Header Ads

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឈន៍ជនបទ អនុញ្ញាតឲ្យប្រធានក្រុមហ៊ុនចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សា ការងារ(ជំនួយឥតសំណងពីចិន នូវទឹកប្រាក់ ១២ ៧០០ ០០០ ដុល្លារអាមេរិក)


 ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកQiaZhimin ប្រធានក្រុមហ៊ុនទទួលម៉ៅការ សាងសង់អណ្ដូងស្នប់ និងជីកស្រះសហគមន៍ នៃសាធារណរដ្ឋប្រជាមានិតចិន(CNNC)និងសហការីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង។

លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្ដម QіаZhіmіn និងសហការី ព្រមទាំងបានជម្រាបជូនភ្ញៀវអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើន លើគ្រប់វិស័យ ក្នុងនោះវិស័យអភិវឌ្ឍន៍ជនបទ បានរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជម្រុញល្បឿននៃការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ច្រើនលើសលប់កំពុងរស់នៅតំបន់ជនបទ។ លោក បានបន្តទៀតថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយយ៉ាង ច្រើនដល់កម្ពុជា ក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធ រួមមានផ្លូវដែលមានប្រវែងវែង និងស្ពានធំៗឆ្លងកាត់ទន្លេ ហើយពេលនេះរដ្ឋាភិបាលចិនបានជួយវិស័យ ផ្គត់ផ្គង់ទឹកស្អាត ដែលជាជំនួយឥតសំណង តាមរយៈ ការសាងសង់អណ្ដូងស្នប់ និងជីកស្រះសហគមន៍ ដែលបានបង្ហាញឲ្យឃើញ នូវកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

លោក QіаZhіmіn បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រុមហ៊ុនទទួលម៉ៅការសាងសង់អណ្ដូងស្នប់ និងជីក ស្រះសហគមន៍ នៃសាធារណរដ្ឋប្រជាមានិតចិន(CNNC)និងសហការី។ ក្រុមហ៊ុនបាននឹងកំពុងដំណើរការសាងសង់អណ្ដូងស្នប់ និងជីកស្រះសហគមន៍ នៅក្នុងខេត្តគោលដៅនៃគម្រោង ហើយត្រៀមបន្តកិច្ចសហប្រតិបត្តិការបន្តទៀតជាមួយកម្ពុជា ជាពិសេសជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោករដ្ឋមន្រ្ដី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនចិន ដែលតែងតែជួយប្រជាពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅជនបទ។

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជាជំនួយឥតសំណងនូវទឹកប្រាក់ ១២ ៧០០ ០០០ ដុល្លារអាមេរិក ដល់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ជនបទសម្រាប់សាងសង់អណ្ដូងស្នប់ចំនួន ៨៤៦ អណ្ដូង និងជីកស្រះសហគមន៍ចំនួន ៧៣ស្រះ នៅក្នុងខេត្តគោលដៅទាំង ៦ គឺ ខេត្តកំពង់ឆ្នាំង កំពង់ធំ ស្វាយរៀង កណ្ដាល កំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ។ គម្រោងនេះអនុវត្តរយៈពេលមួយឆ្នាំ គឺចាប់ពី ថ្ងៃទី ១០ខែ កក្កដា ឆ្នាំ២០១៧ ដល់ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ ៕កញ្ញាវ៉ាត

No comments

Powered by Blogger.