Header Ads

ស្លឹកឈើ ក៏ជាឧបករណ៍តន្ត្រីបុរាណម្យ៉ាង ដែលមនុស្សតែងតែយកមកផ្លុំកំសាន្ត និងមានសម្លេងពិរោះ(ស្លឹក​ក្រវ៉ាន ស្លឹកពូច ស្លឹកជ្រៃក្រឹម ស្លឹកកំពស់)

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ស្លឹកឈើ ក៏ជាឧបករណ៍តន្ត្រីសម្រាប់ផ្លុំយ៉ាងពិរោះ ដែលមានសំនៀងប្រហាក់ប្រហែល​ទៅនឹង​មនុស្សហួសដែរ។ ស្លឹកឈើជាឧបករណ៍ភ្លេង ដែលគេមិនបានយកទៅប្រើចូលរួមជាមួយឧបករណ៍ភ្លេង ដទៃទៀតឡើយ។ វាគឺ​ជាស្លឹក​ឈើ ស្រស់សុទ្ធសាធដែលសរសៃរស់ គ្មានរោម អាចបត់បានមិនបាក់ ជាស្លឹកមានសាច់រលោក ដូចជា​ស្លឹក​ក្រវ៉ាន ស្លឹកពូច  ស្លឹកជ្រៃក្រឹម ស្លឹកកំពស់។ល។ នៅពេលផ្លុំម្តងៗ គេតែងតែយកស្លឹកស្អាតមួយមក​ពត់តាម​បណ្តាញ​ស្លឹក ហើយញាត់ទៅក្នុងមាត់ ដោយបិទបើកគួបផ្សំនឹងអណ្តាតខាងក្នុង រួមជាមួយនឹងកម្លាំងខ្យល់​បញ្ចេញ​​ពីក្នុងអាចធ្វើសំនៀងបត់បែន ទៅតាមចិត្តចង់បាន។

ស្លឹកឈើស្រពោន ឬស្ងួតក្រោម មិនអាចយកមកផ្លុំឲ្យមានសំនៀងបានឡើយ ពីព្រោះស្លឹកបែបនេះ​បាត់អស់​សរសៃ​រស់របស់វាទៅហើយ គេត្រូវការតែស្លឹកឈើបេះភ្លាមៗ យកមកផ្លុំភ្លាមៗតែប៉ុណ្ណោះ ដូច្នេះហើយបានជាគេ​មិន​​យក​ទៅ​​ប្រគំ​​រួមជាមួយនឹងឧបករណ៍ភ្លេង ដទៃក្នុងរង់ផ្សេងៗនោះឡើយ ពីព្រោះមានការលំបាក់រកស្លឹក ភ្លាមៗ និងពិបាកថែរក្សាវាទុកឲ្យបានយូរ កុំឲ្យស្រពោន កុំឲ្យស្ងួតក្រៀម។

ម្យ៉ាងទៀតស្លឹកមួយអាចផ្លុំបានតែមួយបទ ឬពីរបទប៉ុណ្ណោះ កាលណាវាទក់ គេត្រូវប្តូរស្លឹកថ្មីមួយទៀត។ ការផ្លុំ​ស្លឹក​កើតឡើងអំពីការទាក់សត្វ ឬបរបាញ់សត្វនៅក្នុងព្រៃតាំងពីបរមបុរាណមក (គ្នាតៗនិយាយ) គេផ្លុំស្លឹក​ត្រាប់​​សំឡេងសត្វ ឬហៅថាផ្លុំអែបសត្វសម្រាប់ឲ្យសត្វទាំងឡាយ ដែលឮដូចសំឡេងរបស់វា រត់មករកកន្លែងផ្លុំ ងាយគេនឹងបាញ់នឹងទាក់យ៉ាងស្រួល។

ក្រោយៗមកទើបគេយកស្លឹកមកផ្លុំជាបទ បែបនៅតាមដងព្រៃនៅពេលឃ្លាល គោ ក្របី។ល។ អ្នកផ្លុំស្លឹកច្រើន​តែជា​​អ្នកចេះច្រៀង ចេះហួច ហើយក្រៅពីគេច្រៀង គេហួច គេយកស្លឹកមកផ្លុំជំនួស ​ដើម្បីបកស្រាយមនោ​សញ្ចេតនា​​ផ្ទាល់របស់គេ នៅពេលដែលគេអផ្សុក ប៉ុន្តែគេចៀសនិងផ្លុំកំសាន្ត នៅក្នុងភូមិដែលមានអ្នកស្រុក រស់នៅទេកាលពីសម័យដើម ពីព្រោះគេមានជំនឿថា កាលណាគេផ្លុំច្បាស់ជាមានសត្វព្រៃរត់ចូលស្រុក៕

No comments

Powered by Blogger.