Header Ads

រចនាបថភ្នំដា កើតមុនអង្គរ សុទ្ធតែបានទទួលឥទ្ធិពល ពីចរន្តវប្បធម៌ នៃសិល្បៈឥណ្ឌា


ខេត្តតាកែវៈ

ដោយ៖ សេង​ ស៊ីដារ៉ូ

សំណង់ប្រាសាទ២ប្រភេទ បានបន្សល់ទុកមកដល់សព្វថ្ងៃ ដែលតំណាងឲ្យរចនាបថថ្មដារ គឺប្រាសាទ ចោះភ្នំ និង​ប្រាសាទអាស្រមមហាឫសី ក្នុងសម័យហ្វូណន គេចាត់ទុករចនាបថភ្នំដា ជាទីតាំងប្រាសាទភ្នំដា​ មានមូលដ្ឋាននៃ​ឈ្មោះ​​រចនាបថភ្នំដា ពិតប្រាកដ។

តាមការសិក្សាស្រាវជ្រាវ ប្រាសាទអាស្រមមហាឫសី សង់នៅលើភ្នំមួយជាប់នឹងភ្នំដា មានចម្ងាយប្រមាណជា ៣០០​ម៉ែត្រ នៅបែកនីរតីនៃប្រាសាទភ្នំដា។ ប្រាសាទនេះ បន្សល់ទុកបដិមា ក្នុងរចនាបថភ្នំដា «A»​ បានសាងឡើង​ក្នុង​រវាងឆ្នាំ៥១៤ រហូតដល់ឆ្នាំ៥៣៩ នៃគ្រឹស្តសករាជ ស្ថិតក្នុងរជ្ជកាលរបស់ព្រះបាទរុទ្រវរ្ម័ន។

បដិមា ដែលស្ថិតនៅក្នុងរចនាបថនេះ មានព្រះគ្រឹស្ណៈទ្រភ្នំគោវធ៌ន ដែលប្រភពពីវត្តកោះ ព្រះវិស្ណុដៃប្រាំបី ព្រះពល​រាម ព្រះបរសុរាម មានប្រភពពីភ្នំដាព្រះពុទ្ធរូប មានប្រភពពីវត្តរំលក និងព្រះពុទ្ធ អវលោកិតេស្វរសំរឹទ្ធ មាន​ប្រភព​ពីវត្តកំពង់លួង។ សព្វថ្ងៃនេះ បដិមាទាំងអស់បានយកមករក្សាទុកដាក់តាំងបង្ហាញ នៅសារមន្ទីរជាតិទីក្រុងភ្នំពេញ ។ បដិមាក្នុងរចនាបថភ្នំដា «A» សាងឡើងពីថ្មភក់ មានរបៀបតុបតែលម្អប្រហាក់ប្រហែលគ្នា រង្វង់មុខរាងមូល​ទ្រវែង​​ភ្នែក​​ក្រឡោត ត្របកភ្នែករាងកោងស្រួច ចង្ការាងខ្លី ស្លឹកត្រចៀកវែង សក់រួញរមូលដូចគូទខ្យង ពាក់មកុដ​រាងបំពង់ (ចំពោះតែបដិមាព្រះវិស្ណុប៉ុណ្ណោះ) ចង្កេះរាងរៀវ ស្មាបើកធំ ស្លៀកសំពង់ខ្លី ខ្លះជាសំពង់ចងក្បិន សារបាប់ (ឬចរបាប់) ចាប់ភ្លីចេញពីប្រភពតែមួយ ក្បាលភ្លីរបស់សំពត់មួល ញាត់ចូលក្នុងខ្សែក្រវាត់ តូចឆ្មារ មានក្បាលរាងកំប៉ោងបន្តិច ពីខាងមុខ មានជាយផ្នត់ធ្លាក់សំយ៉ុងចុះ។ បដិមាខ្លះទៀតស្លៀកសំពត់លាតគ្មានចាប់ភ្លី ឯពុទ្ធប្បដិមាវិញ គ្រងចីវរលាតស្តើង ធម្មតាមិនមានពាក់មកុដ មិនមានប្រើចន្ទល់ទប់ដងខ្លួនបដិមាទេ។

បដិមាក្នុងរចនាបថភ្នំដា «B» បានកសាងឡើងក្នុងរវាងឆ្នាំ៥៤០ រហូតដល់ឆ្នាំ៦០០ នៃគ្រិស្តសករាជ ស្ថិតក្នុងរជ្ជ​កាល​​​របស់​​ព្រះបាទភវរ្ម័នទី១។ បដិមាសំខាន់ៗ ដែលបានរកឃើញ មានព្រះវិស្ណុ ដែលមានប្រភពពីកំពង់ចាម​ដាក់​តាំង​នៅសារមន្ទីរជាតិទីក្នុងភ្នំពេញ ព្រះហរិហរៈ ដែលមានប្រភពពីអាស្រមមហា​ឬសី ដាក់តាំងនៅសារមន្ទីរ​ហ្គីមេ ​នៃ​​ប្រទេសបារាំង។

