Header Ads

រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទទួលជួបនាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា (SNV) និង​ប្រកាសស្រុក បញ្ឈប់​ការបន្ទោបង់ពាសវាលពាស​កាល​ជាផ្លូវការ នៅថ្ងៃទី០៥ ខែមីនា


ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់
 

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទទួលជួបលោក Rens Verstappen នាយកអង្គ​ការ​អភិវឌ្ឍហូឡង់កម្ពុជា(SNV)​​ដើម្បីពិភាក្សាការងារ​​ និងសម្ដែងការអបអរសាទរចំពោះ ការរីកចម្រើនវិស័យ​ផ្គត់​ផ្គង់​​​ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ព្រមទាំងសមិទ្ធផលជាច្រើនទៀត ដែលក្រសួងអភិវឌ្ឍន៍ជនបទ​សម្រេចបាន ​ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង។

លោក Rens Verstappen  នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា(SNV) បានមានប្រសាសន៍ថា​​ ការរីក​ចម្រើ​ន​​លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅកម្ពុជា ជាកត្តាមួយដ៏ល្អសម្រាប់ប្រជាជនរស់នៅ​តាម​តំបន់ជនបទ។​
                  
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការស្វាគមន៍ លោក Rens Verstappen  នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា ​​និងសហការី ដែលបានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​នាពេលនេះនិងថ្លែងអំណរគុណដល់អង្គការនេះ ដែលកន្លងមកបានចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជា​ពិសេស បានសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ លើវិ​ស័យ​​ផ្គត់ផ្គង់ទឹកស្អាត រស់នៅស្អាត និងអនាម័យជនបទ ហើយជាដៃគូរដ៏សំខាន់រួមចំណែកអភិវឌ្ឍន៍វិស័យ​នេះ នៅក្នុងខេត្តគោលដៅនៃការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺខេត្តកែប កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយ​រៀង និងស្វាយរៀងនៅឆ្នាំ២០២៣ ។                                                                                                                         
ផែនការយុទ្ធសាស្រ្ដរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺចង់ឲ្យប្រជាពលរដ្ឋនៅជនបទ ៩០%​ មានទឹកស្អាត និង​មានបង្គន់អនាម័យប្រើប្រាស់តាមខ្នងផ្ទះនៅឆ្នាំ២០២៣ ដោយសហប្រតិបត្តិការជាមួយដៃគូរ អាជ្ញាធរថ្នាក់​ក្រោមជាតិខិតខំជម្រុញវិស័យនេះឡើង។

លោក Rens Verstappen  នាយកអង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា ​​ បានថ្លែងអំណរគុណជូនចំពោះ លោក រដ្ឋ​​​​មន្រ្ដី និងសហការី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ​ជាមួយនឹងអង្គការអភិវឌ្ឍន៍ហូឡង់ កម្ពុជា​ នាពេលកន្លងមកនេះ។ អង្គការរបស់លោក បានធ្វើសកម្មភាពជាច្រើនទាក់ទិនទៅនឹង លើវិស័យផ្គត់ផ្គង់ទឹក​ស្អាត និងអនាម័យជនបទ តាមរយៈគម្រោងមួយឈ្មោះថាអនាម័យសម្រាប់ទាំងអស់គ្នាដែលគម្រោងនេះ មានគោលបំណងចង់ឲ្យស្រុកគោលដៅ ក្លាយទៅជាស្រុកដែលប្រជាពលរដ្ឋបញ្ឈប់ ការបន្ទោបង់ពាសវាល ពាស​​កាល។ លោក បានបន្តថា អង្គការអភិវឌ្ឍន៍ហូឡង់កម្ពុជា ធ្វើសកម្មភាពអភិវឌ្ឍចម្រុះ ហើយពេលថ្មីៗ នេះ បានធ្វើឲ្យស្រុកបន្ទាយមាស ខេត្តកំពត ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ពោលគឺ ប្រជាពលរដ្ឋនៅទូទាំងស្រុកមានបង្គន់អនាម័យប្រើប្រាស់គ្រប់ខ្នងផ្ទះតែម្តង។​​

លោក Rens Verstappen  ​បានគោរពអញ្ជើញ លោករដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់កិត្តិយសក្នុង​ពិធី​ប្រកាសស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកជុំគីរី ខេត្តកំពត ជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាស​កាល​ជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែមីនា ខាងមុខនេះ។

ជាការឆ្លើយតប លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលយកសំណើនេះ គឺនៅស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ  ដោយឡែក​សម្រាប់​កម្មវិធីប្រកាសនៅស្រុកជុំគីរី ខេត្តកំពត លោករដ្ឋមន្រ្ដី នឹងចាត់​តំណាង​ឲ្យទៅចូលរួម។

នៅដើមខែកុម្ភៈ ឆ្នាំ២០២០ ​ប្រជាពលរដ្ឋដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនេះ គឺមានស្រុក​​​រំដួង ខេត្តស្វាយរៀង ស្រុកបន្ទាយមាស និងស្រុកជុំគីរី​ ខេត្តកំពត និងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ៕
                                                                                               


No comments

Powered by Blogger.