Header Ads

ជាងទងខ្មែរសម័យនគរភ្នំ បានបង្ហាញឲ្យឃើញពីការផ្លាស់ប្តូរ និងភាពរុងរឿងថ្កុំថ្កើង ក្នុងវិស័យឧស្សាហកម្ម​លោហធាតុមាស


ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ជាងដែក ឬជាងទងខ្មែរនាសម័យនគរភ្នំ ដែលតពូជពង្សពីបុព្វបុរសខ្លួន នាសម័យបុរេប្រវត្តិសាស្ត្រ ចេះ​ស្ល​លោហធាតុ ដើម្បីផលិតនូវវត្ថុប្រើប្រាស់ ឬតុបតែងយ៉ាងប្រណីត ។

ឧស្សាហកម្មលោហធាតុ បានធ្វើឲ្យទម្រង់សង្គមខ្មែរ នាដើមសតវត្សរ៍ទី១ នៃគ.ស បានផ្លាស់ប្តូរ ព្រោះគេ​សង្កេត​​​ឃើញថា មានការបែងចែកប្រជាពលរដ្ឋជាក្រុមៗ ដែលមានជំនាញខុសប្លែកៗពីគ្នា ដូចជាក្រុមជាង​ដែក ជាងទង និងជាងឈើ ជាដើម នៅក្នុងសង្គមខ្មែរ។

ទន្ទឹមនឹងនេះ គេក៏បានឃើញបណ្តាញពាណិជ្ជកម្មខ្វាត់ខ្វែង ទូទាំងព្រះរាជាណាចក្រកម្ពុជា ជាហេតុដែល​បណ្តាល​ឲ្យយើងអាចសន្និដ្ឋានថា សម័យនេះ ជាសម័យរុងរឿងថ្កុំថ្កើង ក្នុងវិស័យឧស្សាហកម្មលោហធាតុ។

ដូច្នេះយើងធ្វើការផ្តោតការចាប់អារម្មណ៍ ទៅលើវត្ថុមួយចំនួនធ្វើអំពីមាស ដែលបានមកពីទីក្រុងវ្យាធបុរៈបច្ចុ​ប្បន្ន ហៅអង្គបុរី  ក្នុងខេត្តតាកែវ ។

មាស ជាលោហធាតុមួយដែលជនជាតិខ្មែរចាត់ទុកថា ជាពិសិដ្ឋ ត្រូវគេប្រើប្រាស់​ ដើម្បីសូនរូបទេវតា ឬគ្រឿង​អលង្កាផ្សេងៗ។ យ៉ាងណាមិញ មាសក៏ជានិមិត្តរូបភាពនៃភាពបរិសុទ្ធ និងអមតៈដែរ ដូច្នេះហើយបានជា​លោកហធាតុនេះ មានតម្លៃជាងអ្វីទាំងអស់ តាំងពីសម័យបុរាណរហូតដល់សព្វថ្ងៃ។
ការរកឃើញ នូវឧបករណ៍ជាងទងដូចជាពុម្ព និងក្រឡសម្រាប់ស្លមាស នៅស្រុកអង្គរបុរី បានបញ្ជាក់ថា​ប្រភពនៃជាងទងខ្មែរពិតជាកើតចេញពីតំបន់នេះមែន។

លទ្ធផលរបស់អ្នកស្រាវជ្រាវ នៃក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ  បានឲ្យដឹងថា មាសដែលជនជាតិខ្មែរបុរាណ​បានប្រើនោះមានភាព​សម្បូរ​បែបជាអតិបរិមា​ និងលក្ខណៈខុសប្លែកៗពីគ្នា។ ដំបូងបង្អស់ យើងសូមរៀបរាប់​អំពីកាក់ធ្វើអំពីមាសមួយចំនួន គឺ

វត្ថុវប្បធម៌ទាំងអស់នោះ គេមានឃើញកាក់មាសជាច្រើន ដែលជាភស្តុតាង​ នៃការប្រើជាមួយប្រទេសជិតខាង ជាពិសេសប្រទេសចិន និងនគរទ្វារវតី នៃជនជាតិមន ដែលទើបតែត្រូវបានបង្កើតឡើង នៅចុងសតវត្សរ៍ទី៦ នៃគ្រិស្តសករាជ។ កាក់មាសខ្លះ មានរូបមាន់កំពុងរងាវនៅម្ខាង​ ហើយរីឯម្ខាងទៀត មានរូបព្រះអាទិត្យរះ និងលិខ​ ឬក៏រូបខ្យងស័ង្ខជាដើម។

