Header Ads

លោករដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន ប្រគេនទៀនវស្សា៤វត្ត នៅរលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំងៈ

ដោយ៖ ហុង ចំណាប់


  លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋា​នជួយខេត្តកំពង់ឆ្នាំង ព្រមទាំងសហការីបាននាំយកទៀន​ព្រះវស្សា​ ទៅប្រគេនព្រះសង្ឃ គង់​​ចាំព្រះ​វស្សាវត្តចំនួន ៤វត្ត គឺនៅវត្តបល្ល័ង្ករង្សី ហៅវត្តក្រាំងលាវ វត្តទិត្យតាំងរង្សី ហៅវត្តអណ្ដូង​ប្រេង ឃុំ​ក្រាំង​​លាវ​ ,វត្តគន្ធធិតារាម ហៅវត្តព្រាល និងវត្តស្ទឹង ស្ថិតនៅក្នុងឃុំ​បន្ទាយព្រាល ​ស្រុក​រលាប្អៀរ កាល​ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ ភូមិ ឃុំ​ ក្រាំងលាវ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ។

វត្តទាំង៤នេះ ដែលត្រូវបានទទួលទៀនព្រះវស្សា និងទេយ្យវត្ថុគ្រឿងឧបភោគបរិភោគ ព្រមទាំង​បច្ច័យ​មួយចំនួន រួមមាន វត្តបល្ល័ង្ករង្សី ហៅវត្តក្រាំងលាវ , វត្តទិត្យតាំងរង្សី ហៅវត្តអណ្ដូងប្រេង ឃុំ​ក្រាំងលាវ​ ,វត្តគន្ធធិតារាម ហៅវត្តព្រាល និងវត្តស្ទឹង ស្ថិតនៅក្នុងឃុំបន្ទាយព្រាល ស្រុករលាប្អៀរ  ដោយមួយវត្តៗទទួលបាន ទៀនវស្សា ១ គូ , អង្ករ ៥០គីឡូក្រាម ,ទឹកត្រី និទឹកស៊ីអ៊ីវ ៤យួរ , ត្រីខ ២យួរ ,ប្រេងឆា ១ធុង , ស្ករស ១គីឡូក្រាម , មី ២កេស , ទឹកបរិសុទ្ធិ ២កេស, ទឹកក្រូច ២កេស។ ដោយឡែកបច្ច័យសម្រាប់ប្រគេន ព្រះចៅអធិការវត្តទាំង ៤វត្ត មួយអង្គ ៥០០០០រៀល ព្រះសង្ឃ​មួយអង្គ ៣០០០០រៀល និងបច្ច័យសម្រាប់កសាងសមិទ្ធផលក្នុងមួយវត្ត ១០ ០០ ០០០រៀល ព្រមទាំងតាជី យាយជី ប្រជាពលរដ្ឋចូលរួមម្នាក់ៗ ទទួលបាន ១០ ០០០រៀល ។


លោក អ៊ុក រ៉ាប៊ុន ​បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី ​នៃព្រះរាជាណាចក្រកម្ពុជា ​ជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះ តែងតែ​ចូល​រួមថែរក្សាសមិទ្ធផល និងថែរក្សាសុខសន្តិភាព ជាពិសេសរួមចំណែកក្នុងការស្ដារ និងអភិវឌ្ឍន៍​ប្រទេស​ជាតិ​ជាក់ស្ដែង នៅក្នុងស្រុករលាប្អៀរនេះ។ ទាក់ទិនទៅនិងពិធីបុណ្យចូល និងចេញព្រះវស្សា  ឯកឧត្ដម មានប្រសាសន៍ថា តាមទំនាមទំលាប់ប្រពៃណីរបស់ខ្មែរយើង ថ្ងៃចូលព្រះវស្សា  និងចាប់​ផ្ដើម​​ពីថ្ងៃ ០១រោច ខែទុតិយាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី២៨ ខែ កក្ដដា ដល់ថ្ងៃទី២៤ ខែតុលា ជាថ្ងៃចេញព្រះវស្សា។ ក្នុងរយៈពេល ៣ ខែនេះ​ព្រះសង្ឃគ្រប់ទីវត្ត​អារាម​មិនអាចនិមន្តចេញ​​ទៅណាមកណាបាននោះទេ ហើយពុទ្ធបរិស័ទតែងតែនាំយកទៀនវស្សា ទេយ្យវត្ថុ និងចង្ហាន់ ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នក ដែលបានទទួលមរណ​កាលទៅ។

 លោករដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលនានា របស់រាជរដ្ឋាភិបាលក្រោមការដឹកដ៏ឈ្លាសវៃ និងនាំ​ប្រកប​ដោយគតិបណ្ឌិតរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បាននាំ​មក​​នូវសុខ​សន្តិភាព ផ្ដល់ឱកាសឲ្យបងប្អូនបានប្រារព្ធពិធីបុណ្យផ្សេងៗតាមជំនឿសាសនា។

ជាមួយគ្នា​នេះដែល ​រាជរដ្ឋាភិបាលបាននឹងកំពុងបន្តអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើនលើគ្រប់​វិស័យ តាំងវិស័យពុទ្ធចក្រ នឹងអាណាចក្រ មានសមិទ្ធផលជាច្រើនរួមមាន ផ្លូវ ស្ពាន តភ្ជាប់ពី​តំបន់​មួយ​ទៅកាន់តំបន់មួយទៀត ព្រមទាំងមានទីកន្លែងផ្ដល់សេវាសាធារណៈ នៅទូទាំងប្រទេស។
ហើយសមិទ្ធផលទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងផ្ដើមចេញពីការដឹកនាំ​ដ៏ល្អ​​ត្រឹមត្រូវ​​របស់សម្ដេចនាយករដ្ឋមន្រ្ដី។

 លោករដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបន្តបម្រើប្រជា​ពល​រដ្ឋ តាមរយៈការផ្ដល់សេវាសាធារណៈឲ្យបានរហ័ស និងទាន់ពេលវេលា ដើម្បីផ្ដល់ឱកាសជូនពួក​គាត់ បានរកទទួលទាន បង្កបង្កើនផល ជាដើម៕
                                                                                                      

No comments

Powered by Blogger.