Header Ads

សិប្បកម្មផលិតចន្លុះ នៃខេត្តឧត្តរមានជ័យ យល់ថា ចន្លុះកំពុងតម្រូវការចាំបាច់ របស់អ្នកជាយដែន និងប្រទេសថៃ

ខេត្តឧត្តរមានជ័យ:

ដោយ៖ ឌឹម គឹមហាក់


បើទោះបីជាសម័យបច្ចុប្បន្ន គឺជាសម័យបច្ចេកវិជ្ជាជឿនលឿន ដែលសម្បូរ ទៅដោយភ្លើងអគ្គិសនីគ្រប់គ្រាន់ យ៉ាងណាក៍ដោយ ក៍ប្រជាពលរដ្ឋនៅជនបទដាច់ស្រយាល មិនបោះបង់ចោលការប្រើប្រាស់ចន្លុះបំភ្លឺដែរ ព្រោះតែចន្លុះងាយស្រួលបំភ្លឺ និងតំលៃថោក ហើយវាងាយស្រួល ក្នុងប្រើប្រាស់ពេលយប់អាធ្រាត ពេលចូលព្រៃ ឬក្នុងឪកាសបុណ្យទានផ្សេងៗ ដែលត្រូវការចន្លុះបំភ្លឺជាចាំបាច់។

ប្រជាពលរដ្ឋនៅជាយដែន នៃខេត្តឧត្តរមានជ័យ មានតម្រូវការចន្លុះជាចាំបាច់ ហើយពួកគេក៍មានគំនិត ក្នុងការផលិតចន្លុះ ដើម្បីធ្វើការនាំចេញ ទៅប្រទេសថៃផងដែរ។

លោក ចំរើន អ្នកផលិតចន្លុះ ក្នុងភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ការបង្កើតសិប្បកម្មផលិតចន្លុះនេះ រយ:ពេល ៤ឆ្នាំហើយ ដោយក្នុង១ថ្ងៃ អាចផលិតចន្លុះបានចំនួន៧០០ដើម។

ដើម្បីផលិតចេញជាដើមចន្លុះ ត្រូវមានធាតុផ្សំពីរ កាកជ័រទឹក ពីដើមព្រាល កង់ឡានចាស់ៗ ដោយដុតយកធ្យូង ហើយបុកឲ្យម៉ត់លាយបញ្ចូលគ្នា។ ក្នុងចន្លុះ ១ដើម ពេលផលិតហើយ មានទម្ងន់ ២ ទៅ ៣ខាំ ដោយអាចលក់ចេញបាន១ដើម ស្មើនឹង ៨៥០រៀល។

ក្នុងពេលមួយថ្ងៃ ត្រូវចំណាយលើកាកជ័រទឹក ១តោន ជាង ១លានរៀល ក្នុងចំនួន ៧០០ដើម ត្រូវចំណាយទុនស្មើនឹង ៤០ម៉ឺនរៀល ដោយក្នុងស្រុកមានអ្នកប្រើប្រាស់ចន្លុះ ៣០% ក៍ប៉ុន្តែការនាំចេញលក់ទៅប្រទេសថៃច្រើន ៧០% ជាតម្រូវការខ្ពស់។

កត្តាដែលនាំចេញ ប្រទេសថៃ ព្រោះដោយសារតម្រូវការច្រើន ក្នុងពេលដែលមានបុណ្យទានធំៗ។ ពីមុនមក លោក ចំរើន ជាអ្នកដាំបន្លែ ហើយអ្នកស្រុកក្នុងភូមិកណ្តាលក្រោមនេះ មានអ្នកផលិតចន្លុះតែ ២គ្រួសារតែប៉ុណ្ណោះ ក្រោយមកក៍មានការផុលផុស ចេះផលិតចន្លុះប្រមាណ ៦០គ្រួសារ ក្រៅពីមុខរបរផ្សេងទៀត។លោកចំរើន យល់ឃើញថា មកដល់ពេលនេះក្រៅពីការដាំបន្លែ ក៍ចាប់យករបរធ្វើចន្លុះនេះ បន្ថែមទៀត ដែលធ្វើឲ្យជីវភាពគ្រួសារធូរធាល្អជាងមុន៕

No comments

Powered by Blogger.