Header Ads

លោក លឹម សុខសុផៃ នាយកផ្នែកព័ត៌មានវិទ្យា នៃក្រុមហ៊ុនសែលកាត ទទួលបានពានរង្វាន់អាស៊ាន CIO AWARDS ២០១៧

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


នាយកផ្នែកព័ត៌មានវិទ្យារបស់សែលកាត មានកិត្តិយសទទួលបានពានរង្វាន់ ជាអ្នកដឹកនាំដ៏ឆ្នើមបំផុតម្នាក់ ក្នុងវិស័យព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មាន នៅក្នុងកម្មវិធីអាស៊ាន CIO Awards (Chief Infоrmаtіоn Offісеrѕ)ឆ្នាំ ២០១៧ កាលពីថ្ងៃទី១០ ខែតុលា កន្លងទៅនេះ។

ពានរង្វាន់អាស៊ាន CIO គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលរៀបចំឡើងដោយ IDG (The International Dаtа Grоuр) អាស៊ាន ដែលប្រមូលផ្តុំមេដឹកនាំលើវិស័យព័ត៌មានវិទ្យា និងសន្តិសុខព័ត៌មាន ដែលកំពុង មានឥទ្ធិពល នៅក្នុងអង្គភាព និងសហគមន៍របស់ខ្លួន។ ក្នុងនោះមានវិស័យហិរញ្ញវត្ថុ អប់រំ សុខភាព និង ទូរគមនាគមន៍។ ពានរង្វាន់នេះគឺ ផ្ដល់ឲ្យដល់សមិទ្ធផលណាដែលឆ្នើម និងមានភាពប៉ិនប្រសប់ ក្នុងការទ្រទ្រង់អាជីវកម្ម កាត់បន្ថយហានិភ័យអាជីវកម្ម និងបង្កើនឱកាសអាជីវកម្មនៅក្នុងសហគ្រាស ទាំងសហគ្រាសរបស់រដ្ឋ និងឯកជន។

ការវាយតម្លៃរបស់បេក្ខជនគឺ ផ្អែកលើលក្ខណៈវិនិច្ឆ័យ ដែលមាន ៣កម្រិត គឺ “ល្អណាស់’’ (៣ពិន្ទុ) “ល្អ” (២ពិន្ទុ) និង “មធ្យម” (១ ពិន្ទុ) ហើយលក្ខខណ្ឌក្នុងការវាយតម្លៃពានរង្វាន់អាស៊ាន CIOគឺមានចំណុចសំខាន់ៗដូចជា មាត្រដ្ឋាននៃអង្គភាព សមត្ថភាព និងបទពិសោធន៍របស់បេក្ខជន បទបង្ហាញពីគម្រោង និងផលវិបាក រួមជាមួយនឹងទំនួលខុសត្រូវសង្គម ដោយមានក្រុមគណៈកម្មការធ្វើការកាត់សេចក្ដី នៅវគ្គផ្ដាច់ព្រ័ត។

ឆ្នាំនេះពិធីប្រគល់ពានរង្វាន់អាស៊ាន CIO បានប្រារព្ធឡើង កាលពីថ្ងៃទី០៦ ខែតុលាឆ្នាំ ២០១៦ នៅសណ្ឋាគារ Mеlіа Hаnоі ប្រទេសវៀតណាម។ ជាមួយនឹងបទពិសោធន៍ការងាររយៈពេល ១៤ឆ្នាំ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។

លោក លឹម សុខសុផៃ នាយកផ្នែកព័ត៌មានវិទ្យា របស់សែលកាត បានបម្រើការងារនៅក្នុងក្រុមហ៊ុនសែលកាតតាំងពីឆ្នាំ២០០៣ ហើយលោកបានបន្តបង្ហាញពីភាពខ្លាំងរបស់ខ្លួន រហូតក្លាយជាថ្នាក់ដឹកនាំកម្រិតខ្ពស់មួយរូប នៅក្នុងស្ថាប័ន ដែលបច្ចុប្បន្ននេះ លោកជានាយកផ្នែកព័ត៌មានវិទ្យា នៃក្រុមហ៊ុន សែលកាត។

នាយកផ្នែកព័ត៌មានវិទ្យារបស់សែលកាត បានបង្ហាញចំណាប់អារម្មណ៍ថា «ពានរង្វាន់អាស៊ាន CIO Awаrdѕ ឆ្នាំ ២០១៧ គឺជាសមិទ្ធផលមួយដែលខ្ញុំគិតថាវាពិតជាអស្ចារ្យ ហើយវាមិនមែនជាសមិទ្ធផលរបស់ខ្ញុំតែម្នាក់នោះទេ ប៉ុន្តែវាជាការសម្រេចបានសម្រាប់ក្រុមរបស់ខ្ញុំ និងសែលកាតទាំងមូល»។

«ពានរង្វាន់នេះ គឺជាភស្តុតាងនៃសមិទ្ធផលការងារដ៏អស្ចារ្យ និងប្រកបដោយភាពច្នៃប្រឌិត នៃក្រុមព័ត៌មានវិទ្យា ទាំងមូលដោយមានការជ្រោមជ្រែង និងលើកទឹកចិត្តពីថ្នាក់ដឹកនាំខាងលើ របស់ក្រុមហ៊ុន។ គោលដៅសំខាន់របស់យើង គឺផ្តល់ជូននូវសេវាទំនាក់ទំនងចល័ត ដ៏ល្អឥតខ្ចោះជាមួយនឹងបទពិសោធន៍ ប្រើប្រាស់ដ៏ល្អបំផុតដល់អតិថិជនរបស់យើង»។

លោក លឹម សុខសុផៃ បានប្រាប់ថា ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមកម្មវិធីឆ្នាំនេះ ហើយជាពិសេសនោះ គឺមានឱកាសនាំយកនូវការទទួលស្គាល់ថ្មីមួយទៀតដល់ក្រុមហ៊ុនសែលកាត។

ក្រៅពីពានរង្វាន់នេះ សែលកាត ក៏ធ្លាប់បានឈ្នះពានរង្វាន់ ៦ ឆ្នាំជាប់គ្នារួចមកហើយជាពានរង្វាន់ក្រុមហ៊ុនឆ្នើមបំផុតនៅអាស៊ី តាំងពីឆ្នាំ ២០១២ រហូតដល់ឆ្នាំ២០១៧។ ហើយត្រូវបានគេទទួលស្គាល់ ជាក្រុមហ៊ុនដែលផ្ដោតសំខាន់លើការវិវឌ្ឍរបស់បុគ្គលិក ព្រមទាំងលើកកម្ពស់ឲ្យមានតុល្យភាពការងារ និងជីវិតផ្ទាល់ខ្លួន។ ជ័យលាភីពានរង្វាន់អាស៊ាន ដែលផ្ដល់ឲ្យដោយស្ថាប័ន IDG នេះ បានសបញ្ជាក់ពីផលវិជ្ជមានដែលកើតចេញពីថ្នាក់ដឹកនាំគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន។

នាពេលថ្មីៗនេះស្ថាប័ន IDG ក៏បានផ្តល់ពានរង្វាន់ ដល់ក្រុមហ៊ុនសែលកាតថា ជាក្រុមហ៊ុនទូរគមនាគមន៍ជាទីទុកចិត្តបំផុតនៅកម្ពុជា នៅក្នុងសន្និសីទ 4G ដែលបានធ្វើឡើងកាលពី ខែមិថុនា កន្លងទៅនេះ៕

No comments

Powered by Blogger.