ្នកស្រុកបានយកទង់ក្រពើ មកដោតនៅក្បែរ ជើងភ្នំប៉ែកខាងជើង ដើម្បីជានិមិត្តរូប របស់ស្តេចដំរីស៕


No comments

Powered by Blogger.