Header Ads

របាំប្រពៃណីខ្មែរ គឺសម្គាល់របាំនេះ ជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់ របស់ជនជាតិខ្មែរ

ភ្នំពេញៈ

ដោយ៖ សេង ស៊ីដារ៉ូ


របាំប្រពៃណីខ្មែរ កកើតយូរលុងមកហើយ ភាគច្រើនរបាំនេះ​ ទាក់ទងទៅនឹងជំនឿអារុក្ខអ្នកតា​ 
ដែលជាជាជំនឿ របស់ខ្មែរដើម ​ក៍ប៉ុន្តែក្នុងនោះរបាំខ្លះក៍ទាក់ទងទៅនឹងព្រះពុទ្ធសាសនាផងដែរ ដូចជារបាំក្ងោកប៉ៃលិន​ ឬរបាំត្រុដិ​ជាដើម​។

ពាក្យប្រពៃណី ឬ ប្រវេណី ឬ បវេណី មានន័យថាៈ ទំនៀមពូជពង្ស តំណវង្សត្រកូល ដូចជាការខិតខំថែរក្សា បវេណី នៃត្រកូលរបស់ខ្លួន ឬ ការនិយមធ្វើបុណ្យទានតាមប្រពៃណីជាដើម។


ឯរបាំប្រពៃណីនេះ គឺសម្គាល់របាំទាំងឡាយ ដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់មក ហើយរបស់ជនជាតិខ្មែរ ឬ ក៏ដូចជាជននជាតិដទៃទៀត ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុង​តំបន់​ខុសៗគ្នា និងមានការនិយមដូចគ្នាក្តី ឬការនិយមខុសគ្នាក្តី នៅតំបន់ភ្នំ ខ្ពង់រាប តំបន់វាលទំនាប ទន្លេមេគង្គ និងតំបន់មាត់សមុទ្រ។ ដូចជារបាំកាប់ ក្របីផឹកស្រា របស់បងប្អូនជនជាតិខ្មែរព្នង ខ្មែរគ្រឹង ខ្មែរពំពូន ដែលជឿលើជំនឿអារក្សអ្នកតា។

របាំនេះ នៅភូមិភាគឦសាន ស្ថិតនៅជាប់ជាមួយពិធីប្រពៃណីកាប់ក្របីសែន អ្នកតា ក្នុងពេលដែលអ្នកភូមិ ជួប​គ្រោះអាសន្ន ដើម្បីបំបាត់ឧបទ្រពចង្រៃ សុំសេចក្តីសុខសប្បាយ ឲ្យកើតមានដល់ស្រុកភូមិ ហើយពេលខ្លះគេ រាំសុំទឹកភ្លៀង ផងដែរ។ របាំស្នែងទន្សោង របាំសែនព្លយ និងរបាំក្ងោក ពោធិសាត់របស់បងប្អូនជនជាតិ ខ្មែរព័រ នៅតំបន់ភ្នំក្រវាញ ដែលគេតែងតែរាំថ្វាយអ្នកតាម្ចាស់ទឹកម្ចាស់ដី ម្ចាស់ព្រៃភ្នំ សុំឲ្យបានសុខសប្បាយក្នុងពេល ទៅប្រកបរបរផ្សេងៗ ដូចជា បេះក្រវាញរកជ័រ ឬមុខរបរប្រមាញ់ជាដើម ហើយសូមឲ្យប្រមូលផល បានច្រើន​ថែម​ទៀត។

របាំអារក្ខ របស់បងប្អូនជនជាតិខ្មែរឥស្លាម នៅខេត្តកំពង់ឆ្នាំង សំរាប់រាំក្នុងពិធីលៀងអារក្ខ លាបំណន់ ក្រោយពី ការបន់ស្រន់ឲ្យអ្នកជំងឺនោះ ជាការលាមាត់លា.ក សុំខមាទោស ចំពោះកំហុសឆ្គងដែលបនាប្រព្រឹត្តរួចមកហើយ ចំពោះដូនតានោះផង។

