Header Ads

ស្វែងយល់ពីប្រវត្តិភ្លេងបុរាណខ្មែរ ក្នុងរជ្ជកាល ព្រះថោង ឬហ៊ុន ទៀន

ភ្នំពេញៈ

ដោយ៖ សេង​ ស៊ីដារ៉ូ


ឧបករណ៍ភ្លេងខ្មែរ ដែលមានដូចជា ប៉ីអ (ខ្លះគេប្រើខ្លុយជំនួសវិញ) ទ្រខ្មែរ ចាប៉ីដងវែង និងស្គរដី … ​ហើយអ្នកវាយស្គរ និងអ្នកកូតទ្រ ត្រូវតែច្រៀងផង។ ការលេងភ្លេង តាមបែបប្រពៃណីបុរាណនេះ គេមិនយកអ្នក​ភ្លេងស្រី មកលេងភ្លេងនោះទេ ពោលគឺ អ្នកលេងសុទ្ធតែប្រុសៗ ពេញវ័យ ពុំត្រូវកំប្លែងសើចផ្តេផ្តាសទេ ព្រោះភ្លេងខ្មែរនេះ គេចាត់ទុកជាភ្លេងមង្គល គេត្រូវលេងតែក្នុងមង្គលតាមប្រពៃណីខ្មែរ ដូចជា ពិធីមង្គលការ ពិធីបញ្ចេញម្លប់ជាដើម។


ក្នុងពិធីរៀបមង្គលការ អ្នកកាន់ទំនៀមទម្លាប់បុរាណ គេត្រូវជ្រើសរើសអ្នកភ្លេងនេះ ឲ្យមានរូបរាងស្អាត​ពេញ​លេញ គឺមិនពិការភ្នែក ឬអវយវៈណាមួយឡើយ ហើយអ្នកភ្លេងមានសម្លៀកបំពាក់សមរម្យ ព្រមទាំងមានវ័យ​ចាស់បន្តិចផង។ រីឯចំណែកបទដែលលេង ក៏ប្លែកខុសពីបទភ្លេងពិណពា្យដែរ។
បទភ្លេងខ្មែរយើង គឺមានទំនាក់ទំនងទៅនឹងរឿងព្រេងខ្មែរ ដូចជា បទខ្នងភ្នំ របងមាស បន្ទាយប្រាសាទ ជ្រង​ស្រងាត់។ល។ ដែលប្រើលេងនៅពេលលៀងភោជនាហារថ្ងៃត្រង់ (ក្រោយពេលស៊ីស្លាកំណត់) មានកំណើត​ឡើង​​​​​ដោយយកតម្រាប់តាម តាដុង និងយាយជ័យ ដែលបានឲ្យអ្នកភ្លេងលេងបទទាំងនោះថ្វាយអ្នកតាព្រៃ ដើម្បីលាមាត់ លា ក កាលដែលគាត់បានបន់ស្រន់ នៅពេលធ្វើដំណើតាមព្រៃទៅ រៀបការកូនស្រីឈ្មោះ នាង ត្រចើល ដោះក្រាល និង ចៅប្រមាញ់វិញស៊ុង។ កូនស្រីនេះ គាត់បានផ្ញើនឹងនាងទែន ជាប្អូនហើយវង្វេងផ្លូវ។

ចំណែកបទព្រះថោង និងបទនាងនាគ ដែលប្រគុំនៅពេលសំពះផ្ទឹមនោះ មានកំណើតឡើងក្នុងរជ្ជកាល ព្រះថោង ឬហ៊ុន ទៀន។ ព្រះអង្គបានរៀបអភិសេក ជាមួយនាង ទាវតី (លីវ យី ) បុត្រីស្តេចភុជង្គនាគ។ លុះ​ រៀប​​មង្គលការ នៅស្ថានមនុស្សរួចហើយ ស្តេចភុជង្គនាគ បាននាំព្រះថោងទៅជប់លៀងម្តងទៀត នៅស្ថាន​បាតាល។ ដោយសារព្រះថោងពុំចេះវិជ្ជាខាងជ្រែកទឹក ទ្រង់ក៏តោងកន្ទុយនាងនាគចុះទៅ ។

ដោយមានរឿងខាងលើនេះហើយ ទើបគេសន្មត់ឈ្មោះ បទភ្លេងថា បទព្រះថោង និងនាងនាគ ដែលខ្មែរយើង​យកប្រើតាំងពីដើមរហូតដល់បច្ចុប្បន្ន ព្រមទាំងមានទំនៀមឲ្យកូនប្រុស តោងជាយស្បៃកូនស្រី ចូលក្នុងបន្ទប់​ទៀត​ផង៕

No comments

Powered by Blogger.