Header Ads

ប្រពៃណីបំបួសនាគ គឺ​ដើម្បីញែកវ័យកំលោះ ឲ្យដាច់ពីវ័យក្រមុំ ពិសេស ភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ



នាគ មានន័យថា ប្រសើរ ចម្បង ឬបរិសុទ្ធ ហើយកុលបុត្រ​ដែលមានចិត្តជ្រះថ្លាបានបួសរៀន ក្នុងព្រះ​ពុទ្ធសាស​នា គឺហៅថា នាគ ព្រោះអ្នកនោះមានគំនិតបម្រុងនឹងប្រព្រឹត្តព្រហ្មចរិយាធម៌សម្រាប់បព្វជិត។​

គោលបំណងនៃពិធីបំបួសនាគនេះ ដូចយើងដឹងត្រួសៗខ្លះទៅហើយនៅចំណុចខាងលើនេះ ថា គេធ្វើពិធី​នេះ​​ឡើង​ដើម្បីញែកវ័យកំលោះ ឲ្យដាច់ពីវ័យក្រមុំ និងជាពិសេស ដើម្បីភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា ។ គោលបំណងសំខាន់ ផ្សេងទៀតនោះគឺ គេបួសរៀនដើម្បីក្រេបយកចំណេះដឹងផ្សេងៗ និងដើម្បីសងគុណ​មាតាបិតាផង។
ខ្មែរយល់ថា ការបួសជាសាមណេរ ពីអាយុ១៣-២០ឆ្នាំ គឺដើម្បីសងគុណម្តាយ ហើយការបួសជាភិក្ខុ ​ពី​អាយុ ២០ឆ្នាំឡើងទៅ គឺដើម្បីសងគុណឪពុក ។


ពិធីបំបួសនាគ គឺជាពិធីឆ្លងវ័យដ៏សំខាន់មួយសម្រាប់ក្មេងប្រុស ហើយពិធីនេះអាចឆ្លុះបញ្ចាំងថា ប្រុសដែល​ចូលក្នុងវ័យកំលោះ គេតែងញែកចេញឲ្យដាច់ពីស្រី ដែលឈានចូលដល់វ័យក្រមុំ។ ជាក់ស្តែងនៅសម័យមុន ក្នុងពេលដែលយុវតីចូលម្លប់ យុវជនប្រុសៗជាទូទៅត្រូវ ចូលបួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនា។

កត្តានេះហើយ ទើបខ្មែរយើងនិយមនិយាយថា “បួសរៀន” ហើយនៅស្រុកស្រែចម្ការ ចាស់ៗភាគច្រើនចូល​ចិត្តរាប់អានអន្ទិត ព្រោះគេយល់ថា ជាអ្នកដែលបានបួសរៀនចេះដឹង និងមានកិរិយាមារយាទល្អប្រពៃ។

ប្រវត្តិនៃពិធីបំបួសនាគ ការបួសរៀនក្នុងព្រះពុទ្ធសាសនា នៅប្រទេសកម្ពុជា មានប្រវត្តិតាំងពីយូរមកហើយ។​ក្រុមជំនុំទំនៀមទម្លាប់ខ្មែរបានបញ្ជាក់ថា ប្រជាជនខ្មែរទាំងរាស្ត្រ និងស្តេច រមែងនិយមការបួសរៀនតាំងពី​សម័យ ដែលព្រះពុទ្ធសាសនា បានផ្សាយចូលមកដល់ប្រទេសកម្ពុជាម្លេះ ដោយគេចង់ជម្រះខ្លួន ឲ្យបរិសុទ្ធ និងដើម្បីញាតិជិតខាងរួមដំណើរដង្ហែរនៃពិធីនេះ។

បំបួសនាគនេះ ជាដំបូងគេរៀបចំតុបតែងនាគ ដោយសម្លៀកបំពាក់ស្អាត និងគ្រឿងអលង្ការផ្សេងៗ​បៀប​ដូចជាព្រះសិទ្ធត្ថ ដែលរស់នៅក្នុងវាំងប្រកបដោយរាជសម្បត្តិគ្រប់យ៉ាង មុននឹងយាងទៅសាងផ្នួសផងដែរ។ បន្ទាប់ពីកិច្ចនេះចប់ ទើបគេចាប់ផ្តើមហែនាគចេញពីភូមិរៀងៗខ្លួន រហូតជួបគ្នាកើតជាក្រុមកាន់តែធំឡើងៗ ។ ជាទូទៅនាគ តែងតែជិះសេះ តែបើពុំមានសេះទេនោះ គេឲ្យនាក់ជិះកង់ដោយមានអ្នកដឹកបណ្តើរ ហើយ​តំបន់ខ្លះដែលសម្បួរដំរី (ឧ. ខេត្តសុរិន្ទ្រ) គេឲ្យនាគជិះដំរីទៀតផង។ ក្រៅពីនាគ មនុស្សដែលតាមហែហម​នាគ​នោះ​​សុទ្ធតែនាំគ្នាដើរទាំងអស់។ ទន្ទឹមនឹងនេះដែរ គេក៏មានលេងភ្លេងកំដរ ដូចជា ភ្លេងពិណពាទ្យ និង​ឆាំ​​យុំាំ​​ជាដើម រហូតចូលដល់វត្ត ដែលមានមនុស្សម្នាច្រើនកុះករ។