នៅសម័យនគរភ្នំ ការសិក្សានូវសំណល់វប្បធម៌ បានបញ្ជាក់ឲ្យយើងដឹងថា ខ្មែរយើងចេះស្លរលោហធាតុ ​ដូច​ជាដែក សំរិទ្ធឹ មាស និងប្រាក់ សម្រាប់ធ្វើឧបករណ៍ប្រើប្រាស់ និងវត្ថុសម្រាប់សក្ការៈបូជា ដូចជាព្រះបដិមា ជាដើម។ ក្នុងចំណោមរូបចម្លាក់ដែលធ្វើអំពីមាស ដែលជាវត្ថុធាតុដើម យើងអាចឃើញមាន វត្តមាន​របស់រូប​សំណាក់តំណាងព្រះអាទិទេពទាំងឡាយ ព្រមទាំងនិមិត្តសញ្ញា។ ទេវរូប ឬពុទ្ធរូប ឬក៏និមិត្ត សញ្ញាតំណាង​ព្រះ​​បដិមាតូចធំទាំងឡាយ ធ្វើអំពីមាស និងប្រាក់ មានចំនួនតិច ហើយទំហំតូច។

យើងពុំបានឃើញផ្ទាល់ទេ ប៉ុន្តែតាមសេចក្តីអធិប្បាយ​របស់អ្នកស្រុកយើង ​ឲ្យដឹងថា​ព្រះបដិមាទាំងនោះ​តំណាង​ព្រះវិស្ណុំ និងព្រះពុទ្ធអង្គប្រក់នាគ ។

ក្នុងពេលជាមួយគ្នានេះដែរ យើងក៏បានឃើញរូបសិវលិង្គមាស និងស្រោបមាសជាច្រើន ត្រូវបានគេរកឃើញ ។ តែទោះជាយ៉ាងនេះក្តី ក៏វត្ថុជាទីគោរពសក្ការៈភាគច្រើន ដែលមានចំនួនច្រើនឥតគណនា ធ្វើអំពីប្រាក់ សំណ និងស្ពាន់ ឬក៏ដែក។

អ្វីដែលគួរអោយកត់សម្គាល់ផងដែរនោះ គឺ រូបចម្លាក់មួយចំនួន​ ដែលគេប្រថាប់លើសន្លឹកមាសស្តើងៗ​ប្រើជា​យ័ន្ត ដែលភាគច្រើនត្រូវបានគរកឃើញនៅក្រោមខឿន មូលនិធិសាសនា ដូចជាបូជនីយដ្ឋានជាដើម។

ដូចពោលខាងលើ នៅលើសន្លឹកមាសទាំងអស់នោះ គេអាចឃើញនូវរូបសំណាក់​តំនាង ឲ្យព្រះអាទិទេព្យ នៃលទ្ធិពុទ្ធសាសនា បែបព្រាហ្មណ៍និយម និងពុទ្ធនិយម​ ដូចជា ព្រះពុទ្ធអង្គ ព្រះនរាយណ៍​​ព្រមទាំងនិមិត្ត​សញ្ញា ជាច្រើនដូចជា សត្វអណ្តើក ស្លឹកពោធិ៍ រូបហនុមាណកាន់ដំបង គោនន្ទិន ខ្យងស័ង្ខ  និងកង​ចក្រជាដើម។

ពាក់ព័ន្ធ និងគ្រឿងអលង្ការវិញ ដែលមានចំនួនយ៉ាងច្រើនគណនា យើងអាចសង្កេតឃើញមាន​អលង្ការ​ជាច្រើន ដូចជាក្រវិលច្រមុះ ក្រវិលត្រៀក បន្តោងក អង្កាំគ្រប់ខ្នាត ចិញ្ចៀនដៃ និងជើង។ល។
ចិញ្ចៀនមាស ទាំងអស់នោះមានដាំត្បូងធ្វើអំពីកែវ ល្ល ឬធ្វើអំពីថ្ម ដែលពីលើមានឆ្លាក់រូបគោនន្ទិន ព្រះនាង​លក្ម្សី​ ជាដើម ហើយជួនកាលគេក៏បានឃើញដែរ នូវរូបទន្សាយ ខ្យងស័ង្ខ ឬផ្កា គួរឲ្យបេតីណាស់។ ហើយ សម្ភារៈធ្វើអំពីមាសទាំងនោះ ដែលយើងរៀបរាប់ខាងលើនេះ គឺខុសពីសម្ភារៈដែលគេបានរកឃើញ នៅម្តុំ​កំពង់​ផែ​អូរកែវ និងនៅអ៊ូថង ព្រមទាំងនៅកញ្ចនៈបុរី នៅប្រទេសថៃ៕

No comments

Powered by Blogger.