របាំក្ងោក របស់បងប្អូនជនជាតិកូឡា ដែលច្រើនមានមុខរបរជាអ្នករកត្បូងពេជ្រ។ របាំនេះច្រើនរាំក្នុងថ្ងៃសីល ឬក៏ក្នុងពិធីបុណ្យផ្សេងៗ ខាងព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខ និងរកទទួលទានមានបានផង ។

របាំគោះត្រឡោក និងរបាំកណ្តូបសេះ នៅខេត្តស្វាយរៀង ដែលជាប់នឹងពិធីអាពាហ៍ពិពាហ៍ មង្គលការកូន​ប្រុស​ស្រី ពិសេសក្នុងពិធីហែកូនកំលោះ ។
ឯរបាំបុកល័ក្ខវិញ ក៏បានដកស្រង់ចេញពីទំនៀមទំលាប់អាពាហ៍ពិពាហ៍ របស់ជនជាតិខ្មែរ ដែលជាមរតករបស់ ព្រះថោង នាងនាគ ព្រះមហាក្សត្រខ្មែរ នៅសតវត្សរ៍ទី១ នៃគ.ស ។

របាំខែល ឬរបាំវាយគួយ របស់បងប្អូនជនជាតិកួយ នៅខេត្តស្ទឹងត្រែង ដែលជារបាំមានប្រភពមកពីកីឡា ដែល ជាទំនៀមទំលាប់ សប្បាយរីករាយរបស់ជនជាតិនេះ ក្នុងពិធីបុណ្យចូលឆ្នាំប្រៃណីជាតិ។
របាំព័ទ្ធរ៉ុង នៅខេត្តកោះកុង ដែលទាក់ទងនឹងទំនៀមទំលាប់បួងសួងបន់ស្រន់ រាំថ្វាយអ្នកតា មុនពេលចេញទៅ រកជ័ររង្គ ដើម្បីសុំសេចក្តីសុខ និងបានជោគជ័យ ក្នុងការរកជ័ររង្គនេះ។

របាំព្លយសួយ និង របាំជាច្រើនទៀត ជារបស់ជនជាតិសួយ នៅខេត្តកំពង់ស្ពឺ ដែលមានជំនឿលើអារក្ខអ្នកតាដែរ ។ របាំត្រុដិ នៅខេត្តសៀមរាប និងនៅម្តុំតំនប់ជួរភ្នំដងរែក រាំក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីបំបាត់ឧបទ្រពចង្រៃ នៃឆ្នាំចាស់ និងសុំឲ្យមានមង្គលសិរីសួស្តី សុភមង្គលក្នុងឆ្នាំថ្មីថែមទៀតផង។

របាំនាងម៉ៅ ឬរបាំត្រុដិនាងម៉េវ ដែលសិល្បករនាំគ្នាសែងឆ្មា ដើររាំកាត់ស្រុកភូមិជាច្រើន ដើម្បីសុំទឹកភ្លៀង ពិសេស ក្នុងពេលដែលស្រុកទេសជួបគ្រោះរាំងស្ងួតនោះ។
ក្រៅពីនេះនៅមានរបាំប្រពៃណីជាច្រើនទៀត ដែលនៅរាយប៉ាយពេញ ទូទាំងផ្ទៃប្រទេសកម្ពុជា។
តាមការស្រាវជ្រាវរួចមកហើយ យើងសង្កេតឃើញថា ភាគច្រើន នៃរបាំប្រពៃណី នៅប្រទេសកម្ពុជា គឺសុទ្ធតែ​ទាក់ទង​ទៅនឹងជំនឿ អារក្ខអ្នកតា ជាជំនឿរបស់ខ្មែរដើម។ ប៉ុន្តែក៏មានរបាំខ្លះទាក់ទងនឹងព្រះពុទ្ធសាសនាដែរ ដូចជារបាំក្ងោកប៉ៃលិន ឬរបាំត្រុដិជាដើម ។

