Header Ads

ដាំជីរអង្កាម និងជីរនាងវង ប្រើរយៈពេលខ្លី បានផលចំណេញជាងដំដាំបន្លែ



ភ្នំពេញ-កណ្តាលៈ

ដោយ៖ ស៊ីដាណារៀប


ក្នុងពេលធ្វើដំណើរចុះតាមស្ពានព្រែកសំរោង ក្រុងតាខ្មៅ ឆ្លងមកត្រើយម្ខាង ហើយបត់ឆ្វេងដៃតាមបណ្តោយផ្លូវ មកកាន់វត្តជំពុះក្អែក ក្នុងខណ្ឌច្បារអំពៅ រាជធានី យើងនឹងឃើញដីឡូតិ៍មួយកន្លែង ទំនេរដែលមានទទឹង២០ម៉ែត្រ បណ្តោយជាង១០០ម៉ែត្រ ដាំពោពេញទៅដោយជីនាងវង និងជីរអង្កាម។

លោក ទិត្យ មានទីលំនៅកោះក្របី ដែលជាអ្នកដាំជីរនាងវង ទើបជាងមួយខែនេះ បានបញ្ជាក់ថា រូបលោក មានបទពិសោធន៍ដាំបន្លែចំរុះ ដោយអាស្រ័យផលពឹងលើមុខរបរនេះទាំងស្រុង។ ការដាំជីរនាងវងមានរយៈពេលតែជាង១ខែនេះ ដែលអាចឲ្យរូបលោក ប្រមូលផលបានសមល្មមនិងផ្គត់ផ្គង់គ្រួសារដោយរូបលោក យកជីរទាំងនោះចងជាបាច់តូចៗ រួចយកទៅលក់លើទីផ្សារ ក្នុងតម្លៃ ៤០០រៀល ទៅ៥០០រៀល។

ព្រោះលោក ទិត្យ បានសម្លឹងឃើញថា ការដាំជីរនាងវងនេះ គឺ វាឆាប់ទទួលផលហើយមានទីផ្សារច្រើននិងអ្នកបរិភោគជាប្រចាំថ្ងៃ។ ដោយពូជជីរនាងវងនេះ ជាគ្រាប់បណ្តុះ ដែលមានអាយុកាលពី ៣ខែទៅ៤ខែ ប៉ុណ្ណោះ។ នៅក្នុងផ្ទៃដី២០អានេះ លោកទិត្យចំណាយទុនប្រមាណ ៣០០ដុល្លារ សរុបទាំងថ្លៃដីជួល ១០០ដុល្លារ ក្នុងរយៈពេល១ឆ្នាំ។

ចំពោះប្រភេទជីរអង្កាមវិញ អ្នកស្រី លឹមហេង រស់នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានឲ្យដឹងថា អ្នកដាំជីអង្កាមក្នុងស្រុកនេះ តិចតួចណាស់ ភាគច្រើនដាំបន្លែ អាស្រ័យដោយសារតែការដាំ ជីអង្កាម នេះមានរយៈពេលខ្លី ដូចជាជីរនាងវងដែរ ហើយក៏អាចតម្រូវការទីផ្សាររាល់ថ្ងៃដែល ទើបអ្នកស្រីសម្រេចចិត្តជ្រើសរើសយកមុខរបរដាំជីរនេះតែម្តង។ ការដាំជីរអង្កាមនេះ ប្រើប្រាស់ជីតិច ថ្នាំបាញ់ក៏តិច ទុនក៏តិច ទៅតាមនោះដែរ វាមានភាពងាយស្រួលជាងការដាំបន្លែផ្សេងៗ ទៀត ដែលប្រើប្រាស់ទាំងជី ការបាញ់ថ្នាំ និងទុនក៏ច្រើនដែរ ហើយជីរអង្កាមនេះ វាប្រើជីអាចម៍គោ និងបាញ់ថ្នាំ១០ថ្ងៃម្តង ដើម្បីថែទាំដល់ការលូតលាស់។

ការដាំជីរអង្កាមឲ្យបានល្អ គឺភ្ជួរដីឲ្យស្អាត និងបាញ់ថ្នាំស្មៅ ហើយបន្ទាប់មកធ្វើការដកស្ទូងជីរអង្កាម និងស្រោចទឹក ជាប្រចាំ ក្នុងពេលដែលទទួលបានផល ក៏ធ្វើរបៀបនេះដដែល ដោយក្រោយពីការច្រូតកាត់ត្រួយជីរអង្កាមរួច ត្រូវបាចជី បាញ់ថ្នាំបន្តទៀត ដោយទុកគម្លាតក្នុងរយៈពេល ១៥ថ្ងៃម្តង ក្នុងក្បាលដី១២អា អាចប្រើប្រាស់ពូជជីរអង្កាមចំនួន ៦គីឡូ។

ដំណាំជីអង្កាម និងជីនាងវង មិនត្រឹមតែជាបន្លែរួមផ្សំសម្លរ ឬម្ហូបញុំាំនោះទេ តែក៏ជាថ្នាំបុរាណដែលចាស់ៗ តែងតែនិយមយកមករិត ពោះ ផ្លុំ វាជាប្រចាំគ្រួសារ។ ដំណាំប្រភេទជីទាំងពីរនេះកំពុងបានលើកស្ទួយកំរិតជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករយើង និងទទួលបានចំណូលដូចជាបន្លែផ្សេងៗ ទៀតដែរ។ ដោយសារមានទីផ្សារនាគមាស និងផ្សារដើមគ ជាមណ្ឌលនាំចូលនាំចេញបន្លែដ៏ធំ ក្នុងរាជធានី ដែលមានបរិមាណរាប់រយតោន ក្នុងមួយថ្ងៃៗ៕

No comments

Powered by Blogger.