Header Ads

សត្វត្មាត ចំនួន១២១ក្បាល ប្រឈមនឹងការផុតពូជ

ខេត្តស្ទឹងត្រែងៈ

ដោយ៖ ហុង ចំណាប់


សត្វត្មាត ចំនួន១២១ក្បាល កំពុងរងនូវការគំរាមកំហែងពីការបំពុល និងអាចឈានដល់ការ ផុតពូជ ខណៈដែលក្រុមអភិរក្សសត្វព្រៃក្នុងតំបន់ដែនជម្រកឆែប និងតំបន់សៀមប៉ាងខាងលិច អំពាវនាវឲ្យប្រជាពលរដ្ឋ ចែករំលែកព៌តមានផ្សេងៗ ពីសត្វត្មាត និងបញ្ហាប្រឈម។

យោងតាមរបាយការណ៍របស់អង្គការ WCF បានបង្ហាញពីទិន្នន័យក្នុងតំបន់ នៅឆ្នាំ២០០០ មានប្រមាណ៥០% រហូតដល់ឆ្នាំ២០០៣-២០១៧ ក្នុងការជំរឿនចុងក្រោយថ្មីៗនេះ ចំនួនសត្វតា្មតមានតែ ១២១ក្បាលប៉ុណ្ណោះ។ សត្វត្មាតនៅកម្ពុជាមានបីប្រភេទគឺ ត្មាតផេះ  ត្មាតតោ្នត និងត្មាតភ្លើង។

ក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ជាដែនជម្រកការពារ និងជាដែនជម្រកសត្វព្រៃ ហើយពេលបច្ចុប្បន្ននេះ មានកិច្ចសហការជាមួយក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ និងក្រសួងបរិស្ថាន និងមានអង្គការចំនួន៤ ចូលរួមមាន អង្គការ WCF អង្គការជីវិតសត្វស្លាប អង្គការWWF និងមជ្ឈមណ្ឌលអង្គរអភិរក្សជីវចម្រុះ ក្នុងការរៀបចំទីតាំងអាហារស្ថាន ចំណីអាហារសត្វត្មាតក្នុងតំបន់ទាំងពីរ និងការការពារពីការប្រឈមដោយការកាប់បំផ្លាញព្រៃឈើ ជាកត្តាធ្វើឲ្យខ្វះជម្រកពងកូន។

លោក ប៊ូ វីរៈស័ក្តិ នាយកកម្មវិធីអង្គការអភិរក្សជីវិតសត្វស្លាប នៅកម្ពុជា បានមានប្រសាសន៍ថា ក្នុងនោះតាមការធ្វើជំរឿនរាល់ឆ្នាំ និងចុងក្រោយថ្មីៗ បានបង្ហាញឲ្យឃើញាចំនួនសត្វត្មាត មានការថយចុះ ជាលំដាប់ដោយសារកត្តាបំពុល។ ការបំពុលនេះចែកចេញជាពីរផ្នែកគឺ ការបំពុលដោយផ្ទាល់ និងដោយមិនផ្ទាល់ មានន័យថា គ្មានបំណងបំពុលសត្វត្មាតទេ ដោយចង់បំពុលសត្វព្រៃដទៃទៀតប៉ុណ្ណោះ ក៏ប៉ុន្តែសត្វគោ ឬក្របី ដែលបានបំពុលហ្នឹងបានងាប់ ហើយបានបន្សល់ជាតិពុលក្នុងខ្លួនវា ក្រោយមកសត្វត្មាតបានស៊ីវា គឺបណ្តាលឲ្យពុលស្លាប់។ លោក បាមបន្តថា សត្វត្មាតជាសត្វសម្អាតបរិយាកាស ក៏ដោយសារសត្វត្មាតស៊ីសត្វងាប់ជាអាហារ នៅពេលដែលវាទៅស៊ីសត្វងាប់ ដែលគេបំពុលឲ្យងាប់នោះ ហើយត្មាតរាប់រយទៅស៊ីជាមួយគ្នាធ្វើឲ្យវាពុលស្លាប់ នេះជាកត្តាដែលត្រូវបារម្ភនោះ។

បច្ចុប្បន្ននេះ ថ្នាំបំពុលជាការងាយដោយគ្រាន់តែយកទៅដាក់ជាមួយសាច់ ឬត្រី តាមមាត់ព្រៃ ហើយនៅ ពេលនោះហ្វូងត្មាតចុះស៊ីនឹងពុល។ លោក បានបញ្ជាក់ពីបញ្ហាប្រឈមនៅភូមិភាគឥសាន មានខេត្តរតនៈគិរី និងមណ្ឌលគិរី ដែលជាចំណុចទីតាំងដែនជម្រកសត្វត្មាន តែឥឡូវបានបំប្លែងទៅជាចំការកសិកម្មដាំដុះរបស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យសត្វត្មាតក្នុងតំបន់នោះ មានការថយចុះដែរ ហើយចំនួនសត្វត្មាត ១២១ក្បាល ជាតួលេខមានតែក្នុងដែនជម្រកសត្វព្រៃឆែប និងដែនជម្រកសៀមប៉ាងខាងលិច៕

No comments

Powered by Blogger.