Header Ads

ប្រវត្តិសាស្ត្រៈ សិល្បៈសៀកខ្មែរ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


សិល្បៈសៀក ជាទម្រង់សិល្បៈទស្សនីយភាពមួយប្រភេទ ដែលមានវត្តមានតាំងពីយូរលង់ណាស់មកហើយ នៅ​ប្រទេសកម្ពុជា ហើយប្រហែលត្រូវបានរីកចំរើនយ៉ាងខ្លាំងក្លាណាស់ផងនៅ ក្នុងសម័យមហានគរ ព្រោះយើងពិនិត្យ មើលរូបចម្លាក់នៅប្រាសាទបាពួន ស្នាព្រះហស្តព្រះបាទឧទ័យទិត្យាវរ្ម័នទី២(១០៥០-១០៦៦)ឥសូរនិយម)។

​នៅប្រាសាទអង្គរវត្ត ស្នាព្រះហស្តព្រះបាទសុរិយោវរ្ម័នទី២ (១១១៣-១១៥២ វិស្ណុនិយម)​ និងចម្លាក់នៅលើ​ជញ្ជាំង​​​​ប្រាសាទ​​បាយ័ន ដែលជាស្នាព្រះហស្តព្រះបាទជ័យវរ្ម័នទី៧ (១១៨១-១២១៨ ពុទ្ធសាសនាមហាយាន) ដែល​ភាគច្រើននៃចម្លាក់ប្រាសាទនេះ ច្រើនរៀបរាប់អំពីជីវភាពប្រចាំថ្ងៃ របស់ប្រជារាស្ត្រទូទៅ ឬចម្លាក់នានា នៅ​ព្រះលានជល់ដំរី ឬព្រះលានស្តេចគំលង់ និងប្រាសាទដទៃខ្លះផងនោះ យើងឃើញមានចម្លាក់ជាច្រើន ដែលរៀប​រាប់ឆ្លុះបញ្ចាំអំពីរូបភាពសិល្បៈសៀក ក្នុងសម័យនោះ ដូចជាឈុតត្រេះបង្វិលកងរទេះដោយជើង ជាដើម។


ឈុតសំដែងលំនឹង ដោយមុស្សប្រុសម្នាក់ទ្រក្មេងបីនាក់ ដោយឲ្យក្មេងពីរនាក់ឈរជើងមួយលើបាតដៃម្ខាងម្នាក់ និង​ឲ្យម្នាក់ទៀតឈរជើងមួយដែរ លើក្បាលរបស់ខ្លួនផង។ ឈុតមនុស្សធំម្នាក់យកអង្រែមួយ ដែលមានវាយឈើខ្វែង នៅចុងខាងលើដាក់ទួលបញ្ឈរ លើក្បាលហើយឲ្យក្មេងពីរនាក់ឡើង ទៅសំដែងកាយវិកាពត់ខ្លួនសណ្តោក នៅចុង​អង្រែខាងលើនេះ។
          -ឈុតរែកបាវយ៉ាងធ្វន់ដើរសួលើខ្សែព្រ័ត្រ ឬ ខ្សែពួរ ដែលគេចងសន្ធឹងយ៉ាងតឹងលើបង្គោលខ្ពស់។

          -ឈុតជិះរទេះសេះយ៉ាងលឿន ឈរតម្រៀបជាន់លើគ្នាច្រើនជាន់។
          -ឈុតខាំកាំបិតវែងបញ្ឈរ រួចយកចុងកាំបិតខ្លីដាក់បញ្ឈរ ត្រួតពីលើកាំបិតរែងទៀត។
          -ឈុតបង្ហាញបច្ចេកទេសកាយសម្ព័ន្ធ។
          -បច្ចេកទេសរហ័ស្សកម្ម និងមានឈុតបង្ហាញពីបច្ចេកទេសបង្ហាត់សត្វ យ៉ាងច្រើនថែមទៀតផង។


