Header Ads

ផ្លែម៉ាក់ប្រាង ក្នុងខេត្តស្ទឹងត្រែង រសជាតិផ្អែមឆ្ងាញ់ និងមានប្រវត្តិដាំ ប្រហែលក្នុងឆ្នាំ១៩៦០

ខេត្តស្ទឹងត្រែងៈ

ដោយ៖ សេង ស៊ីដារ៉ូ


កសិករក្នុងខេត្តស្ទឹងត្រែង បានដាំដើមម៉ាក់ប្រាង ដែលមានផ្លែ រសជាតិផ្អែមឆ្ងាញ់ ជាងខេត្តដទៃទៀត ដូចជា ខេត្ត​​ត្បូងឃ្មុំ កំពត់ ជាដើម ហើយក៏ចាត់ទុកជា ផលិតផលភូមិមួយ ផលិតផលមួយ ប្រចាំខេត្តស្ទឹងត្រែងផង ដែរ។

លោក ចាយ លឹម ជាមន្ត្រីចូលនិវត្តន៍ ដែលបានអាជីពដាំដើមម៉ាក់ប្រាង ប្រមាណជាង ៦០ដើម បានប្រាប់ឲ្យ​ដឹងថា គាត់ដើមម៉ាក់ប្រាង ក្នុងទឹកដីស្ទឹងត្រែងនេះ យូរឆ្នាំមកហើយ រហូតដល់បច្ចុប្បន្ន ​រូបគាត់បានប្រគល់​ដំណាំ​ទាំងនេះ ​ទៅឲ្យក្មួយថែរក្សាបន្ត។ ផ្លែម៉ាក់ប្រាង ដែលជាប្រភេទដំណាំហូបផ្លែ ធ្លាប់តែមានរសជាតិជូរ ប៉ុន្តែបើផ្លែវាមានរសជាតិផ្អែមទៅវិញ គឺលក់បានក្នុងមួយគីឡូ ៨០០០រៀល  ហើយអ្នកទិញលក់បន្តចាប់ពី ១២០០០រៀល ទៅ ២០០០០រៀល នៅភ្នំពេញ។

លក្ខណៈពិសេសរបស់ផ្លែម៉ាក់ប្រាង ខេត្តស្ទឹងត្រែងនេះវិញ គឺមានទំហំផ្ទៃធំសំបកស្តើង គ្រាប់តូច និងមានរស​ជាតិ​ជូរអែមឆ្ងាញ់ពិសេស ជាងផ្លែម៉ាក់ប្រាងខេត្តផ្សេងទៀត។ ផ្លែម៉ាក់ប្រាងក្នុងខេត្តស្ទឹងត្រែង មិនមានច្រើន​និងកម្រឃើញដាក់លក់លើទីផ្សារណាស់ មូលហេតុដោយសារកសិករ ធ្វើការដាំដុះតាមលក្ខណៈគ្រួសារ និង​សម្រាប់​បរិភោគផ្ទាល់ខ្លួន ។

ប្រវត្តិដើមម៉ាក់ប្រាងនេះ ប្រជាពលរដ្ឋក្នុងខេត្ត បានបញ្ជាក់ឲ្យដឹងថា ជាប្រភេទដំណាំព្រៃ ត្រូវបានប្រជាជន​រក​​ឃើញ​នៅក្នុងព្រៃស្រោង ក្នុងទឹកដីខេត្តស្ទឹងត្រែងនេះតែម្តង។ ដំណាំនេះ ​ត្រូវបានអ្នកស្រុកនាំយក​មកដាំ​ជាដំណាំស្រុក ប្រហែលក្នុងឆ្នាំ១៩៦០ លុះក្រោយមកក្នុងអំឡុងឆ្នាំ១៩៨៥ មានប្រជាជនច្រើនគ្រួសារ បាន​នាំគ្នាដាំដំណាំប្រភេទនេះ ក្នុងភូមិរបស់ខ្លួន។


ចំណែកទិន្នផលដែលទទួលបាន ១០០គីឡូក្រាម ក្នុងមួយដើម ហើយផ្លែម៉ាក់ប្រាងរបស់ខេត្តស្ទឹងត្រែង ​មាន​ទំហំ​​ផ្លែល្មម រសជាតិផ្អែមឆ្ងាញ់ និងពុំមានប្រើប្រាស់ជីគីមី។ ផលិតផលប្រភេទនេះ ​គួររៀបចំឲ្យមានការដាក់​លក់​ក្នុងផ្សារទំនើបនានា ទូទាំងប្រភេទកម្ពុជា ដើម្បីជម្រុញឲ្យមានវត្តមានលើទីផ្សារ ដើម្បីលើកស្ទួយ​សេដ្ឋ​កិច្ចសង្គម និងលើកទឹកចិត្តប្រជាកសិករខ្មែរយើងបន្ថែមទៀត ដើម្បីងាកមករកការដាំដើមផ្លែ​ម៉ាក់ប្រាង​នេះ ឲ្យកាន់តែច្រើនឡើង៕

No comments

Powered by Blogger.