អ្នកស្រាវជ្រាវ ព្រះពុទ្ធសាសនា អាចរកតឹកតាំងពីសម័យបុរាណបានខ្លះដែរ ដូចយ៉ាងសិលាចារឹក នៅសសរ​ប្រាសាទអង្គរវត្ត ត្រង់ថ្នាក់កណ្តាល ពីខាងមុខបាននិយាយដល់រឿងព្រះរាជាទ្រង់បំបួសព្រះរាជបុត្រ។

តាមទំនៀមបុរាណ គេនិយមបំបួសនាគជារាស្ត្រ ក្នុងរវាងពាក់កណ្តាល ខែជេស្ឋ និងបំបួសនាគ​ជាព្រះរាជ​​វង្សា​​នុវង្ស នៅរវាងពាក់កណ្តាល ខែអាសាឍ។ លុះមកទល់នឹងរាជ្យព្រះបាទនរោត្តម ពិធីនេះ​ក៏ត្រូវបង្រួមមក​ធ្វើ​នៅក្នុង​ខែអាសាឍទាំងអស់វិញ តែគេបំបួសនាគរាស្ត្រ និងនាគរាជវង្សានុវង្ស ក្នុងថ្ងៃផ្សេងគ្នាដដែល។ ក្នុង​រជ្ជកាលក្រោយៗ មកទៀត គេនិយមធ្វើពេលជាមួយគ្នា ពោលគឺក្នុងថ្ងៃ ១៤កើត និង១៥កើតវិញម្តង។

នៅពេល​សព្វថ្ងៃនេះ យើងសង្កេតឃើញថា ពិធីបំបួសនាគ នៅតែបន្តអត្ថិភាពរបស់ខ្លួនដដែល ក៏ប៉ុន្តែយើង​ហាក់​ពុំប្រទះឃើញពិធីបំបួសនាគព្រះរាជវង្សានុវង្ស ធ្វើជាទូទៅ និងជាឱឡារឹកដូចសម័យមុនទៀតឡើយ។

ការប្រព្រឹត្តទៅនៃពិធីបំបួសនាគ គួរកត់សម្គាល់ដែរថា ពិធីបំបួសនាគនេះ គឺជារឿយៗ តែងធ្វើចូលគ្នាយ៉ាង​ឱឡារិក​ជួនកាលមាននាគ ចំនួនក្រោម១០ ហើយជួនកាលទៀតអាចឈាន ដល់ទៅរាប់សិបនាក់ក៏មានដែរ ។

បើនិយាយដោយសង្ខេប កិច្ចសំខាន់ក្នុងពេលយប់ គឺពិធីហៅព្រលឹងនាគ ហើយពិធីនេះ នឹងបញ្ចប់ទៅដោយ​កិច្ចជញ្ជត់ព្រលឹងនាពេលទាបភ្លឺ។ ក្នុងពេលធ្វើពិធីហៅព្រលឹងនេះ គេក៏មានភ្ជាប់ដោយការបង្វិលពពិល ​ឲ្យ​នាគ​​ផងដែរ ហើយនៅកន្លែងខ្លះ ដែលកាន់ប្រពៃណីខ្លាំង គែឲ្យនាគដេកលើអង្កររាបទៀតផង។ ពេលព្រឹក​ព្រលឹមគេរៀបពិធីសំខាន់មួយទៀត គឺពិធីធ្វើធ្មេញ ដោយមានភ្ជាប់ជាមួយនូវកិច្ចផ្សេងៗទៀត។

ពិធីសំខាន់ចុងក្រោយ ដែលធ្វើឲ្យនាគនឹងក្លាយជាបព្វជិតនោះ គឺកិច្ចបំបួស ដែលត្រូវធ្វើនៅក្នុងព្រះវិហារ​ នៅ ពេល​រសៀល ហើយកិច្ចនេះមាន បែបបទហ្មត់ចត់ណាស់។ កាយវិការចុងក្រោយបង្អស់ ដែលនាគលះបង់​ភាពជានាគមកជា បព្វជិតនោះ គឺត្រង់ពេលដែលឧបជ្ឈាយ៍ «ទាក់ក» នាគ ហើយនាគត្រូវដោះសំពត់ហូល សាវស្បៃ និងអលង្ការ នានា ចេញពីខ្លួនដោយមកស្លៀកស្បង់ គ្រងជីពរពេញលេញជាអ្នកបួសពិតប្រាកដ​៕

No comments

Powered by Blogger.