Header Ads

សែលកាត ចាប់ដៃគូជាមួយ Electroneum ជា​ក្រុម​ហ៊ុន​បម្រើរូបិយប័ណ្ណអេឡិចត្រូនិច នៅក្នុងចក្រភពអង់គ្លេស ដំបូង​គេនៅអាស៊ី



 ភ្នំពេញៈ                               

ដោយៈ ហុង ចំណាប់
 

សែលកាត បានក្លាយជាប្រតិបត្តិករទូរគមនាគមន៍ដំបូងគេនៅ អាស៊ីអាគ្នេយ៍ ដែលអនុញ្ញាតឲ្យអតិថិជន​របស់​ខ្លួន អាច​ប្តូររូបិយប័ណ្ណអេឡិចត្រូនិចជាមួយនឹងទឹកប្រាក់សម្រាប់បញ្ចូលប្រើប្រាស់ នៅក្នុងទូរស័ព្ទដៃ។

សែលកាត មានគំនិតច្នៃប្រឌិតថ្មីនេះ អាស្រ័យដោយការចង់ទំនាក់ទំនងជាដៃគូជាមួយ Electroneum ដែលជា​ក្រុម​ហ៊ុន​បម្រើរូបិយប័ណ្ណអេឡិចត្រូនិច មានមូលដ្ឋាននៅក្នុងចក្រភពអង់គ្លេស។

បច្ចុប្បន្ន Electroneum មានអ្នកប្រើប្រាស់ប្រមាណជាង ៣ ៤0000 នៅទូទាំងពិភពលោក ហើយមកទល់ពេល​នេះ ប្រព័ន្ធកម្មវិធីរបស់ពួកគេបានទាក់ទាញអ្នកប្រើប្រាស់ជាង 3500នាក់ នៅក្នុងប្រទេសកម្ពុជា។

អ្នកប្រើប្រាស់គ្រប់រូបសុទ្ធតែអាចទាញយកកម្មវិធី Electroneum មកប្រើប្រាស់បានទាំងអស់ ដោយវិធីដ៏សាមញ្ញបំផុត គឺការចុះឈ្មោះដើម្បីចាប់ផ្តើមដំណើរការរូបិយប័ណ្ណ
Electroneum ឬដើម្បីទទួលបាន ETN Rewards

សម្រាប់អ្នកសកម្មក្នុងការប្រើប្រាស់ Electroneum នឹងអាចទទួលបាន ETN Rewards ដែលមានតម្លៃស្មើនឹង ៣  ដុល្លារ ក្នុងមួយខែ ហើយរង្វាន់នេះ ​អាចប្រើប្រាស់បានសម្រាប់បញ្ចូលទឹកប្រាក់ទៅកាន់ លេខទូរស័ព្ទក្នុងប្រព័ន្ធសែល​កាត​។

លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើត​ឡើងក្នុងគោលបំណងដើម្បីជួយផ្តល់ជូនអតិថិជន នូវតម្លៃបន្ថែមនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ក៏ដូចជាជួយបង្កើនចំ​ណេះ​ដឹងផ្នែកឌីជីថលដល់បងប្អូនពលរដ្ឋខ្មែរផងដែរ។ ប្រាក់ចំនួនបីដុល្លារក្នុងមួយខែ គឺ​គ្រប់គ្រាន់សម្រាប់អតិថិជន​ទូទៅ​អាចប្រើប្រាស់ដើម្បីភ្ជាប់គម្រោងសម្រាប់ការហៅទូរសព្ទ័ចេញ និងប្រើប្រាស់អ៊ីនធើណិត ដែលក្នុងនោះមាន​ដូច​ជា ​គម្រោងប្តូរលុយ Osja Xchange ជាដើម។ ដែលក្រុមហ៊ុនសែលកាតអាចតបស្នងជួយទៅដល់ សហគមន៍វិញ​​បាន ហើយក៏ដើម្បីផ្តល់នូវគុណតម្លៃ និងអត្ថប្រយោជន៍កាន់តែច្រើនឡើង ជូនដល់អតិថិជនដែលកំពុងប្រើប្រាស់បណ្តាញ​សែលកាត។
លោក Watson បានបញ្ជាក់ទៀតថា គ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ត្រូវតែមានភាពប្រាកដនិយម ចំពោះ​វិធីសាស្រ្តរបស់ពួកគេ ក្នុងការគិតគូរអំពីការបំពេញតម្រូវការ នៃរបៀបរស់នៅក្នុងសម័យឌីជីថលរបស់អតិថិជន។
អាជីពដែលកូនចៅជំនាន់ក្រោយៗរបស់យើងជ្រើសរើសយក ដើម្បីចិញ្ចឹមជីវិត​និងវិធីសាស្រ្តប្រើប្រាស់ សម្រាប់រកប្រាក់​ចំណូល នឹងមានភាពខុសគ្នាឆ្ងាយនាពេលបច្ចុប្បន្ននេះ។ ដើម្បីឲ្យពួកគេ​ចូលរួមក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ច​ឌីជីថល​សកល ដែលជាកន្លែងរូបិយប័ណ្ណ និងជំនាញឌីជីថល ត្រូវបានដោះដូរយ៉ាងងាយស្រួល ​និងឆាប់រហ័សបំផុត​នៅលើ​ប្រព័ន្ធ​ទីផ្សារសកល។

