Header Ads

សិប្បកម្មតម្បាញ គឺមានប្រវត្តិដ៏យូរលង់ មុនគេបង្អស់ នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ឥឡូវបានក្លាយទៅជាមុខរបរពិតប្រាកដ ក្នុងការលើកស្ទួយសេដ្ឋកិច្ចសង្គម





តាកែវៈ

ដោយ៖ ចេង វិចិត្រ


 សិល្បៈចំលាក់ ក៏ជាមុខរបរមួយនៅក្នុងផ្នត់គំនិតកូនខ្មែររបស់យើង ដែលដូនតាបន្សល់ទុក រាប់រយឆ្នាំមកហើយដល់កូនចៅជំនាន់ក្រោយ។ ហើយយ៉ាងណាមិញសិល្បៈតម្បាញនេះ គឺមានប្រវត្តិយូយារណាស់មកហើយ តាំងពីសម័យមុនអង្គរទៅទៀត ក្នុងទេពកោសល្យដ៏ប៉ិនប្រសព ក្នុងការអង្រួន កីតម្បាញសំរាប់ផលិត ជាសំលៀក បំពាក់ប្រើប្រាស់ រហូតមកដល់បច្ចុប្បន្ននេះ។

សិប្បកម្មតម្បាញ គឺមានប្រវត្តិដ៏យូរលង់មុនគេបង្អស់នៅក្នុងទឹកដីស្រុកបាទី ខេត្តតាកែវ ដោយបានបន្ត ស្នាដៃតម្បាញពីដូនតា ពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីឲ្យកូនខ្មែរជួយរក្សាការពារ និងលើកស្ទួយកេរ្តិ៍មរតកនេះ ឲ្យបានគង់វង្សជារៀងរហូត។

 បើយើងធ្វើដំណើរតាមបណ្តោយ ផ្លូវជាតិលេខ២ មកដល់ផ្សារចំប៉ក់ ហើយបត់ចូលតាមផ្លូវលំ ទៅក្នុង ប្រមាណជាង ៧គីឡីម៉ែត្រ យើងនឹងបាន ទៅដល់ឃុំមួយឈ្មោះថា ឃុំពារាម ក្នុងស្រុកបាទី ខេត្តតាកែវ បើយើងក្រលែកមើលទៅតាមផ្ទះនីមួយៗ ពេលនោះយើងនឹងឃើញមានកីតម្បាញ និងលឺស្នូរសំលេង ត្បាញកីឆឹកៗ ឲ្យរងុំត្រចៀករបស់ដែលបានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវនោះ។

ស្ថិតនៅពីមុខកីតម្បាញ មានបងប្រុសម្នាក់ ដែលមានឈ្មោះ កែង កង ហើយរូបគាត់ពេលនោះ កំពង់តែធាក់កីតម្បាញហូលផាមួងមួយ តែរឹកពាស្វាហាប់ ហើយរូបគាត់ធ្វើបណ្តើរ និងនិយាយបណ្តើរ ជាមួយអ្នកពត៌មានយើងថា មុខរបរត្បាញ ហូលផាមួងនេះ រូបគាត់បានធ្វើវាអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយចេះត្បាញ ទាំងហូលផាមួង របស់បុរស ឬស្ត្រី។ ចំណែកក្នុងគ្រួសាររបស់គាត់ ចេះតម្បាញកីនេះ ទាំងកូន ទាំងប្រពន្ធ និងសាច់ញាតិផ្សេងៗទៀត។

លោក កែង កង បានបរិយាយអំពីរបៀបត្បាញហូលនេះថា ការត្បាញហូលផាមួង ១កី ត្រូវប្រើពេលយូរណាស់។  ត្រង់ឃ្លានេះ ត្រូវបានអ្នកយកពត៌មានសួរបន្ថែមទៀតថា តើការត្បាញហូលផាមួងនេះ អាចត្រូវប្រើពេល ១ថ្ងៃ បានទេ?  ពេលនោះរូបលោក បានភ្លាត់មាត់និយាយថា មិនបានទេ ក្នុងការត្បាញហូល ១កី ត្រូវការប្រើពេលយូរ យ៉ាងហោចណាស់ ក៏១០ថ្ងៃដែរ។ ព្រោះមុខរបរនេះ សាមញ្ញ នៅតែក្នុងផ្ទះ ក្នុងម្លប់ មិនបាច់ធ្វើចំណាក់ ស្រុក ហើយក៏បានជួយយិតយោងច្រើន ដល់ជីវភាពប្រចាំថ្ងៃផងដែរ។

តាមរយៈ អ្នកស្រីឈ្មោះ អាម៉ាច រស់នៅក្នុងភូមិជាមួយគ្នា ដែលមានបទពិសោធន៍ក្នុងការត្បាញហូលផាមួង បានឲ្យដឹងបន្ថែមទៀតថា ពេលមានការវិវត្តន៍ច្រើន ទៅនឹងតម្បាញហូលផាមួងនេះ អ្នកតម្បាញបានធ្វើការកែច្នៃប្រឌិត  ឲ្យកាន់តែល្អប្រសើរឡើងជាងមុន ដូចជាមានរូបភាពគោមបន្តក់ ឬហូលលាត ហើយតម្លៃវិញ ក៏ទៅតាមប្រភេទនៃការកែច្នៃលំអរ ដោយសិប្បករអាម៉ាចនិយាយថា ក្នុងហូលលាតមួយថ្លៃ៩០ដុល្លារ ទៅ ១០០ដុល្លារ ហើយគោម បន្តក់ហូលថ្លៃ១៣០ដុល្លារ ដោយបច្ចុប្បន្នមានអ្នកនិយមប្រើប្រាស់ហូលលាតច្រើន អាស្រ័យដោយ សារមានតម្លៃទាប។ អាជីវកម្មតម្បាញជាលក្ខណៈគ្រួសារនេះក្នុងមួយឆ្នាំៗ អាចលក់បានប្រមាណ ២០០០ដុល្លារ ដែលជួយដល់ជីវភាពគ្រួសារអោយធូរធាបាន។

តាមតួរលេខ អ្នកតម្បាញក្នុងឃុំពារាមនេះ មាននៅសល់តែ ៣០% ដែលពីដើមមកមានរហូតដល់ ៧០% ដែលប្រកបមុខរបរនេះ ហើយសិល្បៈតម្បាញនេះ បានក្លាយជាអត្តសញ្ញាណជាតិមួយ បន្តពីមនុស្សជំនាន់មុន ទៅដល់មនុស្សជំនាន់ ក្រោយទៀត ប្រែក្លាយជាមុខរបរមួយដ៏ពិតប្រាកដ សម្រាប់សង្គមជាតិ៕

No comments

Powered by Blogger.