បដិមាក្នុងរចនាបថភ្នំដា «B» កសាងឡើងពីថ្មភក់ មានរបៀបតុបតែងលម្អប្រហាក់ប្រហែលគ្នា នឹងរចនាបថភ្នំដា «A» ដែរ តែច្រើនតែមានមាឌធំ រាងមាំ ទឹកមុខញញឹម ច្រមុះរាងកោង  រង្វង់មុខមូលទូលាយ ចង្កាខ្លី ភ្នែកបើកធំ​ប្រឡោត ត្របកភ្នែកកោង ត្រចៀកវែង ពាក់មកុដរាងបំពង់ សក់រួញរមូលដូចគូទខ្យង តែរាងធំបន្តិច។ ចន្ទល់ដែល​ប្រើ​សម្រាប់ទប់បដិមា រាងដូចដែកក្រចកសេះ នៅខាងទ្រង់ទ្រាយល្អបរិបូរ អាចឲ្យគេសិក្សាវិភាគបាន។ តាម​លក្ខណៈ​​ស្ថាបត្យកម្ម ប្រាសាទអាស្រមមហាឫសី សាងសង់នៅលើភ្នំ មានប្លង់ជាការ៉េ។ ថ្មដែលយកមកសាងសង់​ប្រាសាទ ជាប្រភេទថ្មរឹងមួយប្រភេទហៅថា «ថ្មបាសាល់»។ ប្រភេទថ្មនេះ គេឃើញមានច្រើននៅខេត្តកំពង់ចាម។
ប្រាសាទអស្រមមហាឫសី មានទ្វារចូលតែមួយគត់ គ្មានទ្វារបញ្ឆោតទេ។ នៅអមសងខាងទ្វារចូល មានសសរពេជ្រ​រាងមូលលម្អដោយក្បាច់រំយោល និងក្បាច់ពងត្រី។ ពីខាងលើទ្វារចូល មានផ្តែរតូចមួយ ទ្រដោយសសរពេជ្រ លម្អ​ដោយក្បាច់រំយោលប្រទាក់គ្នា ដូចជាទឹករលក។ ហោជាងគ្មានក្បាច់ ចម្លាក់អ្វីទេ វាមានប្រហោងរាងបួនជ្រុងតូច​មួយ ដូចជាប្រហោងខ្យល់នៅចំកណ្តាល។ តាមជញ្ជាំងពីខាងមុខ និងពីចំហៀងទាំងសងខាង មានបង្អួចចំហ ដែល​តុបតែងលម្អដោយក្របពីខាងក្រៅ តែគ្មានចម្រឹងទេ។ ខាងក្នុងប្រាសាទ មានបន្ទប់នៅចំកណ្តាល ហើយមាន​ធ្លាព័ទ្ធជុំវិញខាងក្រៅបន្ទប់។ ជារួមប្រាសាទអាស្រមមហាឫសី គ្មានក្បួរក្បាច់ចម្លាក់អ្វីនៅតាមជញ្ជាំងទេ ប៉ុន្តែប្រការ​ដែល គួរអោយចាប់អារម្មណ៍ គឺប្រាសាទនេះ មានរូបរាងដូចគ្នា ទៅនឹងប្រាសាទនៅឥណ្ឌាខ្លាំងណាស់។

ចំពោះរូបបដិមា ក្នុងរចនាបថភ្នំដា គេឃើញមានទាំងបដិមាខាងលទ្ធិព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ បដិមាទាំងនោះ សាងឡើងពីថ្ម លោកហៈ និងឈើ។ ជាទូទៅលក្ខណៈបដិមា ក្នុងរចនាបថភ្នំដា មានរាងកាច់ចង្កេះ មានស្លៀកសំពត់ ឯរូបឈរត្រង់។ លក្ខណៈបែបនេះ បានចម្លងតាមគំរូសិល្បៈ ឬទទួលឥទ្ធិពលពីសិល្បៈឥណ្ឌា។ ក្នុងរចនាបថភ្នំដា សិល្បករមានបច្ចេកទេសទប់លំនឹង​បដិមារទោល ដោយប្រើជន្ទល់។

ដូចជាធ្លាក់ជន្ទល់រាងកោង ដូចដែកក្រចកសេះ នៅជាប់នឹងដងខ្លួនបដិមា ពីខាងក្រោយខ្នង ឆ្លាក់ដោយសំពង់ ឲ្យធ្លាក់ដល់ក្រោមដើម្បីទប់លំនឹង ឆ្លាក់ដំបងដែលកាន់ក្នុងដៃទាំងពីរ ពីខាងមុខឲ្យធំសម្រាប់ទ្រដងខ្លួន។ អ្នកសិក្សា​ពី​​ប្រវត្តិសិល្បៈខ្មែរ បានបែងចែកបដិមា ក្នុងរចនាបថភ្នំដា ជាពីរក្រុមគឺ រចនាបថភ្នំដា «A» និងរចនាបថភ្នំដា «B» រចនាបថទាំងពីរនេះ មានលក្ខណៈខុសប្លែកពីគ្នាបន្តិចបន្តួចប៉ុណ្ណោះ។​ ក្រោយខ្នងជាប់នឹងដងខ្លួន តាំងពីព្រះកេស​រហូតមកដល់ខាងក្រោម ឥឡូវត្រូវរួញនៅសល់ ចាប់ពីត្រឹមព្រះកេស មកដល់ត្រឹមព្រះហស្តខាងលើប៉ុណ្ណោះ។​

រាល់ប្រាសាទ និងបដិមា ដែលស្ថិតនៅក្នុងរចនាបថភ្នំដា សុទ្ធតែបានទទួលឥទ្ធិពល ពីចរន្តវប្បធម៌នៃសិល្បៈឥណ្ឌា ។ សិល្បករ មានភាពប៉ិនប្រសប់ក្នុងការកែច្នៃ និងបញ្ចេញរូបរាងរចនាបថ បានច្រើនបែបច្រើនយ៉ាង ក្នុងការកសាង​ប្រាសាទ​និងបដិមា ដើម្បីបម្រើអោយវិស័យសាសនា និងការគោរពបូជា៕

No comments

Powered by Blogger.