Header Ads

រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ពិនិត្យផ្លូវ DBST នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ

ខេត្តព្រះវិហារៈ

ដោយ៖ កញ្ញា ទេព​ សុវ៉ាត


 រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោកសួស គង់ រដ្ឋលេខាធិការ និងឯកឧត្ដមអនុរដ្ឋ​លេ​ខា​ធិការ ព្រមទាំងមន្រ្ដីបច្ចេកទេស បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែងជាង ៤៨គ.ម នៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃ១៩ ខែធ្នូ ២០១៧  ។


លោក នួន ដាញ៉ិល អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធីកែលម្អ ហេដ្ឋារចនាសម្ព័ន្ធជនបទ បានឲ្យ​​ដឹង​ថា នេះជាជំហានទី៤ ហើយ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានសាងសង់ផ្លូវក្រាលកៅស៊ូ ពីរជាន់ប្រភេទ DBST ដោយប្រើប្រាស់សហហិរញ្ញប្បទានឥតសំណង រវាង រដ្ឋាភិបាលនៃសាធារណរដ្ឋ សហព័ន្ធ​អាល្លឺ​ម៉ង់ តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់(KfW) និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវនេះ​កំ​ពុង​ដំណើរការសាងសង់ ដោយមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៦២ ត្រង់ចំណុចភូមិ បេងកោង ឃុំ ព្រះឃ្លាំង ស្រុកត្បែងមានជ័យ ដោយឆ្លងកាត់ឃុំរក្សា ក្នុងស្រុក​រវាង​ ទៅភ្ជាប់ភូមិស្អាង ឃុំស្អាង ស្រុក ជ័យសែន ខេត្តព្រះវិហារ។ លោកក៏បានឲ្យដឹងទៀតថា កម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ៤ បានអនុវត្តនៅខេត្តគោលដៅចំនួន ៤ គឺ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្ដរមានជ័យ និងដោយ​ឡែក​នៅខេត្តព្រះវិហារ បាននឹងកំពុងជម្រុញការសាងសង់ផ្លូវចំនួន ៣ខ្សែ សរុបប្រវែងជាង ៤៨ គ.ម ដែលជាលទ្ធសម្រេចបានប្រមាណ ៧០% ហើយ គ្រោងនឹងបញ្ចប់នៅបំណាច់ខែកុម្ភៈ ឆ្នាំ ២០១៨ ។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា​ បានខិតខំកសាងនូវហេដ្ឋរចនាសម្ព័ន្ធ​ដើម្បីតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត ជាពិសេស គឺកែលម្អផ្លូវនៅជនបទ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូ និងបេតុង ដើម្បីបង្កលក្ខណកាន់តែងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការ​ដឹកជញ្ជូនផលិតផលរបស់ប្រជាពលរដ្ឋ ក្នុងការលើកស្ទួយកំរិតជីវភាព របស់ប្រជាពលរដ្ឋ​ឲ្យកាន់តែប្រសើរ ឡើង ។

លោករដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ក្រុមអ្នកទទួលការសាងសង់ ព្រមទាំងមន្រ្ដី បច្ចេកទេស​ប្រចាំការនៅការដ្ឋាន​អនុវត្ត​​ឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង៕

No comments

Powered by Blogger.