Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានពិភាក្សាការងារជាមួយ លោក Chrіѕ Wіllіаmѕ នាយកប្រតិបត្តិក្រុមប្រឹក្សាសហប្រតិបត្តិការ វិស័យទឹកស្អាត និងអនាម័យនៃមូលនិធិសកល

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


នាយកប្រតិបត្តិក្រុមប្រឹក្សាសហប្រតិបត្តិការវិស័យទឹកស្អាត និងអនាម័យនៃមូលនិធិសកល បានសន្យាថា នឹងបន្តជួយគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទ នៅប្រទេសកម្ពុជា។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានពិភាក្សាការងារជាមួយ លោក Chrіѕ Williams នាយកប្រតិបត្តិក្រុមប្រឹក្សាសហប្រតិបត្តិការ វិស័យទឹកស្អាត និងអនាម័យនៃមូលនិធិសកល កាលពីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ ។

ការពិភាក្សានេះ លោក Chrіѕ Williams បានសន្យាថា នឹងបន្តជួយគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អនុវត្តកម្មវិធីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទ នៅកម្ពុជា នៅជំហានទី២ ក្នុងខេត្តគោលដៅ គឺខេត្តកំពង់ធំ កំពត ព្រៃវែង កំពង់ឆ្នាំង និងខេត្តក្រចេះ ។

លោក អ៊ុក រ៉ាប៊ុន បានបន្តថា បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សា ស្វែងយល់កម្មវិធីលើកកម្ពស់អនាម័យជនបទ នៅខេត្តស្វាយរៀងរយៈពេលពីរថ្ងៃ ដែលគាំទ្រដោយអង្គការផ្លែនកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ គឺមានការវិវត្តរីកចម្រើនគួរឲ្យកត់សម្គាល់។ ការអនុវត្តកម្មវិធីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទ ជំហានទី២ នេះ និងផ្ដោតការយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ដល់មន្រ្ដីថ្នាក់មន្ទីរ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបន្តកិច្ចការនេះ។

លោករដ្ឋមន្រ្ដី បានសម្ដែងការគាំទ្រ ចំពោះផែនការសកម្មភាពជាតិ លើកកម្ពស់អនាម័យជំហានទី ១ ឆ្នាំ ២០១៤-២០១៨ ហើយមូលនិធិសកលនឹងបន្តគាំទ្រដល់ផែនការសកម្មភាពជាតិជំហានទី ២ ឆ្នាំ២០១៩-២០២៥។ ដោយឡែកការអនុវត្តជំហានទី ១និងទី២ មានទឹកប្រាក់ប្រមាណជា ១២លាន ដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីលើកកម្ពស់ វិស័យទឹកស្អាត និងអនាម័យជនបទ នៅកម្ពុជា ។

លោក អ៊ុក រ៉ាប៊ុន បានថ្លែងអំណរគុណ ដល់មូលនិធិអនាម័យសកល ដែលបានបន្តជួយដល់ប្រជាពលរដ្ឋ កម្ពុជាលើវិស័យទឹកស្អាត និងអនាម័យនៅតំបន់ជនបទ និងបានជម្រាបជូនអំពីគោលដៅរួម របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាគោលដៅរបស់រាជរដ្ឋាភិបាលគឺ លើកកម្ពស់សុខុមាលភាព និងកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទឲ្យកាន់តែប្រសើរឡើង។ លោករដ្ឋមន្រ្ដី បានស្នើសុំឲ្យមូលនិធិសកលជួយកៀរគរថវិកាបន្ថែមទៀត សម្រាប់កម្មវិធីលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យជនបទជំហានបន្តបន្ទាប់ទៀត ដើម្បីនិរន្តរភាពពេលអនាគត ៕

No comments

Powered by Blogger.