Header Ads

ប្រវត្តពិណបុរាណខ្មែរ មានមុនសម័យអង្គរ ឥឡូវត្រូវបានផលិតឡើងវិញ ដោយសាស្ត្រាចារ្យល្បីៗ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


 ឧបករណ៍ភ្លេងខ្មែរ ជាច្រើនប្រភេទដែលកម្រមាននៅក្នុងការប្រគុំក្នុងពិធីបុណ្យទានធំៗ ស្ទើរតែបាត់បង់អស់​ទៅហើយ ​ប៉ុន្តែនាពេលថ្មីៗនេះ​លោកសាស្ត្រាចារ្យខ្មែរម្នាក់ បានផ្តួចផ្តើមផលិតឡើងវិញ នូវពិណបុរាណខ្មែរមួយ​នេះ ឲ្យរស់រានឡើងវិញ។

ឧបករណ៍ពិណបុរាណខ្មែរនេះ ធ្លាប់តែឃើញនៅតាមប្រាង្គប្រាសាទអង្គរ ប្រាសាទបាយ័ន ប្រាសាទបន្ទាយសំរែ ដែលមានភាពរស់រវើកក្នុងការប្រគុំក្នុងពិធីបុណ្យធំៗ នាសម័យកាលនោះ។


លោកបណ្ឌិត ហ៊ឹម សុភី អ្នកនិពន្ធតន្ត្រី និងជាទីប្រឹក្សារាជបណ្ឌិតសភា បានមានប្រសាសន៍ថា ឧបករណ៍​​ភ្លេង​​ពិណខ្មែរយើង មានសម្លេងស្រួយរណ្តំ ក៏ប៉ុន្តែនៅពេលលេងចូលជា មួយឧបករណ៍តន្ត្រីផ្សេងៗទៀត បែជា មានសម្លេងតិចជាង ម្លោះហើយឧបករណ៍តន្ត្រីពិណនេះ ពុំសូវមានការចាប់អារម្មណ៍ច្រើននោះទេ ក៏ប៉ុន្តែនា​ពេលបច្ចុប្បន្ននេះ ឧបករណ៍ពិណ បានចូលរួមចំណែកប្រគុំជាមួយនឹងតន្ត្រីបស្ចឹមប្រទេស។

លោក កែវ សុនន្ទ កវី ដែលជាសាស្ត្រាចារ្យ បានផ្តួចផ្តើមផលិតឧបករណ៍ពិណនេះឡើងវិញ បានឲ្យដឹងថា បើពិណបុរាណនេះ ធ្វើការប្រគុំជាមួយភ្លេងពិណពាទ្យ គឺមានសម្លេងគងធំឮច្បាស់ កប់សម្លេងពិណបាត់។ លោកសាស្ត្រាចារ្យ បានបន្តថា ពិណបុរាណយើង ដែលផលិតឡើងថ្មីនេះ ធ្វើពីខ្លឹមខ្នុរ និងចង់បានខ្សែល្អ គឺ​សសៃសូត ប៉ុន្តែយើងរកមិនបានយើងប្រើខ្សែនីឡុង ក៏ពិរោះដែរ ចំណែកស្បែកពាសអាចប្រើស្បែកគោ ឬស្បែក​ពពែក៏បាន ប៉ុន្តែបានស្បែកពស់ ពិនជាល្អមែនទែន។

ការផលិតពិណខ្មែរ ដើម្បីឲ្យឧបករណ៍បុរាណខ្មែរយើង រស់ឡើងវិញដោយសារតែ ឧបករណ៍មួយនេះ ធ្លាប់បា​ន​បង្ហាញនៅតាមប្រាង្គប្រាសាទអង្គរ ក៏ប៉ុន្តែការបង្ហាញមួយទៀត ឲ្យឃើញឧបករណ៍ពិណបុរាណនេះ នៅតាម​ប្រាសាទ សំបូរព្រៃគុក បានន័យថា ប្រវត្តិនៃពិណបុរាណខ្មែរនេះ គឺកើតមុនសម័យអង្គរទៅទៀត៕

No comments

Powered by Blogger.