ហើយឈ្មោះប្រាសាទសួព្រ័ត្រ ក៏ប្រហែលជាមានទំនាក់ទំនងនឹងទម្រង់សិល្បៈសៀក ក្នុងសម័យមហានគរ នោះផង​ដែរ ។

យើងមិនបានដឹងទេថា តើសិល្បៈសៀកនេះ នៅសម័យអង្គរគេឲ្យឈ្មោះជាអ្វី? ប៉ុន្តែយើងគ្រាន់តេ​អាចប៉ានស្មាន​បានថា ​ក្រោយពីអារ្យធម៌មហានគររលំរលាយទៅ តាំងពីក្នុងអំឡុងពាក់កណ្តាល ស.វទី១៤​មក ប្រភេទសិល្បៈ​សៀកនេះ ក៏ប្រហែលជាបានវិនាសសាបសូន្យទៅផងដែរ។

ក្រោយពេលនោះ នៅក្នុងសង្គមខ្មែរមានសល់តែបច្ចេកទេស រហស្សកម្មបន្តិចបន្តួច ដែលគេនិយមហៅថា ល្បែង​ឆ្ពិន​ភ្នែក សំដែងដោយបុគ្គលដែលមាននិស្ស័យ ពីធម្មជាតិមិនមានការរៀបចំ ឬអប់រំឡើយ ហើយដែលភាគខ្លះ បានធ្វើឲ្យមនុស្សជឿថា ជាមន្តអាគមទៅវិញថែមទៀត ដូចជា យកអង្ករបាចទៅកើតជាកំពឹសរស់​លោតព្រោងព្រាត​ពេញចង្អេរ ឬរើសស្លឹកឈើយកមកក្តាប់ញីនឹងបាតដៃ ធ្វើល្បិចសូត្រមន្ត អាគមន្តរួចផ្លុំ ហើយ​លាបាតដៃ​គេ​វិញ ចេញ​បាន​​ជាកូនសត្វកណ្តុរតូចៗ ឬអ្នកខ្លះទៀតចេះពត់ខ្លួនឲ្យទន់ភ្លន់ រហូតដល់អ្នកមើលដាក់លុយផ្ទាល់នឹងដី​ឲ្យអ្នក​នោះ​​ ពត់ផ្ងារខ្លួនអោនក្បាលមកក្រោមចន្លោះ ជើងខ្លួនខាំយកលុយនោះថែមទៀតផង។

បើតាមពត៌មានដែលយើងទទួលបាន ចាប់តាំងពីសម័យបែកអង្គរ (១៣៥៣?) រហូតមកដល់ឆ្នាំ ១៩៧០ ពោល​គឺ ពេលសង្គ្រាមស៊ីវិលដ៏កាចសាហាវ នាចុងសតវត្សរ៍ទី២០ នេះ បានផ្ទុះឡើង សិល្បៈសៀកខ្មែរ មិនដែលមានវត្ត​មាន​​ជាផ្លូវការឡើយ។

រហូតមកដល់អំឡុងឆ្នាំ ១៩៨០ ឬ ១៩៨១ គឺរយៈពេលមួយឆ្នាំ ឬពីរឆ្នាំក្រោយ ពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត  បានដួលរលំផុតទៅ ពោលគឺ ក្នុងរបបសាធារណរដ្ឋប្រជាមានិកម្ពុជា ទើបក្រសួងវប្បធម៌ខ្មែរបាន បង្កើត​ឲ្យមានក្រុមសិល្បៈសៀក ដែលបានទទួលការអប់រំរៀនសូត្របច្ចេកទេសនានា ក្នុងស្រុកផង ហើយបញ្ជូននិស្សិត​ឲ្យទៅរៀនជំនាញសៀកនេះ នៅបរទេសផង ។ គឺចាប់ពីពេលនោះមក​ ទើបប្រទេសខ្មែរយើង​មានទម្រង់​សិល្បៈ​សៀក និងមានសិល្បៈករសៀក ធ្វើសកម្មភាពសំដែងជាផ្លូវការ ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិឡើងវិញ៕

No comments

Powered by Blogger.