Header Ads

ពិធីបើកឲ្យដំណើការគម្រោងសាកល្បង កាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ក្រោមជំនួយ​​​ហិរញ្ញប្បទាន ​​​​សហប្រតិបត្តិការចិន

ខេត្តកណ្តាលៈ

ដោយ៖ ចេង វិចិត្រ


គម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទាន សហប្រតិបត្តិការ នៃសា​ធារណរដ្ឋ​ប្រជាមានិតចិន ត្រូវបានប្រារព្វពិធីបើកឲ្យដំណើការជាផ្លូវការ នាព្រឹកថ្ងៃព្រហស្បរ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ គ.ស ២០១៧នេះ នៅភូមិចំនួន២ គឺភូមិឈើទាលភ្លោះ និងភូមិស្វាយអំពារ ក្នុងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមអជិបតីភាព ឯ.ឧ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក  លី អាន ទីប្រឹក្សាច្បាប់ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំ​នៅ​កម្ពុជា។

លោកស្រី ទេព បូរ៉ាមីន អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា យោងតាមកិច្ចព្រមព្រៀងរវាងរាជ​រដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយក្រសួងអភិវឌ្ឍន៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ​ក្រសួងពាណិជ្ជកម្មចិន គម្រោងសាកល្បងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា គ្រោងអនុវត្តរយៈពេល៣ឆ្នាំ គឺចាប់ពី​ឆ្នាំ​២០១៧ - ២០២០។ គម្រោងនេះ មានគោលបំណងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការ​បណ្តុះ​បណ្តាលជំនាញកសិកម្ម និងសិប្បកម្ម ដោយមានដំណើរទស្សនកិច្ច ដកស្រង់បទពិសោធន៍ជាក់ស្តែង នៅ​ប្រទេសចិន ការសាសង់ហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធីអភិបាលកិច្ចសហគមន៍ ការសាងសង់ស្ថានីយ៍ទឹកស្អាត ការសាង​សង់មជ្ឈមណ្ឌលសហគមន៍ ការកែលម្អផ្ទះរបស់ប្រជាជន ការសាងសង់​បង្គន់អនាម័យគ្រួសារ ការកែលម្អជីវភាពរស់ នៅរបស់ប្រជាជន និងកម្មវិធីគាំទ្រឧស្សាហកម្មជនបទជាដើម។

លោក លី អាន ទីប្រឹក្សាការិយាល័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អមស្ថានឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប៉ុន្មនាឆ្នាំកន្លងមកនេះ ដើម្បីជំរុញប្រទេសចិន និងប្រទេសអាស៊ីបូព៌ា ចែករំលែកបទពិសោធន៍ និងគំនិតវិចារណញ្ញាណកាត់បន្ថយភាពក្រីក្រ ប្រទេសចិន និងប្រទេសកម្ពុជា ជាអ្នកជិតខាងប្រកប​ដោយមិត្តភាព​ពី​បូរាណកាល ថ្ងៃនេះ រួមគ្នាបើកការអនុវត្តជាក់ស្តែងគម្រោង ​ជាគំរូនៃកិច្ចសហប្រតិបត្តិការ កាត់​បន្ថយភាពក្រីក្រ​អាស៊ី​បូព៌ា ជាការអនុវត្តជាក់ស្តែងថ្មី ក្នុងការសហប្រតិបត្តិការផ្លាស់ប្តូរ ក្នុងការកាត់បន្ថយភាព​ក្រីក្រយ៉ាងស៊ីជំរៅ នៃប្រទេស​ទាំង២ យោងតាមរយៈគម្រោងនេះ នៅក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ។

ថ្លែងក្នុងឱកាសនោះឯ.ឧ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ការកាត់បន្ថយភាពក្រីក្រ គឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងនីតិកាលទី៥ រាជរដ្ឋា ភិ បាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែចាត់ទុក វិស័យអភិវឌ្ឍន៍ជនបទ ជាវិស័យអាទិភាព​​មួយក្នុងចំណោមវិស័យអាទិភាពទាំង៤ នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់ខ្លួន ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់លើការបន្តវិនិយោគ លើវិស័យ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ។ ទន្ទឹមនឹងនេះ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុង​​ការ​​ខិត​ខំ​ជំរុញការធ្វើសមាហរណកម្មរវាងទីក្រុង និងទីជនបទឲ្យកាន់តែមានលក្ខណៈប្រសើរឡើង សំដៅ​បង្កើត​​ឡើង​នូវ​កាលានុវត្តភាពសេដ្ឋកិច្ចសង្គម ជំរុញកំណើនបរិយាប័ន្នសេដ្ឋកិច្ច និងកែលម្អជីវភាពរបស់ប្រជាជននៅតំបន់ជនបទ ឲ្យកាន់តែប្រសើរឡើង។ ការពិតតាមរយៈការកើនឡើងនៃចំណូលថវិកាជាតិ បានអនុញ្ញាតិឲ្យយើងមានលទ្ធភាព​អាច​បង្ហូរទុនវិនិយោគកាន់តែច្រើនថែមទៀត ដែលជាកត្តាដ៏ចាំបាច់សម្រាប់បង្កើន​ លក្ខណៈអំណោយផល​ដល់ការលើក​ស្ទួយ និងធានាចីរភាពនៃកំណើន ក៏ដូចជាអំណោយផលដល់ការ ផ្លែផ្កានៃកំណើននេះ ឲ្យបានទូលំទូលាយផងដែរ។

ឯ.ឧ រដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កិច្ចការអភិវឌ្ឍន៍ជនបទ គឺជាការងារពហុវិស័យដែល ទាមទាឲ្យមានការចូល រួមសហការដោយសកម្ម និងរស់រវើកពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការងារស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលរួមមានផ្លូវជនបទ ស្ពាន អណ្តូងទឹក បង្គន់អនាម័យ និងផ្សារជនបទ ពិសេសការបង្កើនប្រាក់ចំណូលបន្ថែម សម្រាប់គ្រួសារ តាមរយៈការ អភិវឌ្ឍន៍ សេដ្ឋកិច្ចសហគមន៍ជនបទ ដោយមានការគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធាន។ ជាក់ស្តែងគម្រោង ដែលកំពុងប្រកាសបើកដំណើការនេះ គឺជាកិច្ចការដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំប្រឹងប្រែង យ៉ាង សកម្មក្នុងការរៀបចំនូវយុទ្ធសាស្ត្រនានា និងកៀងគរជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាចូលរួម ចំណែក ក្នុងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ ដូចថ្ងៃនេះ យើងទទួលបានហិរញ្ញប្បទានជំនួយឥតសំណងពីភាគីចិន ក្នុងការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ នៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាលយើងនេះ៕


No comments

Powered by Blogger.