Header Ads

ប្រវត្តិ កោះកាពិ ទឹកដីកោះកុង និងទម្លៀមទំនាប់ ប្រចាំថ្ងៃ

ខេត្តកោះកុងៈ

ដោយ៖ សេង ស៊ីដារ៉ូ


 តាមដែលមានឈ្មោះ កោះកាពិ មកពីកោះនេះ មានកំពឹសសមុទ្រច្រើន ដែលខ្មែរខ្លះហៅថា គឺ សៀម ឬហៅថា កាពិ។ កាលពីដើម ពុំទាន់មានមនុស្សរស់នៅទេ ប៉ុន្តែក្រោយមកមានខ្មែរ-ចិត ៣-៤ គ្រួសារ​មកនៅ​​ដោយប្រកបមុខរបរធ្វើកាពិ ហើយក៏ជាប់ឈ្មោះថា កោះកាពិៗ រហូតដល់សព្វថ្ងៃ ។

កោះកាពិ ចែកជា២ប្រភេទ គឺមួយប្រភេទជាដីភ្នំ មានបណ្តោយប្រហែល ៧០០ម ទទឹងប្រហែលជាង ១០០ម ស្ថិតនៅប៉ែកខាងជើងនៃកោះ តាំងនៅទទឹងថ្ងៃ។ មួយប្រភេទទៀតជាដីទំនាប គិតចាប់ពីជើងភ្នំ​ទៅជ្រោយគយ សៀម ហៅ ឡែម ដាន គឺឡែម ថា ជ្រោយ ដាន ថាគយ ក្លាយមកជាឡាំ ដាំ មាន​បណ្តោយ​ប្រហែលជាង ២គម និងទទឹងប្រហែល ២០០ម ស្ថិតនៅប៉ែកខាងត្បូងនៃកោះ។ ខាងលិច គឺលំហរសមុទ្រឃើញទឹក និងមេឃ ហើយខាងកើត គឺព្រៃរនាម ដែលដុះសុទ្ធដើមកោងកាង លាតសន្ធឹង​បណ្តោយតាមកូកោះ។ ប៉ែកខាងជើងជាតួភ្នំមួយ មានទំហំដូចខាងលើហើយមានវត្ត១ ឈ្មោះវត្ត ប្រជុំជន ក្រោយមកកែជាវត្តសុវណ្ណបព៌ត ប៉ុន្តែគ្រាមភាសាហៅថា វត្ត កោះកាពិ។


នៅតាមជម្រាលភ្នំខាងជើង មានសាលាបឋមសិក្សាបំពេញវិជ្ជា មានមន្ទីរកងរាជតម្រួត មានក្រុមគង្គារ រុក្ខា និងនេសាទ មានសហករណ៍ខាងនេសាទ និងសាលាសង្កាត់កោះកាពិ។ នៅតាមជើងភ្នំខាងកើត​មាន​ផ្សារលក់ដូរអមផ្លូវ ២ជួរយ៉ាងវែង ដែលសង់អំពីឥដ្ឋប្រក់ក្បឿងខ្លះ និងឈើប្រក់ក្បឿង ឬស័ង្កសីខ្លះ។

ក្រៅពីនេះ មានផ្ទះ២ជួរទៀត នៅអមមាត់ព្រែក ដែលច្រើនតែសង់អំពីឈើប្រក់ស័ង្កសី និងឈើប្រក់ស្លឹក គឺជាផ្ទះអ្នកនេសាទ ប្រករបរនេសាទ។ ក្រៅពីផ្ទះលក់ដូរ និងអ្នកនេសាទ នៅមានអ្នកប្រកបអាជីវកម្ម ឯកជន​ និងអង្គការរដ្ឋផ្សេងៗ នៅលាយឡំគ្នា ដូចជាឱសថស្ថានរង ការិយាល័យនាយតំបន់ អធិការកិច្ច បឋមសិក្សា​គលានដ្ឋាន សហករណ៍ ឧបភោគបរិភោគ ក្រុមព្រះនគរបាលជាតិ រោងភាពយន្ត ដំណាង​ក្រុមហ៊ុន ណាំ-លឿង ជាសឹង្គបុរីខាការទិញត្រី-ប្រឡាក់ត្រី កន្លែងធ្វើក្រាមប្រៃ កន្លែងធ្វើត្រីងៀត កន្លែងធ្វើ​ទឹកត្រី និងធ្វើកាពិ។ នៅភាគខាងត្បូងមានសាលាស្រុកកោះកុង មានបន្ទាយកងរាជតម្រួត បន្ទាយផ្នែក​សឹក​រង និងបន្ទាយកងនាវាចរនៅជ្រោយគយ (ឡាំដាំ)។

