Header Ads

ប្រវត្តិដើមនៃស្ដេចដំបងគ្រញូង នៃខេត្តបាត់ដំបង


ដោយ៖ សេង ស៊ីដារ៉ូ


ឯកសារយោង នៃប្រវត្តិដើមស្ដេចដំបងគ្រញូង គឺ តាមពង្សាវតារប្រទេសកម្ពុជា ឬពង្សាវតារវត្តទឹកវិល ដែលនិពន្ធដោយ: ព្រះអរិយមគ្គញាណ ហាស់ ស៊ុក ( ១៨៨១ - ១៩៥៥ ) អតីតព្រះគ្រូចៅអធិការវត្ត​ទឹក​វិល ទសវត្សរ៍ឆ្នំា ១៩៤០ និងជាអតីត ព្រះគ្រូអនុគណស្រុកស្អាង ខេត្តកណ្តាល ស្រាវជ្រាវដោយ: លោក ផេង វិសុដ្ឋារ៉ា​មុនី នាមដើម ផេង សុវ៉ាន់ដា បរិញ្ញាបត្រ ឯកទេស : សង្គមវិទ្យានៃពុទ្ធិកសាកលវិ. ព្រះ​សី​ហនុរាជ។

ដំណាលនៃប្រវត្តិដើមស្ដេចដំបងគ្រញូង មានដូចតទៅ៖

ក្នុងចំណោម​ប្រជាជន​កំណែន​ទាំងនោះ​ ​មាន​បុរស​កំលោះ​ម្នាក់​ ​មាឌ​មាំ​ធំ​សម្បុរ​ខ្មៅ​ ​ឈ្មោះ​នាយ​គ្រញូង។​ ​ថ្ងៃមួយ​ ​នាយ​ញូង​ត្រូវ​ដល់​វេន​នៅ​ចាំ​ជំរុំ​ ​ហើយ​មាន​ភារៈកិច្ច​ដាំ​ស្ល​ចម្អិនម្ហូប​អាហារ ​សម្រាប់​ក្រុម​កំណែន​ឯទៀត ​ដែលចេញ​ទៅ​បំពេញការងារ។​ ​ដាំបាយ​ឆ្អិន​កាលណា​ ​នាយ​គ្រញូង​រក​អ្វី​មក​ជ្រួយបាយ​មិន​បាន​ ​នាយ​ងាកឆ្វេង​ងាកស្ដាំ​ ​ស្រាប់តែ​ក្រឡេក​ទៅ​ប្រទះ​ឃើញ​មែក​ដើម​រកា​ខ្មៅ​ ​នាយ​ក៏​ឈោង​ចាប់​យក​មែក​ដើម​រកា​ខ្មៅ​នោះ​ ​មក​ជ្រួយបាយ។​ ​រំពេច​ភ្លាម​នោះ​ ​បាយ​សស្គុស​ក៏​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ។​ ​ដោយ​ក្ដី​ហេវ​ហត់​ ​និង​ឃ្លាន​ផង​ ​នាយ​គ្រញូង​ក៏​កាយ​ញាត់ៗ​ ​បរិភោគ​បាយ​ពណ៌​ខ្មៅ​នោះ​ទាល់តែ​អស់រលីង​ពី​ខ្ទះ។​ ​

បន្ទាប់​មក​ ​នាយ​គ្រញូង​ក៏​ចាប់ផ្ដើម​ដាំបាយ​ថ្មី​សម្រាប់​សមាជិក​កំណែន​ឯទៀត។​ ​តែ​ម្ដងនេះ​ ​ដល់​នាយ​រក​មែកឈើ​ដើម​រកា​ខ្មៅ​នោះ​មក​ជ្រួយបាយ​ ​ស្រាប់តែ​មែក​នោះ​បាត់​ស្រមោល​រក​មិនឃើញ​ ​មែក​ដើម​រកា​ខ្មៅ​ដែល​បាត់​ទៅ​នោះ​ ​គេ​មិនដឹង​ឡើយ​ថា ​ជា​អន្ដរាគមន៍​ ​ទេព្តា​ ​ឬ​ខ្មោច ​អារក្ស​ ​យក​មក​ដាក់​ ​ហើយ​លាក់​បំបាំង​យក​ទៅ​វិញនោះទេ។

