Header Ads

បិទវគ្គសិក្ខាសាលា លើកទី៣ នៃគម្រោងអភិវឌ្ឍន៍ជនបទ ក្នុងការប្រើប្រាស់វិធីសាស្រ្តចលនាភូមិថ្មី 

កំពង់ស្ពឺៈ


ដោយៈ ហុង ចំណាប់

មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលមានទីតាំងស្ថិតនៅភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានបិទវគ្កសិក្ខាសាលាផ្សព្វផ្សាយលើកទី៣ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្តចលនាភូមិថ្មី នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។ 

ដែលមានការ អញ្ជើញចូលរួមជាអធិបតី ពីសំណាក់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។ 

ហើយលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មី ដែលមានភូមិចំនួន ៣០ភូមិ ក្នុងនោះមានភូមិ ដែលអនុវត្តគម្រោងនេះ បានចំណាត់ថ្នាក់ល្អប្រសើរមានចំនួន ៥ភូមិ ចំណាត់ថ្នាក់ល្អណាស់ ៨ភូមិ និងចំណាត់ថ្នាក់ល្អមានចំនួន ១៧ភូមិ ក្នុងនោះភូមិដែលទទួលបានចំនួនល្អដាច់គេ នឹងទទួលបានថវិកាសម្រាប់អនុវត្តគម្រោងឆ្នាំបន្ទាប់មានចំនួនរហូតដល់ ៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកផងដែរ។ 

 លោក គីម វ៉ុនជីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានបញ្ជាក់ថា វិស័យកសិកម្មនៅកម្ពុជា គឺជាផ្នែកដ៏សំខាន់មួយ ដែលកំពុងរួមចំណែកកាត់បន្ថយអត្រានៃភាពក្រីក្រប្រមាណជាង ៦០%។ រដ្ឋាភិបាលកូរ៉េកំពុងតែអនុវត្តន៍គម្រោងអភិវឌ្ឍន៍ សហគមន៍ជនបទ នៅកម្ពុជា ដោយបានកំណត់ជាផ្នែក អាទិភាពមួយ គឺការអភិវឌ្ឍជនបទ តាមរយៈផ្តល់ជំនួយសម្រាប់អនុវត្តន៍ គម្រោងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់វិធីសាស្រ្ដចលនាភូមិថ្មីនៅកម្ពុជា។ លោក បានបន្តទៀតថា ស្ថានទូតកូរ៉េប្រចាំកម្ពុជា នឹងបន្តជួយគាំទ្រដល់គម្រោងនេះបន្តទៀត ដោយសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងទីភ្នាក់ងារសហការអន្ដរជាតិកូរ៉េ  KOICA ក្នុងការកសាងភូមិប្រកបដោយវិបុលភាព និងធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ក្នុងភូមិ មានជីវភាពល្អប្រសើរ។ 

លោក អ៊ុក រ៉ាប៊ុន បានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការ ចូលរួមចំណែកអភិវឌ្ឍន៍ជាតិ និងការកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្រ្ត ចតុកោណដំណាក់កាល ទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការរៀបចំ និងអនុវត្តសកម្មភាពអភិវឌ្ឍន៍ជនបទ ចម្រុះដែលជាសកម្មភាពប្រទាក់ក្រឡា នឹងអន្តរវិស័យសំដៅប្រែក្លាយទីជនបទ ក្នុងស្ថានភាពសេដ្ឋកិច្ចសង្គម របស់ប្រជាពលរដ្ឋនៅជនបទ ឲ្យមានភាពប្រសើរឡើង។ ក្រសួងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជនបទ ដូចជាផ្លូវ ស្ពាន អណ្តូង ទឹកស្រះ ទឹកប្រព័ន្ធស្រោចស្រពខ្នាតតូច បង្គន់អនាម័យ ទីផ្សារជនបទ និងការងារអភិវឌ្ឍន៍សហគមន៍ ព្រមទាំងផ្ដល់ការបណ្តុះបណ្តាល មុខជំនាញវិជ្ជាជីវៈ ដែល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការឈានឆ្ពោះទៅសម្រេច ឲ្យបានជោគជ័យ នូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 

លោក រដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉ ដែលជានិច្ចកាល តែងតែផ្តល់នូវការគាំទ្រដល់កម្ពុជា ជាពិសេសគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីបំពេញអាណត្តិ របស់ខ្លួនក្នុងការបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅជនបទរៀងរហូតមក៕ 

No comments

Powered by Blogger.