Header Ads

ធនាគារពិភពលោក ផ្ដល់ប្រាក់កម្ចីដល់កម្ពុជាដើម្បីស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនទ តាមបណ្ដាខេត្តមួយចំនួន ក្នុងរយៈពេល ៥ឆ្នាំ គឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ក្នុងទឹកប្រាក់ប្រមាណ៦០ លាន ដុល្លារអាមេរិក

ភ្នំពេញៈ

ដោយ៖ ចេង​ វិចិត្រ


រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា ដើម្បីធ្វើការផ្សព្វផ្សាយដាក់ឲ្យដំណើរ គម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ នាថ្ងៃទី៥ ខែកញ្ញា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់រាជធានីភ្នំពេញ។

លោកស្រី  Hеnrіkе Brесht តំណាងធនាគាពិភពលោក បានបញ្ជាក់ថា ដោយសារតំបន់មួយចំនួន នៃប្រទេស កម្ពុជា ងាយរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ និងយោងតាមសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគារពិភពលោក បានផ្ដល់ប្រាក់កម្ចីដល់កម្ពុជាដើម្បីស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនទ នៅតាមបណ្ដាខេត្តមួយចំនួន។  គម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ និងបានបន្តពីគម្រោងស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយព្យុះកេតសាណា ដែលបាន បញ្ចប់ប្រកបដោយជោគជ័យ នាឆ្នាំ២០១៤។ លោកស្រី បានបន្តទៀតថា ធនាគាពិភពលោក និងសហការីនឹងប្ដេជ្ញាសហប្រតិបត្តិការ ឲ្យបានល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្រ្ដីអនុវត្តគម្រោង តាមរយៈបទពិសោធន៍ ដែលកន្លងមក។

លោក អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការសម្របសម្រួល និងដឹកនាំគម្រោងគ្រប់គ្រងគ្រោះមហន្ដរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ដែលជាគម្រោងថ្មីមួយទៀតទទួលការគាំទ្រពីធនាគារពិភពលោក សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលមានលក្ខណៈធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ គម្រោងនេះ នឹងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងសរុបប្រវែង ២៩០ គីឡូម៉ែត្រ និងស្ពានបេតុងមួយកន្លែង នៅក្នុងខេត្តគោលដៅទាំង ៦ តាមដងទន្លេមេគង្គ និងអាងទន្លេសាប រួមមានខេត្តកណ្ដាល  កំពង់ចាម  ត្បូងឃ្មុំ  ក្រចេះ  ស្ទឹងត្រែង និងខេត្តសៀមរាប ក្នុងរយៈពេល ៥ ឆ្នាំ គឺចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ក្នុងទឹកប្រាក់ប្រមាណ៦០ លាន ដុល្លារអាមេរិក៕

No comments

Powered by Blogger.