ដំបងគ្រញូង ពង្សាវតារ​វត្ដ​ទឹកវិល​ ​ក្នុងស្រុកស្អាង​ ខេត្តកណ្ដាល​ បាន​កត់ត្រា​ទុក​មក​ថា​ ​ដោយ​គុណបុណ្យ​បារមី​នាយគ្រ​ញូង​ត្រូវ​ឡើង​ធ្វើ​ជា​ស្ដេច ​ទើប​បានជា​ទេវតា​ចុះ​ មក​ជប់បណ្ដុះ​ឲ្យ​មាន​ដើម​រកា​ខ្មៅ​ ​ដុះ​នៅ​ចំ​កណ្ដាល​កន្លែង​ដែល​ពួក​កំណែន​របស់​នាយ​បោះជំរុំតាំងទី។​ ​ហើយ​នាយ​ញូង​ធ្លាប់​បាន​បង្គាប់​ឲ្យ​កូនចៅ​ក្រោម​បង្គាប់​ ​កាប់​ដើម​រកា​នោះ​ធ្វើ​ជា​អុស​ដុត ​នៅ​សល់​តែ​ខ្លឹម​ដើម​រកា​ខ្មៅ​ទេ​ ​ដែល​គេ​មិន​ទាន់​ដុត។ ​ហេតុ​ដូច្នេះ​ហើយ​បានជា​នៅ​ពេល​ខ្វះ​វែក​ជ្រួយបាយ​ ​នាយ​ញូង​លូកដៃ​ចាប់​យក​ខ្លឹម​រកា​ខ្មៅមកជ្រួយ។​

​គ្រានោះ​នាយ​ញូង ​អាយុ​២១​ឆ្នាំ​ គ្រាន់តែ​បរិភោគ​បាយ​នោះ​ឆ្អែត​ ​នាយ​ញូង​ក៏​ចាប់ផ្ដើម​មាន​កម្លាំង​ខ្លាំងក្លា​ ​កើនឡើង​ប្រឹសៗ​ជា​លំដាប់​ ​ដោយ​មិនដឹង​ខ្លួន​ ​គឺ​នៅ​ពេល​ដែល​នាយ​ញូង ​ចាប់​ទាញ​ពត់​មែក​ដើមឈើ​ទាល​ ​យក​មក​ដាក់​ព្យួរ​សង្រែក​បាយ​ ​ទើប​នាយ​ដឹង​ថា​ មានកម្លាំង​ខ្លាំង​អស្ចារ្យ​ស្មើនឹង​ដំរីសារ​ ប្រាំពីរ។​ ​នាយ​ញូង​អាច​ពត់​កាច់​ ​និង​ដក​ដើមឈើ​ទាល​បាន​យ៉ាង​ស្រួល​មិនបាច់​ខំ។​ ​ក្រុម​កំណែន​ទាំងអស់​កាលបើ​បានឃើញ​មហិទ្ធិឫទ្ធិ​បារមី​នាយ​ញូង​ ​ក៏​នាំ​គ្នា​បាក់បប​ខ្លបខ្លាច​ ​កោតស្ញប់ស្ញែង​ ​គោរព​បូជា​ទុកជា​អ្នកមាន​បុណ្យ។​ ​ម្នាក់ៗ​យល់​ ​និង​ជឿ​ថា​នាយ​ញូង​ជា​តួអង្គ​ព្រះបាទ​ធម្មិក​ ​ដែល​យាងចុះ​មក​ចាប់កំណើត​ជា​មនុស្សលោក​ ​ដើម្បី​ស្រោចស្រង់​ ​និង​លើក​ស្ទួយ​ដង្ហែ​ព្រះពុទ្ធ​សាសនា។​ ​ប្រជាជន​កំណែន​ទាំងនោះ​ នាំ​គ្នា​សុំ​ចុះចូល​ ​បម្រើ​​នាយ​ញូង​ ​ហើយ​សុំ​តែងតាំង​ឲ្យ​ឡើង​ធ្វើ​ជា​ស្ដេច។​ នាយញូង​ មាន​ដើម​កំណើត​នៅ​ស្រុក​សួនមង្ឃុត។​ ​ឪពុក​ឈ្មោះ​សួន​ ​ម្ដាយ​ឈ្មោះ​សែន។​ ​មុន​នឹង​នាយ​ញូង​មក​ទំ​ពោះ​ម្ដាយ​ បុរស​ជា​ឪពុក​បាន​សុបិន្តឃើញ​ព្រះ​កាល​ (ជា​ព្រះ​អាទិទេព​ផ្នែក​កាល​វេលា ឬ​ក៏​ជា​មច្ចុរាជ) យក​ដាវ​មក​ហុច​ប្រគល់​ឲ្យ។​

