Header Ads

ទេពអប្សរ នៅប្រាសាទអង្គរវត្ត មានរូបរាងដូចស្ត្រីខ្មែរលើ និងបានបង្ហាញឲ្យឃើញនូវទំនាក់ទំនងវប្បធម៌ និង ជាតិ​ពិន្ធុ​វិទ្យារវាងខ្មែរ កាន់វប្បធម៌ឥណ្ឌា និងកុលសម្ព័ន្ធមន-ខ្មែរ

ភ្នំពេញៈ

ដោយ៖សេង ស៊ីដារ៉ូ


 ទម្លាប់ស្លៀកប៉ឹងរបស់ជនជាតិខ្មែរលើ ជាពិសេសរបស់ស្ត្រីខ្មែរ​ ដែលមានតាំងតែពីសម័យបុរេអង្គរ និងអង្គរ ក៏ត្រូវ​បានបោះបង់ចោលបន្តិចម្តងៗ នាសម័យបច្ចុប្បន្ននេះ។ នៅសម័យអង្គរ សម្ព័ន្ធភាពវប្បធម៌រវាងខ្មែរ និងកុល​សម្ព័ន្ធខ្មែរលើ មានភាពជិតស្និតនឹងគ្នាជាទីបំផុត ។

អ្វីៗ ដែលចម្លាក់បុរាណបានបង្ហាញបញ្ជាក់ប្រាប់នោះ គឺក្នុងបរិបទសង្គមវប្បធម៌នេះ ចម្លាក់ស្រីរបាំ ឬស្រីទេព អប្សរ ចំនួនជាង​១៥០០ ត្រូវបានឆ្លាក់លម្អជញ្ជាំងប្រាសាទអង្គរវត្ត គួរឲ្យចង់គយគន់ជាអនេក។ វត្តមានរបស់​របាំ​ទាំងនោះ ពិតជាធ្វើឲ្យយើងស្គាល់ នូវបរិយាកាសសង្គមវប្បធម៌ខ្មែរនាសម័យមហានគរ កាលពី១០០០ឆ្នាំ​មុន។


សព្វថ្ងៃនេះការស្រាវជ្រាវ បានផ្តោតអាទិភាពតែទៅលើផ្នែកស្ថាបត្យកម្ម នៃប្រាសាទបុរាណ តែប៉ុណ្ណោះ។ នេះជា​កង្វះខាតមួយគប្បីយើងត្រូវបំពេញ។ ក្នុងន័យនេះ ហើយការសិក្សាអំពីសម្លៀកបំពាក់រវាងស្រីទេពអប្សរ និងជន​ជាតិខ្មែរលើ ពិសេស ​ជនជាតិបុឌិះ នៅប្រទេសវៀតណាម ខាងត្បូង នាពេលបច្ចុប្បន្ន​បានបង្ហាញឲ្យដឹងថា​ខេត្តសៀមរាប អង្គរ ក្នុងអតិតកាលពិតជាមានទំនាក់ទំនងវប្បធម៌ យ៉ាងជិតស្និទ្ធ ជាមួយកុលសម្ព័ន្ធខ្មែរលើ ទាំង​ឡាយ  ដែលរស់នៅក្នុងភូមិភាគឥណ្ឌូចិន យើងនេះ ហើយទំនាក់ទំនង ត្រូវបានលាតត្រដាង តាមលក្ខណៈ ​នៃ ប៉ឹងដែលស្រីទេពអប្សរស្លៀកនាជំនាន់នោះ ហើយដែលត្រូវគេឆ្លាក់លើជញ្ជាំងប្រាសាទអង្គរវត្ត។

ការដែលស្រីទេពអប្សរ មានតែក្រណាត់មួយចំអាម សម្រាប់គ្របកេរ្តិ៍ខ្មាស់ និងទុកដើមទ្រូងនៅទទេ ​ដោយគ្មាន អាវ​​ដណ្តប់ខ្លួននោះ ធ្វើឲ្យយើងយល់ថា នាងគឺជាជនជាតិភាគតិចកំពុងរស់ នៅក្នុងទីក្រុងដ៏រុងរឿងថ្កើងថ្កានមួយ គឺរាជបុរី ឬទីក្រុងយសោយធរបុរៈ។ ជាសក្ខីភាពមួយ បានបង្ហាញឲ្យឃើញនូវទំនាក់ទំនងវប្បធម៌ និង ជាតិ​ពិន្ធុ​វិទ្យារវាងខ្មែរ កាន់វប្បធម៌ឥណ្ឌា និងកុលសម្ព័ន្ធមន-ខ្មែរ រស់នៅក្នុងតំបន់នៃខេត្តសៀមរាប នាសម័យនោះ៕

No comments

Powered by Blogger.