Header Ads

ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ សូភី រកឃើញដោយសារការជីកដីធ្វើបង្គន់អនាម័យ របស់ភូមិ


ខេត្តបន្ទាយមានជ័យៈ

ដោយ៖ សេង ស៊ីដារ៉ូ

Add caption

ស្ថាននីយ៍បុរេប្រវត្តិសូភី គឺស្ថិតនៅភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ចម្ងាយ​ប្រហែល២០គីឡូម៉ែត្រ ប៉ែកខាងលិច​ក្នុងទឹកដីសេរីសោភណ្ឌ។

ស្ថានីយនេះ រកឃើញដោយចៃដន្យក្នុងខែឧសភា ឆ្នាំ២០០៧ ពេល​​អ្នកស្រុកជីកដីក្នុងភូមិ ដើម្បី​សាងសង់បង្គន់អនាម័យ ដែល​ឧត្តម្ភដោយអង្គការអភិវឌ្ឍន៍ក​សិករខ្មែរ។
ពេលជីកដី​​​​សាង​​សង់ ​​ក៏បានប្រទះឃើញឆ្អឹងខ្មោច និងឆ្អឹងសត្វ​នៅលាយលំជាមួយបំណែក​ភាជ​ន៍ ដែក អលង្ការធ្វើពីសំរឹទ្ធិ អាវុធ អង្កាំជាដើ។

ដោយមានការជ្រុញបន្ថែម ពីឈ្មួញរកស៊ីទិញលក់វត្ថុបុរាណ អ្នកស្រុកបាននាំគ្នាជីកគាស់រកវត្ថុ មានតម្លៃស្ទើរពេញភូមិ។ ព័ត៌មាននេះ បានលឺដល់អាជ្ញាធរមូលដ្ឋាន និងក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ស្របពេលនឹងស្ថានីយកំពុងរងការបំផ្លាញយ៉ាងដំណំ បន្ទាប់មកអាជ្ញាធរមាន​សមត្ថកិច្ច ​​បានចុះទប់ស្កាត់មិនឲ្យមានការលួចជីកបន្តទៅទៀត ហេតុដូច្នេះ​ សកម្មភាពលួច​ជីកក៏បានស្ងប់ស្ងាត់មួយរយៈ។ មិនបានប៉ុន្មាន សកម្មភាពលួចជីកក៏បានចាប់ផ្តើមឡើងវិញ​ហើយកាន់តែខ្លាំងជាងមុនទៅទៀត ដោយពុំខ្លាចក្រែង ទោះបីសមត្ថកិច្ចចាត់វិធានការទប់ស្កាត់ និងអប់រំពន្យល់ណែនាំយ៉ាងណាក៏ដោយ ក៏អ្នកភូមិនៅតែគាស់បំផ្លាញ ចំណែកឆ្អឹងមនុស្ស​ឆ្អឹង​សត្វ និងបំណែកភាជន៍ ត្រូវពួកគេទុកចោលពាសពេញលើដី។ ហេតុដូចនេះហើយ​ ទើប​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រមូលវត្ថុទាំងអស់នោះ​មក​រក្សាទុកក្នុងវត្តសូភី។​

ភូមិសូភី ជាទីបញ្ចុះសពបុរាណមួយ ដ៏ធំក្នុងតំបន់នោះ។ ដើម្បីប្រមូលវត្ថុនៅសេសសល់​ ទាក់​ទង​​នឹង​ទំនៀមទំលាប់នៃបញ្ចុះសពបុរាណកាលមក ពួកគេធ្វើសិក្សាវិភាគ និងចងក្រងឯកសារ​បោះពុម្ពផ្សាយទុកជាប្រយោជន៍ ដល់សង្គមនោះ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​បាន សហការជាមួយសាកលវិទ្យាល័យ នៃប្រទេសអូស្ត្រាលី ធ្វើកំណាយសង្គ្រោះបន្ទាន់​ចំនួនពីរ គឺ​លើក៖ លើកទី១ធ្វើនៅឆ្នាំ២០០៩ ដោយជីកក្បែរព្រះវិហារ ក្នុងបរិវេណវត្តមានទំហំរណ្តៅ ៣ x ៥ ម៉ែត្រ និងលើកទី២ធ្វើនៅឆ្នាំ ២០១០ ដោយជីកក្នុងភូមិមុខផ្ទះអ្នកស្រុក មានទំហំរណ្តៅ ៥ x៥ម៉ែត្រ។ កំណាយទាំងពីរលើកនេះ គេរកឃើញផ្នូរសពចំនួន ១៤ ដែលផ្នូខ្លះ​មានគ្រោងឆ្អឹង​ពេញ​​លេញ និងកូនក្មេង រួមជាមួយវត្ថុផ្សេងៗ ដូចជា ឆ្អឹងសត្វ អង្កាំ បំណែកអលង្ការសំរឹទ្ធិ ចង្ក្រង ខ្នារអំបោះ វត្ថុធ្វើពីដែក ​ជាដើម។

យោងលើការសិក្សាប្រៀបធៀប​ សមុច្ច័យប្រមូលបានពីកំណាយនៅភូមិសូភី និងភូមិស្នាយ បានបង្ហាញថា មនុស្សប្រហែលមកតាំងទីលំនៅ ក្នុងពេលប្រហាក់ប្រហែលគ្នា។ លទ្ធផលវិភាគ​វិទ្យុសកម្មកាបូន១៤ និងធ្យូងដែលប្រមូលបាន ពីស្រទាប់ដី បញ្ជាក់ឲ្យឃើញថា មានមនុស្សរស់​នៅ​​​ប្រហែល ១២៥-៥៦២ឆ្នាំ នៃគ្រឹស្តសករាជ។ កំណាយស្រាវជ្រាវនៅភូមិសូភី និងបន្តធ្វើ​ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់ ពីរចនាសម្ព័ន្ធនៃការបញ្ចុះសព គ្រឿងសំណែន កត្តាសង្គម សេដ្ឋ​​កិច្ចរបស់មនុស្ស សិប្បកម្ម របបអាហារ ការបំលាស់ទី ព្រមទាំងការវិវឌ្ឍវប្បធម៌ របស់​មនុស្ស៕

No comments

Powered by Blogger.