​លោកគ្រូ​ចៅអធិការ​វត្ដភ្នំ ​បាន​ទស្សន៍​ទាយ​ថា​ ​ប្ដី​ប្រពន្ធ​គាត់​នឹង​បានកូន​ប្រុស។​ ​កូនប្រុស​នោះ​នឹង​បាន​ឡើង​សោយរាជ្យ​ ​តែ​មិន​បាន​អាយុ​វែង​ទេ។​ ​នៅ​ពេល​ដែល​គាត់​មាន​ផ្ទៃពោះ​ ​នាង​សែន ​តែង​ចង់​បរិភោគ​ប្រមាត់ដី​ (ជា​រុក្ខជាតិ​ម្យ៉ាង​តូច​ទាប​ដូច​ស្មៅ​ ​ពណ៌​បៃតង​ ​គ្មាន​ផ្កាទេ​ ​ហើយ​​តែងតែ​យក​មក​ដាំ​ជាប់​គ្នា​រដឹក​លំអតាម​សួនច្បារ​ ជា​ស្មៅ​ពួក​ប្រមាត់​កង្កែប មាន​រស​ល្វីង​ឆ្អិត​ស្រដៀង​នឹង​រស​ទឹក​ប្រមាត់ ប្រើ​ជា​បន្លែ​ស្ល​ស្រឡក់​បាន ឬថា​ជា​សម្ល​កែ​រោគ​គ្រុន​ស្រៀវ) នាយ​សួន​ ជា​ប្ដី​តែងតែ​ទៅ​កាត់​បះ​យក​មក​ចម្អិន​ធ្វើ​អាហារ​ឲ្យ​ប្រពន្ធ​ បរិភោគ​តាម​ចំណង់​ជា​ប្រក្រតី។​

