Header Ads

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ នៅស្រុករលាប្អៀរ ហើយគម្រោង​នេះ ឲ្យរួចរាល់ចុងខែសីហានេះ

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖​ឌឹម គឹមហាក់


 រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីជាន់ប្រភេទ DBST នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ។

នៅក្នុងភូមិសាស្រ្ដស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវក្រាលក្រួសក្រហម ផ្លូវបេតុង ផ្លូវក្រាលកៅស៊ូ  ស្ពានបេតុង និងសំណង់សិល្បកាផ្សេងៗទៀត បាននឹងកំពុងសាងសង់ និងជួសជុលជា​បន្ត​បន្ទាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ , គម្រោង​​​ហិរញ្ញប្បទានឥតសំណង របស់សាធារណរដ្ឋប្រជាមនិតចិន និងគម្រោងដែលប្រើប្រាស់ថវិកាជាតិ ជាដើម តែក្នុងក្របខ័ណ្ឌ និងគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឆ្លើយតបសំណូម​ពររបស់​អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងតំបន់។


លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអផិវឌ្ឍន៍ជនបទ បានឲ្យដឹងថា  ផ្លូវក្រាល​កៅស៊ូពីជាន់ប្រភេទ DBST​ ដែលកំពុងស្ថាបនា នាពេលនេះ មានប្រវែង ២ ២០០ ម៉ែត្រទទឹង ៧ ម៉ែត្រ សម្រេចបាន ៨០%ហើយ គ្រោងនឹងក្រាលកៅស៊ូពីរជាន់ ឲ្យរួចរាល់នៅអំឡុងចុងខែសីហា ខាងមុខនេះ។ ផ្លូវនេះមានទីតាំងតភ្ជាប់ពីផ្លូវបេតុង គឺផ្លូវចូលទៅព្រលានយន្ដហោះ ខេត្តកំពង់ឆ្នាំង ត្រង់ចំណុចភូមិភ្នំតូច ឃុំពង្រ ទៅដល់ភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ ស្ថាបនាដោយនាយកដ្ឋានផ្លូវលំជនបទ  នៃក្រសួង​អភិវឌ្ឍន៍ជនបទ។

លោក អ៊ុក រ៉ាប៊ុន​​រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានមានប្រសាសន៍ថា ការកសាង និងស្ដារហេដ្ឋារចនា​សម្ព័ន្ធ​​ជនបទ គឺជាវិស័យអាទិភាពរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយនេះ រាជរដ្ឋាភិបាល បានផ្ដល់លទ្ធ​ភាពឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហម នៅជនបទឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរ​ជាន់​​ប្រភេទ DBST ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការធ្វើដំណើរការដឹកជញ្ជូនផលិតផល បានទាន់​ពេលវេលា​របស់ប្រជាពលរដ្ឋ។ លោក បានបន្តថា សម្ដេច នាយករដ្ឋមន្រ្ដី មានចក្ខុវិស័យវែងឆ្ងាយធ្វើយ៉ាង​ណា ដើម្បីបង្ខិតគម្លាតឲ្យកាន់តែជិតរវាងអ្នករស់នៅទីប្រជុំជន និងអ្នករស់នៅតំបន់ដាច់ស្រយាល តាម​រយៈ​​ការកសាងផ្លូវ ថ្នល់ ស្ពាននៅតាមតំបន់ជនបទ ​ដែលជាការរួមចំណែកលើកកម្ពស់​ជីវភាពរស់ នៅ​របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។                                                
លោករដ្ឋមន្រ្ដី បានបានអំពាវនាវសុំឲ្យអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន​តាមដងផ្លូវ ចូលរួមសហការថែរក្សាផ្លូវនេះ ឲ្យបានល្អនៅពេលសាងសង់រួច មិនត្រូវអនុញ្ញតឲ្យរថយន្ដ​ធុន​ធ្ងន់ ដឹកលើសទម្ងន់ កំរិតកំណត់ធ្វើចរាចរណ៍លើផ្លូវនោះទេ។ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអ្នកទទួល​ការ​សាងសង់ និងមន្រ្ដីទទួលបន្ទុកបច្ចេកទេសប្រចាំការ នៅការដ្ឋានអនុវត្តឲ្យបានត្រឹមត្រូវ តាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕

No comments

Powered by Blogger.