Header Ads

សិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសការស្ថាបនា ជួសជុល ថែទាំ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជនបទ

ភ្នំពេញ:

ដោយ៖ ពិន ភក្តី


នៅសណ្ឋាគារភ្នំពេញ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី បើកសិក្ខា សាលាស្ដីពី ការផ្សព្វផ្សាយបច្ចេកទេសថ្មីៗ នៃការស្ថាបនា ជួសជុល និងថែទាំផ្លូវជនបទ ព្រមទាំងរបៀប នៃការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជនបទ នៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ ភ្នំពេញនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ពីគោលបំណងនៃអង្គសិក្ខាសាលា គឺដើម្បីធ្វើការផ្សព្វផ្សាយអំពីបច្ចេកទេសថ្មីៗ នៃការស្ថាបនា ជួសជុល ថែទាំផ្លូវជាលក្ខណៈខួប លក្ខណៈប្រចាំ និងរបៀបនៃការរៀបចំគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ ផ្លូវជនបទ នៃព្រះរាជណា ចក្រកម្ពុជាជូន ដល់អ្នកទទួលការ និងអង្គភាពអនុវត្តគម្រោងស្ថាបនា ផ្លូវទាំងអស់ដើម្បីជាឧត្ដមប្រយោជន៍ និងជាពុទ្ធិថ្មីៗក្នុងការអភិវឌ្ឍ និងកែលម្អផ្លូវជនបទ នៅព្រះរាជាណាចក្រកម្ពុជា។

ការបង្ហាញពីទម្រង់នៃការត្រួតពិនិត្យវាយតម្លៃ និងគំនូសប្លង់បច្ចេកទេសថ្មីៗដើម្បីធ្វើជាត្រីយ៍វិស័យសម្រាប់ភាគី អ្នកអនុវត្តគម្រោងនានា សំដៅពង្រឹងគុណភាព ប្រសិទ្ធិភាព និងការប្រើផ្លូវប្រកបដោយនិរន្ដរភាព ក្នុងពេលដែលជួបការបម្រែបម្រួលអាកាសធាតុ ដូចជាគ្រោះមហន្ដរាយទឹកជំនន់ ជាដើម ។

លោក អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ការស្ថាបនា និងការជួសជុលផ្លូវជនបទ មានការវិវត្តន៍ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងគ្រប់គ្រងបណ្ដាញផ្លូវជនបទ ប្រមាណ ៤៤ ៨៨៨ គ.មក្នុងនោះ ៥៩% ជាប្រភេទផ្លូវក្រាលក្រួសក្រហម។

ដោយសារតែប្រទេសមានសុខសន្តិភាព មានកំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ ធ្វើឲ្យកំណើនចរាចរណ៍ និងការដឹកជញ្ជូនមានការកើនឡើង ហើយជាភារកិច្ចចាំបាច់របស់ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវតែខិតខំសិក្សាស្រាវជ្រាវបង្កើនគុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ឲ្យមាននិរន្ដរភាព ដោយភ្ជាប់មកជាមួយនូវបច្ចេកទេសថ្មីៗទាក់ទងទៅនិងការបម្រែបម្រួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនិងការធ្វើចរាចរណ៍ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល និងបានទាន់ពេលវេលា៕

No comments

Powered by Blogger.