​គ្រប់​ថ្ងៃខែ​ពេលវេលា​កាលណា​ ​ថ្ងៃ៦​កើត​ ​ខែ​ពិសាខ​ ​ឆ្នាំថោះ​ ព.ស​ ១១៥៤​ ​និង​ត្រូវជា ​គ.ស ​៦១២​ ​នាង​សែន ​សម្រាល​បាន​កូន​ប្រុស​មួយ​ឈ្មោះ​ញូង។​ ​ទារក​នោះ​មាន​សម្បុរ​ខ្មៅ​ស្រអែម​ស្វាយ ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ម្ដាយ​ឪពុក​ ដាក់​ឈ្មោះ​ថា​ ​«អា​ញូង»។ ធំ​បន្ដិច​នាយ​ញូង ​បាន​ទៅ​រៀនសូត្រ​ស្វាធ្យាយ​​នៅ​វត្តភ្នំ​ជាមួយនឹង​ លោកគ្រូ​ចៅអធិការ។​ ក្នុង​ឆ្នាំ​ដែល​ ព្រះមហាក្សត្រ​តម្រូវ​ឲ្យ​កេណ្ឌ​កៀរ​ប្រជារាស្ដ្រ​មក​កាប់​ឈើ​ ​ជញ្ជូន​ថ្ម​ ​នាយ​ញូង​ ត្រូវ​បាន​ចៅហ្វាយខេត្ដ​ចាត់​ឲ្យធ្វើ​ជា​មេ​រយ​ពួក​កំណែន​ ​ហើយ​បញ្ជូន​ទៅ​បំពេញ​ការងារ​ឯ​មហានគរ។​ ​នាយ​ត្រូវ​គេ​បង្គាប់​ឲ្យ​ទៅ​កាប់​ឈើ​ ​និង​ជញ្ជូន​ថ្ម​នៅ​ជើងភ្នំ​ដងរែក​ ​ក្រុម​កំណែន​ខ្លះ​ទៀត​ក៏​មាន​ទៅ​ធ្វើការ​ឯ​ភ្នំ​គូលែន​ដែរ។​ នៅពេល​ដែល​នាយ​ញូង ​កំពុង​តែ​មានកម្លាំង​កើន​មហិមា​ ដូច​ដំរីសារ​ទាំង​ ប្រាំពីរ​ ​ស្រាប់តែ​មាន​ដំបង​មួយ​បាន​លេច​ចេញ​មក​យ៉ាង​អស្ចារ្យ។​ ​នាយ​ញូង​ រើស​យក​ដំបង​នោះ​មក​ធ្វើ​ជា​អាវុធ​ ​គឺជា​ដំបង​ឈើ​គ្រញូង​ ​មាន​ប្រវែង​ប្រាំហត្ថ​មួយ​ចំអាម។ នាយ​ញូង ​ចាប់​យក​ដំបងគ្រញូង​មក​គ្រវី​ ​វិល​ញាប់​ស្មេ​ដូច​កងចក្រ​ ​ហើយ​នាយ ​ក៏​អាច​ហក់លោត​បាន​កម្ពស់​ដល់​ទៅ ​១៥​ ហត្ថ​ដែរ។​ ​មនុស្ស​ម្នា​ទាំង​ឡាយ​​​ដែល​បានឃើញ​ឫទ្ធិ​ចេស្ដា​នាយ​ញូង​ខ្លាំង​អស្ចារ្យ​ ដូច្នេះ​ ​បាន​នាំ​គ្នា​ដាក់​ឈ្មោះ​ឲ្យ​ថា​ ​«ដំបងគ្រញូង» ជាប់​រៀង​រហូត​មក។​ ​ដឹង​ច្បាស់​ថា​ខ្លួន​មានកម្លាំងង​ខ្លាំងក្លា​ ​ពូកែ​លើស​អស់​មនុស្ស​ធម្មតា​ ​ហើយ​មាន​ឫទ្ធិ​បុណ្យ​អំណាច​ ​នាយ​ញូង ​ក៏​ចាប់ផ្ដើម​បែកគំនិត​ ​ចង់​សោយរាជ្យ​ធ្វើ​ជា​ស្ដេច​ ​ដូចដែល​ក្រុម​ជន​កំណែន​បាន​ស្នើ​សុំ។​ ​នាយ​ញូង​ ស្រែក​ប្រកាសប្រាប់​ពួក​កំណែន​ទាំងអស់​ឲ្យ​ឈប់​កាប់​ឈើ​ ដែល​សម្រាប់​យក​ទៅ​សង់​ព្រះរាជវាំង​ស្ដេច។​ ​ក្រុម​កំណែន​ទាំងអស់​ត្រូវ​កាប់​ឈើ​ធ្វើ​ដំបង​ព្រនង់​ ​នាំ​គ្នា​ប្រដាប់​អាវុធ​មានកាំបិត​ ​ដាវ​ លំពែង​ ​ពូថៅ​ ​ព្រួញ​ ធ្នូ​ ស្នា​ ​ហើយ​នាំ​គ្នា​រៀបចំ​ហ្វឹកហ្វឺន​ជា​កង ដើម្បីប្រឆាំងជាមួយស្តេចផែនដី៕

No comments

Powered by Blogger.