Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានជួបលោក Deng Boqing អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិ​ការ​អភិវឌ្ឍន៍អន្ដរជាតិ​​ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងការបង្កើតភូមិគំរូ


ភ្នំពេញៈ


ដោយៈ ឌឹម គឹមហាក់


 កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ​បានជួបពិភាក្សាការងារជាមួយ លោក Deng Boqing អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្ដរជាតិ-ចិន នៅទីស្ដីការក្រសួង​អភិ​វឌ្ឍន៍​​ជនបទ។

ហើយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មានបំណងចង់បង្កើតភូមិគំរូ មួយចំនួននៅកម្ពុជា ដោយ​​​ធ្វើកិច្ច​សហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោក Deng Boqing អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្ដរជាតិ-ចិន បានលើកលឡើងថា តាមរយៈនៃការអភិវឌ្ឍន៍ជនបទ នៅសាធារណរដ្ឋប្រជាមានិតចិន ធ្វើការសាកល្បងអនុវត្តន៍ នៅព្រះរា​ជា​ណាចក្រ​កម្ពុជា  នៅភូមិគំរូនេះ ត្រូវរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ រួមមាន ផ្លូវ ប្រព័ន្ធផ្គត់ផ្គង់​ទឹក​ស្អាត អគ្គិសនី សាលារៀន មណ្ឌលសុខភាព និងទីផ្សារ ដើម្បីលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ​កម្ពុជា នៅតំបន់ជនបទ។


លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណ​ ដល់​ប្រជាជន ក៏ដូចជារដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែផ្ដល់ជំនួយហិរញ្ញប្បទាន ជា ច្រើន​​ដល់កម្ពុជា។ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងអនុវត្តន៍ ដើម្បីរួមចំណែក ការកាត់បន្ថយភាព​ក្រីក្រ​​របស់ប្រជាពលរដ្ឋ​នៅទីជនបទ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមាន សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ។ ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងសហប្រតិបត្តិការ​លើហិរញ្ញប្បទាន​​ឥតសំណងរបស់ មិត្តចិន ក្នុងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកជនបទ ជំហានទី១ តាម រយៈការខួងអណ្ដូងស្នប់  ជីកស្រះសហគមន៍ ដែលនឹងត្រូបបញ្ចប់នៅចុងឆ្នាំ២០១៨។​

ហើយក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានកំពុងអនុវត្តន៍គម្រោងកែលម្អផ្លូវជនបទ ជំហានទី១ ដើម្បីស្ថាបនាផ្លូវ​ក្រាលក្រួសក្រហមនៅជនបទប្រវែង ៣៥គីឡូម៉ែត្រ ៤៦២ ម៉ែត្រ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងស្ពានបេតុង ដែលគម្រោងនេះសម្រេចបាន ៨៥%ហើយ នឹងបញ្ចប់នៅខែមីនា ឆ្នាំ២០១៩ ។​


គម្រោងមួយទៀត គឺជាគម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា បានសាងសង់មជ្ឈមណ្ឌល​សហគមន៍ នៅស្រុកមុខកំពូល ខេត្តកណ្ដាល ដែលមានកម្មវិធីផ្គត់ផ្គង់ទឹកស្អាត លើកកម្ពស់អនាម័យ និងបណ្ដុះបណ្ដាលមន្រ្ដីរាជការក្រសួងអភិវឌ្ឍន៍ជនបទ។ លោករដ្ឋមន្រ្ដី បាន​ស្នើសុំឲ្យមិត្តចិន បន្តជួយ​ផ្ដល់​​ហិរញ្ញប្បទានឥតសំណង ដល់កម្ពុជា ដើម្បីអនវត្តន៍បន្តគម្រោងជំហានទី២ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងទឹកស្អាត៕                                                                

No comments

Powered by Blogger.