ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសែលកាត ចែកស៊ីមឥតគិតថ្លៃ ដល់គ្រូពេទ្យ និងបុគ្គលិកពេទ្យ ក្នុងក្រុងព្រះសីហនុ
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
ការផ្តល់ជូននេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនសែលកាត បានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា ខ្លួននឹងសហការជាមួយក្រសួងសុខាភិបាល នូវរាល់វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យទូទាំងប្រទេសកម្ពុជា ត្រូវបានផ្តល់ជូននូវការហៅទូរស័ព្ទចេញ និងផ្ញើសារដោយឥតគិតថ្លៃ ទៅតាមតម្រូវការប្រើប្រាស់របស់ពួកគាត់។
វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ ជាង១២០០នាក់ ដែលកំពុងប្រើប្រាស់បណ្តាញទូរស័ព្ទចល័តសែលកាត ត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃលើការហៅទូរស័ព្ទចេញក្នុងប្រព័ន្ធ និងផ្ញើសារ។ រាល់វេជ្ជបណ្ឌិតដែលបានចុះបញ្ជីនៅក្រសួងសុខាភិបាលទាំងអស់ នឹងមានសិទ្ធិទទួលបានការផ្តល់ជូននេះ ហើយក្នុងករណីមិនទាន់មានស៊ីមសែលកាតសម្រាប់ប្រើប្រាស់ ក្រុមហ៊ុននឹងរៀបចំយកទៅជូនពួកគាត់ដោយឥតគិតថ្លៃ។
លោក ឧកញ៉ា គិតម៉េង ជាអគ្គនាយក ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានគំនិតផ្តួចផ្តើម ដើម្បីប្រយុទ្ធប្រឆាំង ចំពោះមេរោគ Covid-19 នេះ លោកឧកញ្ញាកំពុងតែសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ផ្នែក ICT ទាំងមូលរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប រួមមានក្រុមហ៊ុនសែលកាត អ៊ីហ្សីខម វីង ក្រុមហ៊ុន CBS និង Digital Sky បានចាប់ផ្តើមនូវការឆ្លើយតបទូទាំងប្រទេស នៃគម្រោងគាំទ្រ ការបញ្ចុះតម្លៃ និងសេវាកម្មថ្មីៗដើម្បីបម្រើដល់អតិថិជន។
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត មានប្រសាសន៍ថា ការឆ្លើយតបនេះ ត្រូវតែរួមបញ្ចូលទាំងវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកានៅជួរមុខទាំងអស់ ព្រោះពួកគេកំពុងធ្វើការដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគ Covid-19 និងព្យាបាលអ្នកជម្ងឺដែលកំពុងមានបញ្ហាស្រាប់។
លោក Watson បានបន្តទៀតថា ក្រោមការណែនាំរបស់លោកអគ្គនាយក យើងបានចាប់ផ្តើមគំនិតផ្តួចផ្តើមនៃការបង្កើតសហគមន៍វេជ្ជសាស្រ្ត ជាមួយនឹងក្រសួងសុខាភិបាល កាលពីថ្ងៃសុក្រកន្លងទៅ ហើយយើងក៏បានឃើញនូវតម្រូវការបន្ទាន់នៅក្នុងក្រុងព្រះសីហនុ។
លោក Watson បានលើកឡើងថា គំនិតផ្តួចផ្តើមនេះ គឺជាការបន្ថែមលើសេវាកម្មទូរវេជ្ជសាស្រ្តតាមបច្ចេកវិទ្យា 5G (Telemedicince) ដែលកំពុងចាប់ផ្តើមដំណើរការ នៅទីតាំងចំនួនបួននៅទូទាំងរាជធានីភ្នំពេញ។
ការប្រើប្រាស់ 5G ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នឹងអនុញ្ញាតឲ្យវេជ្ជបណ្ឌិតឈានមុខគេទូទាំងប្រទេសកម្ពុជា អាចធ្វើការវាយតម្លៃ និងពិគ្រោះជាមួយអ្នកជំងឺនៅគ្រប់ទីកន្លែងបានភ្លាមៗ តាមរយៈទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗ ដើម្បីជួយសម្របសម្រួលដល់ក្រុមគ្រូពេទ្យ ដែលកំពុងធ្វើការនៅនឹងកន្លែងផ្ទាល់។
សែលកាត នឹងចាំផ្តល់ការគាំទ្រដល់សហគមន៍វេជ្ជសាស្រ្ត និងអតិថិជនទាំងអស់របស់ខ្លួន ក្នុងកំឡុងពេលដ៏ពិបាកនេះ ហើយយើងនឹងបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល ដើម្បីជួយពួកគេ ក្នុងការគ្រប់គ្រងវិបត្តិនេះ៕
Post a Comment