ម្យ៉ាងទៀតដោយសង្កេតឃើញថា មានរបាំ និងពិធីប្រពៃណីមានលក្ខណៈ ដូចគ្នាទាំងស្រុងនៅកម្ពុជា និងនៅ​ប្រទេសដទៃទៀត ស្ថិតនៅក្នុងតំបន់ជាមួយគ្នា ដូចជា របាំគោះត្រឡោក របាំគោះអង្រែ ល្បែងប្រពៃណីចាប់​កូន​ខ្លែង ឬ លាក់កន្សែង ជាដើមនោះ ទើបអស់លោកអ្នកប្រាជ្ញ អ្នកស្រាវជ្រាវទាំងឡាយយល់ថា របាំប្រពៃណី ឬពិធីប្រពៃណីទាំងនេះ ជាមរតកវប្បធម៌ រួមគ្នារបស់ជនជាតិទាំងឡាយ ដែលស្ថិតក្នុងអំបូរអូស្តូរអាស៊ី (វប្បធម៌​អាស៊ីភាគខាងត្បូង) ដែលបានយោនយកកំណើត ច្រើនពាន់ឆ្នាំមកហើយ នៅអាស៊ីភាគខាងត្បូង ពិសេស នៅ​តាមជួរភ្នំនានា ឬតាមកោះនានា ដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍នេះតែម្តង។

ចំពោះការសិក្សារស្រាវជ្រាវរបាំប្រពៃណី នៅប្រទេសកម្ពុជាវិញ យើងទើបតែបានចាប់ផ្តើមធ្វើ ឡើងនៅ​ក្នុង​អំឡុង​ឆ្នាំ ១៩៦០ ប៉ុណ្ណោះ ក្រោមព្រះតំរិះ និងព្រះរាជកិច្ចឧបត្ថម្ភរបស់ព្រះមហាក្សត្រី យានីកុសុមនារីរតន៍ សិរីវឌ្ឍនា ដែលទ្រង់សព្វព្រះរាជហឫទ័យ ថែរក្សារការពារ និងលើកតម្កើងវប្បធម៌អត្តសញ្ញាណជាតិ ឲ្យខ្ពស់ត្រដែតឡើង។

ក្រុមអ្នកស្រាវជ្រាវនេះ ដឹកនាំដោយលោកព្រឹទ្ធាចារ្យ ឆេង ផុន ដែលកាលណោះ លោកបាននាំក្រុមស្រាវជ្រាវ ធ្វើ​ការសិក្សារបាំប្រពៃណីជាតិ និងជនជាតិជាច្រើន នៅទីកន្លែងដូចជាភូមិភាគពាយ័ព្យ ភូមិភាគនីរតី និងឦសាន នៃប្រទេស ដែលមានជនជាតិរស់នៅច្រើន។

ហើយលទ្ធផល នៃការស្រាវជ្រាវនោះវិញ គឺបានលទ្ធផលល្អប្រសើរ ដោយយើងអាចហាត់រៀនចំឡង ពីប្រជា ជនបាននូវរបាំប្រពៃណីជាច្រើន ដូចដែលយើងបានថែរក្សារទុក នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និង នាយកដ្ឋានសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ តាមខេត្តនានា។ ម្យ៉ាងទៀតគឺ​ចេញពីការ ចាប់ផ្តើមស្រាវជ្រាវដំបូងនោះ ហើយដែលបង្កើត ឬប្រមូលបាននូវបទពិសោធន៍ សំរាប់អ្នកស្រាវជ្រាវជំនាន់​បន្ត​មកទៀត ដែលពេលខ្លះបានធ្វើការសិក្សា ចងក្រង និងដំឡើងរបាំប្រពៃណីថ្មីៗ ខ្លះទៀតផងដែរ៕

No comments

Powered by Blogger.