Header Ads

ភ្ញៀវទេសចរណ៍ ចូលទស្សនាប្រាសាទសំបូរព្រៃគុក មានការកើនឡើង នៅថ្ងៃបុណ្យភ្ជុំបិណ្ឌ (ទិន្នន័យសរុបទាំងប្រាសាទល្អ និងប្រាសាទបាក់បែក មាន ២៩៣ប្រាសាទ)


កំពង់ធំៈ

ដោយ៖ ឌឹម គឹមហាក់


 ក្រោយពីការដាក់បញ្ចូលក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោក ប្រាសាទសំបូរព្រៃគុក ដែលស្ថិតនៅក្នុងស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ មានភ្ញៀវទេសចរណ៍ ចូលមកកំសាន្តកើនឡើង ជាលំដាប់ក្នុងឪកាសភ្ជុំបិណ្ឌ នេះ ជាង ២ម៉ឺននាក់។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក មានចំងាយពីទីរួមខេត្ត ៣០គីឡួម៉ែត្រ ជាប្រាសាទសាងឡើងពីឥដ្ឋ ហើយត្រូវបានដាក់បញ្ចូនទៅក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោក កាលពីថ្ងៃទី១០ កក្កដា ២០១៧  ដែលធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិ ចង់ឃើញ និងស្វែងយល់ពីប្រាសាទដ៍ស្រស់បំព្រងមួយនេះ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ  បានអះអាងថា មិនត្រឹមកើនឡើងភ្ញៀវទេសចរណ៍នោះទេ សូប្បីតែសកម្មភាពការលក់ដូររបស់ប្រជាពលរដ្ឋ ក៍ប្លែកខុសពីធម្មតាដែល ដោយសារភ្ញៀវមានកើនឡើងទ្វេរដង ដូច្នេះហើយអ្នកលក់ដូរ ក៍មានច្រើនដែរ។

នៅក្នុងរមណីយដ្ឋានសំបូរព្រៃគុកនេះ មានអាហារដ្ឋានសំរាប់ភ្ញៀវចូលមកកំសាន្ត មានចំនួន ៤កន្លែង ដែលជាកន្លែងរបស់សហគមន៍ក្នុងមូលដ្ឋាន។ គោលដៅរបស់ភ្ញៀវទេសចរណ៍ គឺមកទស្សនាប្រាសាទខាងជើង ខាងត្បូង និងកណ្តាល ដែលមានការចែកចេញជាបីក្រុម គឺក្រុមប្រាសាទយាយព័ន្ធ ប្រាសាទសំបូរ និងប្រាសាទតោ។

លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានរៀបរាប់បន្តទៀតថា មុន និងក្រោយ ការដាក់បញ្ចូនប្រាសាទសំបូរព្រៃគុក ជាបេតិភ័ណ្ឌពិភពលោកនេះ បានធ្វើឲ្យមានការទាក់ទាញភ្ញៀវ មិនចេះដាច់ តែងតែមកទស្សនា ជារៀងរាល់ថ្ងៃ ដែលភាគច្រើនជាភ្ញៀវជប៉ុន និងបារាំង ដែលចូលមកទស្សនា ដើម្បីសិក្សាស្វែងយល់ពីប្រាសាទឥដ្ឋនេះ។

ភ្ញៀវអន្តរជាតិ ដែលចូលមកទស្សនាប្រាសាទសំបូរព្រៃគុក យកកំរៃក្នុងមួយនាក់ ៣ដុល្លារ ភ្ញៀវជាតិ មិនយកថវិកានោះទេ ក្នុងអំឡុងចាប់ពីទសវត្ស ទី៩០មក មានអង្គការវាស៊ីដា របស់ជប៉ុន បានមកធ្វើការអភិរក្ស និងកំណាយ រហូតមកបច្ចុប្បន្ននេះ ដែលមានវិសាលភាពទំហំ ៥គីឡូម៉ែត្រ គុណនិង ៤គីឡូម៉ែត្រ ដោយទិន្នន័យសរុបទាំងប្រាសាទល្អ និងប្រាសាទបាក់បែក មានចំនួន ២៩៣ប្រាសាទ៕

No comments

Powered by Blogger.