Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ នៅស្រុកសូត្រនិគម មានថវិកាសរុប ១៩២,៧១ លានដុលារអាមេរិក

ខេត្តសៀមរាបៈ

ដោយ៖ ឌឹម គឹមហាក់


រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  រួមដំណើរដោយ លោកសួស គង់ រដ្ឋលេខាធិការ និងឯកឧត្ដមអនុរដ្ឋលេខាធិការ ព្រមទាំងមន្រ្ដីបច្ចេកទេស បានអញ្ជើញចុះទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ចំនួនមួយខ្សែប្រវែង១៧គ.ម នៅស្រុកសូត្រនិគម ខេត្តសៀមរាប ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។


 លោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប បានឲ្យដឹងថា ផ្លូវដែលកំពុងស្ថាបនានាពេលនេះ មានទី តាំងតភ្ជាប់ពីផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិខ្ចាស់ ឃុំខ្ចាស់ ដោយឆ្លងកាត់ឃុំចាន់ ស និងឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ជាផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ដោយស្ថាបនាក្នុងក្របខ័ណ្ឌ គម្រោងកែលម្អផ្លូវជនបទជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ លទ្ធផលការងារឈូសឆាយសម្រេចបាន ១០០% ការងារលើកតួរផ្លូវ ៣១% ការងារលើកដីស្រទាប់គ្រឹះរង ៦១% ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៨។ លោកប្រធានមន្ទីរ បានបន្តទៀតថា  នៅក្នុងខេត្តសៀមរាប ក្នុងគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលកំពុងដំណើរការ ការដ្ឋានផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST មានចំនួន ៦ខ្សែ សរុប ប្រវែង ១២២ គ.ម ក្នុងនោះមាន ផ្លូវពីស្រែណយទៅប្រាសាទ ក្នុងស្រុកវ៉ារិនប្រវែង ៣៣,៣ គ.ម ផ្លូវពីខ្នារ ទៅកែវព័ណ៌ក្នុងស្រុកពួកប្រវែង ១០ គ.ម ផ្លូវពី ចារឈូក ទៅមោងក្នុងស្រុកអង្គរជុំ និងស្រុកស្រីស្នំប្រវែង ២១,៦ គ.ម  ផ្លូវពីតាសោម ទៅគោកដូង ក្នុងស្រុកអង្គរជុំប្រវែង ១០,៦ គ,ម  ផ្លូវពីស្រុកអង្គរជុំទៅស្រុកពួកប្រវែង ២៩,៥គ.ម និងផ្លូវពីឃុំខ្ចាស់ទៅឃុំខ្នារពោធិ៍ ស្រុកសូត្រនិគម ប្រវែង១៧គ.ម ដែលកំពុងដំណើរការនាពេលនេះ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ   បានមានប្រសាសន៍ថា គម្រោងកែលម្អផ្លូវជនបទជំហានទី២ ជាគម្រោងរបស់រាជរដ្ឋាភិបាល គ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដោយធ្វើការកែលម្អផ្លូវក្រាលក្រួសក្រហម នៅជនបទ ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST ដើម្បីបង្កលក្ខណងាយស្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ ប្រជាពលរដ្ឋនៅក្នុងខេត្តគោលដៅទាំង១០ ងាយស្រួលទៅកាន់ទីផ្សារ ស្វែងរកការងារធ្វើ ងាយស្រួលក្នុងការទទួលបានសេវាសង្គម។ គម្រោងនេះ បានផ្ដោតការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសង្គម និងធ្វើឲ្យមានភាពធន និងការបម្រែបម្រួល អាកាសធាតុផងដែរ។

លោក រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ   បានបន្តទៀតថា គម្រោងកែលម្អផ្លូវជនបទជំហានទី២ មានរយៈពេល ៦ឆ្នាំ ចាប់ផ្ដើមពីឆ្នាំ២០១៥ ដល់ ឆ្នាំ២០២០ មានថវិកាសរុប ១៩២,៧១ លានដុលារអាមេរិក ក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ធនាគារអាហរ័ណ នីហរ័ណកូរ៉េ (Kexim Bank) រដ្ឋាភិបាលអូស្រ្ដាលី (Auѕtrаlіаn Gоvеnеmеnt ) មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)  និងមូលនិធិអាកាសធាតុជាយុទ្ធសាស្រ្ដ (Strаtеgіеѕ Clіmаtе Fund )សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទDBST សរុបប្រវែង ១ ២០០ គ.ម   នៅក្នុងខេត្តគោលដៅទាំង ១០ គឺ ខេត្តត្បូងឃ្មុំកំពង់ចាម តាកែវ កំពង់ស្ពី កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យខេត្តកំពង់ធំ និងខេត្តសៀមរាប។ ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា រាជរដ្ឋាភិបាលដែលមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្រ្ដីនៅតែបន្តអនុវត្តនយោបាយ ហេដ្ឋារចនាសម្ព័ន្ធដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើដំណើរដឹកជញ្ជូនផលិតផលនិងទំនាក់ទំនងទៅកាន់តំបន់ទទួលសេវាសាធារណៈទាន់ពេលវេលា។

លោករដ្ឋមន្រ្ដី បានអំពាវនាវសុំឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋដែលមាន លំនៅដ្ឋានតាមដងផ្លូវ ចូលរួមសហការឲ្យបានល្អជាមួយអ្នកទទួលការសាងសង់ ព្រមទាំងបានផ្ដាំផ្ញើ ដល់មន្រ្ដីបច្ចេកទេសប្រចាំការនៅការដ្ឋានអនុវត្តឲ្យបានត្រឹមត្រូវតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ដើម្បីធានាបានទាំងគុណភាព និងសោភ័ណភាព ៕

No comments

Powered by Blogger.