Header Ads

ស្វែងយល់ៈ ប្រពៃណីកោរជុក ​ឬតាមសម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា កោរសក់ ឬកោរកំប៉ោយ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


ពិធីកោរជុក គឺជាពិធីដ៏សំខាន់មួយសម្រាប់ក្មេង ដែលរៀបនឹងពេញវ័យ ហើយពិធីកោរជុក ជាឈ្មោះផ្លូវការ ​បើតាម​សម្តីសាមញ្ញរបស់អ្នកស្រុក គេហៅថា កោរសក់ ឬកោរកំប៉ោយ ដែលក្មេងប្រុសស្រីទុកលើក្បាល ​ចាប់​តាំងពីអាយុ​៣ឆ្នាំ រហូតដល់ធំ ទើបកាត់ផ្តាច់ក្នុងពិធីកោរជុកនោះ។

គោលបំណងសំខាន់ នៃពិធីនេះ គឺដើម្បីប្រសិទ្ធិក្មេង និងសម្តែងការតបស្នងសងគុណ ដល់អ្នកម្តាយ ដែលមាន សេចក្តីលំបាកនៅពេលឆ្លងទន្លេ ឬក៏ម្តាយ បានធ្វើការបន់ស្រន់ សូមឲ្យការឆ្លងទន្លេបានទទួលនូវសុខសុវត្ថិភាព  ដោយសន្យាថ្វាយសក់ដើម្បីលាបំណន់ ឬគេអាចចាត់ទុកពិធីនេះថា ជាពិធីបង្កក់ឆ្មប់ផងដែរ។ ទោះបីជាការពិត អាចារ្យ ឬឪពុកម្តាយ គឺជាអ្នកកោរជុកឲ្យក្មេងៗ ក៏ដោយ ក៏គេឃើញថា ព្រះសង្ឃ​ជាអ្នកឧបកិច្ចធ្វើជាការកោរឲ្យ​ក្មេងៗដែរ។ ហេតុនេះ គេចាំបាច់និមន្តព្រះសង្ឃ មកចូលរួមនៅក្នុងពិធីនេះ។

ជីវប្រវត្តិ នៃពិធីកោរជុក ជាទំនៀមទម្លាប់ខ្មែរដ៏សំខាន់មួយ ដែលមានតាំងពីយូរណាស់មកហើយ។ ទំនៀម​ទម្លាប់​នេះ​  មានឫសគល់តាំងពីសម័យដែលខ្មែរ កាន់ព្រហ្មញ្ញសាសនាមកម្ល៉េះ។ សូម្បីតែរូបគំនូរ​ ក៏មាន​និយាយ​ពីពិធីនេះដែរ ជាតួរយ៉ាងនៅព្រះវិហារវត្តបូព៌ គេឃើញមានរូបគំនូររឿងរាមកេរ្តិ៍ ដែលក្នុងនោះពាលី បាន​ពអង្គទ​ទៅឲ្យតាបសឫសីកោរជុក នៅក្នុងពិធី។

នៅសម័យមុនទំនៀមទម្លាប់កោរជុក ក្នុងព្រះញាតិវង្ស ធ្វើជាទូទៅពុំអាក់ខានឡើយ។ ជាក់ស្តែងនៅដើម​ សត​វត្ស២០​ បុណ្យកោរជុកនៃព្រះអង្គម្ចាស់ ចន្ទលេខា (ព្រះរាជបុត្រ នៃព្រះបាទនរោត្តម) មានសភាពឱឡារិក​ពេកណាស់ ពោលគឺ មានរយៈពេលដល់ទៅ៧ថ្ងៃឯណោះ។ ទោះជាយ៉ាងនេះក្តី ក៏នាពេលបច្ចុប្បន្នពិធីកោរជុក ស្ទើតែវិនាសបាត់បង់ទៅហើយ ព្រោះគេឃើញមានរៀបចំម្តងម្កាល នៅតាមនិគមជនបទចខ្លះៗ ប៉ុណ្ណោះ ដូចជានៅតាមភូមិខ្លះ នៃតំបន់អង្គរ ក្នុងខេត្តសៀមរាប និងនៅភាគខាងជើង ឬ ភាគពាយព្យ នៃប្រទេស ។

កោរជុក ជាពិធីទំនៀមមួយដែលគេប្រារព្ធឡើងសម្រាប់ក្មេងតូច ឬជំទង់ (មានទាំងប្រុស និងស្រី) ដែលពុំទាន់​ពេញវ័យ​នៅឡើយ ពោលគឺ គេត្រូវធ្វើពិធីនេះ នៅមុនពេលដែលក្មេងនោះ ពេញវ័យជាដាច់ខាត។ ម្យ៉ាងទៀត គេនិយមធ្វើពិធីនេះ ទៅតាមខ្សែស្រឡាយ គ្រួសារដែលមានទម្លាប់ទុកសក់ជុក រហូតតកូនតចៅ។

គួរកត់សម្គាល់ថា គេអាចកោរជុក សម្រាប់តែក្មេងម្នាក់ក៏បាន ប៉ុន្តែដោយសារពិធីនេះ តែងមានភាពឱឡារិក​ហើយ​ត្រូវចំណាយធនធានច្រើនផងនោះ គេក៏និយមធ្វើចូលគ្នា។ បើធ្វើចូលគ្នា បែបនេះចំនួនក្មេង​ត្រូវជាចំនួន​សេស ហើយបើចំនួនជាលេខគត់វិញ គេត្រូវរកក្មេងណាម្នាក់ផ្សេងទៀត​មកអង្គុយឧបកិច្ចជាមួយគ្នានៅមុនពេល​កោរ​​ផ្តាច់​ជុក។ ក្មេងដែលត្រូវកោជុករួមគ្នានេះ ជាមធ្យមគេឃើញមានប្រមាណ៥នាក់។ រីឯអាយុក្មេង ​ក៏មិន​ខុសពី​ចំនួនក្មេងដែរ ពោលគឺ ត្រូវជាចំនួនសេសដូចគ្នា។ សូមបញ្ជាក់ដែរថា ប្រសិនបើទុកជុក (កំប៉ោយ) មួយ គេអាច​និមន្តព្រះសង្ឃពីវត្តមួយ ឬ៣វត្ត ប៉ុន្តែបើសិនជាទុកជុក៣វិញ គេត្រូវនិមន្តព្រះសង្ឃចំនួន ៧វត្ត មកចូល​រួម​​ក្នុងពិធីនេះ៕
        

No comments

Powered by Blogger.