ប្រជាពលរដ្ឋរស់នៅកោះកាពិ ១៣២ គ្រួសារ ហើយប្រកបមុខរបរសំខាន់បំផុត គឺការនេសាទ បន្ទាប់មកគឺ ការលក់ដូរ ប៉ុន្តែពុំមានប្រកបមុខរបរកសិកម្មទេ។ នៅក្នុងភូមិមានតែដើមដូង និងដំណាំស៊ីផ្លែបន្តិចបន្តួច ដូជា ជម្ពូ មៀន ត្របែក ទឹកដោះគោ។ ចំណែកភាសាវិញ គេប្រើភាសាខ្មែរ តែគេចេះចិនហៃណាំ និង​សៀម ប៉ុន្តែភាសាខ្មែរទាំងនោះ ពុំសូវច្បាស់លាស់ទេ គឺច្រើប៉ៃឡាំ តាមរបៀបអ្នករស់នៅជាយដែន។ ចំពោះ​ក្មេងៗ ជំនាន់ក្រោយវិញ ពុំចេះភាសាសៀម និងចិនទេ ហើយអាចនិយាយភាសាខ្មែរ យ៉ាងច្បាស់​លាស់  ដោយមកពីការអប់រំ នៃក្រសួងអប់រំជាតិ តាមវិធីបង្រៀនសិស្សសាលាធម្មតាផង តាមវិធីអក្ខរកម្ម​ផង ក្រោយការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្តេចព្រះប្រមុខរដ្ឋ និងជាព្រះប្រធាននៃចលនាសង្គរាស្ត្រនិយម។ ផ្នែកខាងជំនឿគេគោរពព្រះពុទ្ធសាសនា ប៉ុន្តែមានគេជឿវត្ថុសក្តិសិទ្ធិទៀតដែរ ដូចជា យាយម៉ៅ គ្រូបញ្ជាន់ និងទស្សន៍ទាយ ។

ជីវភាពពលរដ្ឋច្រើនធូរធារគ្រាន់បើ ពុំមានបញ្ហាខ្វះខាតជំពាក់ជំពិនគ្នា ចងការគ្នាតាមរបៀប៥ ជា៦ និង ១០ ជា១២ឡើយ ហើយស្ទើរតែគ្រប់ផ្ទះ គេពុំសូវរវល់ពីរឿងបិទទ្វារ-បង្អួចទេ មានផ្ទះខ្លះពុំមានទ្វារ បង្អួច​សោះផង ព្រោះគេពុំដែលទទួលគ្រោះថ្នាក់អំពើរចោរកម្ម។ រីឯសំលៀកបំពាក់វិញ មិនខុសអំពីប្រជាពលរដ្ឋ​ក្នុងខេត្តឯទៀតៗ នៅជិតរាជធានីទេ គឺពេលធ្វើការ គេស្លៀកពាក់តាមធម្មតា ប៉ុន្តែនាពេលទំនេរ ឬមាន បុណ្យទាន គេស្លៀកពាក់ហ៊ឺហា ហើយច្រើនតែរបស់មានតម្លៃផង។ ចំណែកស្រីៗ ច្រើនប្រើឆ័ត្រ និងតាំង​យូ ព្រោះស្រុកនោះសម្បូណ៍ភ្លៀង។ ចំពោះម្ហូបអាហារ  ត្រូវការប្រើម្ទេសជាចាំបាច់ តាំងពីមនុស្ស​ចាស់ រហូត​ដល់ក្មេង ទាំងប្រុស ទាំងស្រីគឺសម្លក្តី ទឹកជ្រលក់ក្តី គេដាក់ម្ទេសយ៉ាងចាស់ដៃជាទីបំផុត។

នៅកោះការពិមានវិបត្តមួយ ដែលពិបាកដោះស្រាយ គឺការខ្វះទឹកសាបទទួលទាន។ ទឹកដែលគេប្រើប្រាស់​ត្រូវដឹកយកមក តាំពីកោះកុង ឬកោះស្រឡៅ ឬគេត្រង់ដាក់ពាង នៅពេលមានភ្លៀង៕

No comments

Powered by Blogger.