លោក Richard Ellis នាយកប្រតិបត្តិ Electroneum មានប្រសាសន៍ឲ្យដឹងថា ក្រុមការងាររបស់លោក ​ពិតជាមានក្តី​រំភើបរីករាយជាខ្លាំងក្នុងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនសែលកាត នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនរបស់ លោក បានដំណើរការដោយជោគជ័យនៅក្នុងប្រទេសប្រេស៊ីល ទួរគី និងប្រទេសក្នុងតំបន់អាហ្វ្រិកចំនួនបួនទៀត។

លោក Ellis បានបន្ថែមទៀតថា យើងបានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់ ​និងសហគមន៍ជាច្រើន អាចសម្រប​ខ្លួន​បានយ៉ាងឆាប់រហ័សជាមួយការប្រើប្រាស់ Electroneum ជារូបិយប័ណ្ណប្រចាំថ្ងៃ ហើយយើងក៏រំពឹងទុកថា វិស័យ សហគ្រាស​នៅក្នុងប្រទេសកម្ពុជា នឹងអាចសម្របខ្លួនបានយ៉ាងឆាប់រហ័សដូចគ្នា។ កម្ពុជា​ គឺជាប្រទេសមួយ ក្នុងចំ​ណោមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់លឿនបំផុត នៅអាស៊ី ​ដែលមានក្រុមហ៊ុនទូរគមនាគមន៍ប្រកបដោយភាព ច្នៃ​ប្រឌិតខ្ពស់ និងមានសមត្ថភាពឈានមុខគេ ដែលយើងពុំធ្លាប់បានជួបប្រទះកន្លងមក។

យើងយល់ឃើញថា ការចាប់ដៃគូជាមួយក្រុមហ៊ុនសែលកាត គឺជាវិធីសាស្រ្តដ៏ល្អបំផុតមួយ ក្នុងការធានានូវការរួម បញ្ចូល​ប្រទេសកម្ពុជា ទៅក្នុងសេដ្ឋកិច្ចសកលដ៏ធំសម្បើម ហើយក៏ដើម្បីផ្តល់ការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ជា​ពិ​សេសយុវជន ដែលនឹងក្លាយជាអ្នកដឹកនាំសេដ្ឋកិច្ចឌីជីថល នាពេលអនាគតផងដែរ។

ព័ត៌មានបន្ថែមអំពីការចាប់ដៃគូរវាង Electroneum និងក្រុមហ៊ុនសែលកាត៖

អ្នកប្រើប្រាស់អាចទាញយកកម្មវិធី Electroneum បានដោយឥតគិតថ្លៃពីហាងកម្មវិធីរបស់ Android និង iOS។ ការ​ចុះឈ្មោះប្រើប្រាស់ត្រូវការចំណាយពេលប្រហែល ៧នាទីដើម្បីសម្រេច។ អ្នកដែលសកម្មក្នុងការប្រើប្រាស់អាចទទួល​បាន ETN Rewards ដែលមានតម្លៃស្មើនឹង ១ដុល្លារ រៀងរាល់រយៈពេលចាប់ពី ១0 ទៅ១៤ ថ្ងៃ។

សម្រាប់ប្រទេស​​កម្ពុជា អ្នកប្រើប្រាស់អាចប្តូរ ETN Rewards ទៅជាប្រាក់សម្រាប់បញ្ចូលទូរស័ព្ទ បាន​តែជាមួយប្រព័ន្ធ​សែលកាត​ប៉ុណ្ណោះ។ អតិថិជនអាចបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួន ឬមិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេបាន ដរាបណា​វាជាលេខទូរស័ព្ទ ដែលបានចុះឈ្មោះជាមួយសែលកាតរួច ​អ្នកប្រើប្រាស់ត្រូវមានស្មាតហ្វូន ​ដើម្បីអាចទាញ​យកកម្ម​វិធី​មកប្រើប្រាស់៕



No comments

Powered by Blogger.