ប្រវត្តិសាស្ត្រ៖ ប្រាសាទនាងខ្មៅ ទាក់ទងជាមួយភិក្ខុមួយព្រះអង្គឈ្មោះ កែវ និងបណ្ឌិត ស្រី
ខេត្តតាកែវៈ
ដោយ៖ សេង
ស៊ីដារ៉ូ
ប្រជាពលរដ្ឋតែងតែហៅ វត្តនេះ ថា “វត្តប្រាសាទនាងខ្មៅ” ព្រោះក្នុងវត្តនេះ មានប្រាសាទបុរាណពីរ គឺឈ្មោះថា ប្រាសាទនាងខ្មៅ នៅខាងលិចវិហារ ចំក្លោងទ្វារវត្ត នៅទិសបស្ទឹម។ ប្រាសាទទាំងពីរនេះ ធ្វើពីថ្មផង ឥដ្ឋផង ទំហំ ៤ម៉ែត្រ ៤ជ្រុង កម្ពស់ ១០ម៉ែត្រ កំពូលស្រួចដូចចេតិយខ្ពស់ត្រដែត។
ប្រាសាទនាងខ្មៅ
មានដើមកំណើតទាក់ទងនឹងរឿងព្រេង ហើយដំណាលថា ៖
ក្នុងអតីតកាលកន្លងយូរទៅហើយ
មានស្តេចមួយព្រះអង្គទ្រង់មានព្រះនាមថា ព្រះបាទសុរិយាវង្ស គង់នៅភ្នំជីសូរ
ជាស្តេចមានមហិទ្ធិឫទ្ធិខ្លាំងពូកែ ទ្រង់បានសាងប្រាសាទប្រាំ និងទ្រង់បញ្ជាឲ្យពលទាហ៊ានជីកស្រះបួននៅលើភ្នំនោះ
គ្រប់ជ្រុងប្រាសាទ ទ្រង់មានព្រះរាជបុត្រីមួយ ព្រះនាមនាងខ្មៅ។
និយាយពីភ្នំជីសូរ
មានកំពូលចុះមកដល់ដី និងជម្រាលជើងភ្នំខាងក្រោម ប្រហែល ៧០០ម៉ែត្រ មានទន្លេ៤
គ្រប់ជ្រុងទាំង៤ គឺទន្លេអ៊មួយ ទន្លេស្ងួតមួយ ទន្លេប្រទ្រុនមួយ និងទន្លេទ្រុនមួយ។
ទន្លេទាំង៤នោះ ជាកន្លែង សម្រាប់ក្រសាលរបស់ស្តេចអង្គនោះ។ លុះព្រះបុត្រីមានវ័យវឌ្ឍននាការចម្រើនឡើងបានព្រះជន្ម
១៦ឆ្នាំ ព្រះ នាងមានរូបឆោមពណ៌ល្អដាច់ស្រីក្នុងព្រះនគរ។
ថ្ងៃមួយព្រះនាង
នឹកភ្នកចង់ទៅលេងទន្លេប្រទ្រុន បានចូលទៅថ្វាយបង្គំលាព្រះវរបិតាសុំទៅលេងទន្លេនោះ ។
ព្រះរាជាក៏ទ្រង់ព្រះរាជានុញ្ញាត ហើយទ្រង់ចាត់មនុស្សបម្រើឲ្យរៀបចំហែហម ព្រះរាជដំណើរព្រះនាង
ទៅ ក្រសាលក្នុងវេលាថ្ងៃរសៀល។
គ្រានោះមានបុរសម្នាក់ឈ្មោះបណ្ឌិត
ស្រី ទើបនឹងសឹកពីសាមណេរ មានរូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀត
ចេះមន្តអាគមវិជ្ជាការ។ បណ្ឌិតនេះ មានទីលំនៅៗភូមិមួយខាងលិចភ្នំជីសូរ
ជិតផ្លូវដែលចុះទៅទន្លេប្រទុ្រន។ ថ្ងៃនោះបណ្ឌិត ស្រី មានសេចក្តីអផ្សុកពេក ក៏ចេញទៅលេងជិតផ្លូវនោះ
ហើយក៏បានឃើញព្រះនាងខ្មៅចុះពីលើភ្នំជាមួយនឹងស្រីជាបរិវារ ក៏មានសេចក្តីប្រតិព័ទ្ធជាប់ចិត្តនឹងព្រះនាងនោះក្រៃពេក។
បណ្ឌិតនោះ ពិចារណាថា
«ថ្ងៃនេះជាថ្ងៃមានលាភធំណាស់ ដោយបានជួបនឹងស្រីគ្រប់លក្ខណ៍ តែអាត្មាអញជាកូនរាស្ត្រអ្នកកំសត់
ធ្វើម្តេចនឹងបាននាងនោះហ្ន+! នាងនេះមិនមែនជាស្រីសាមញ្ញាទេ
គឺជាព្រះរាជបុត្រី របស់ស្តេច អាត្មានឹងនាងនេះពុំសក្តិសមគ្នាសោះ បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅអែះ?
បណ្ឌិតនោះចេះតែស្រឡាញ់ខ្លាំងឡើងៗ រួចគិតថា
និងចូលទៅស្តីដណ្តឹងតាមច្បាប់ ក៏ពុំសមនឹងប្រព្រឹត្តខុសក៏មុខជាស្តេច យកទោសដល់ស្លាប់»។ ទើបបានឹកដល់មន្តវិជ្ជាការ ដែលខ្លួនចេះទាំងប៉ុន្មានយកមកប្រើ
រួចបណ្ឌិតនោះ ក៏បេះស្លឹកឈើយកមកសូត្រផ្លុំមន្តវិជ្ជាការនោះ
ហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើង។ ឯសូរសម្លេងស្លឹក ដែលបណ្ឌិតផ្លុំនោះ ទៅចុចចំបេះដូងព្រះនាងនោះ
ព្រះនាងក៏ភ័នភាំងស្មារតី លុះភ្លាក់ឡើងគិតថា «អញជាកូនស្តេច
ធ្លាប់ស្លាប់ភ្លេងតូរ្យតន្ត្រីសព្វថ្ងៃ ដែលពុំមានភ្លេច ហេតុអ្វីបានធ្វើឲ្យចិត្តអញឲ្យស្លុតដូចសម្លេងស្លឹកនេះសោះ» ព្រះនាងសង្រឹងគិតយូរៗទៅ សម្លេងនោះរឹតតែពិរោះឡើងៗ
ព្រះនាងអត់ទ្រាំមិនបានក៏លន់ព្រះឱស្នថា «យឺអើហ្ន!
សម្លេងនេះជាសម្លេងប្លែកណាស់ គួរតែអញទៅតាមស្តាប់មើលឲ្យឃើញច្បាស់ តើអ្នកនោះដូចម្តេច
បានចេះផ្លុំពិរោះដល់ម្លឹងៗ»។
ព្រះនាងក៏ទៅរកមើលឲ្យឃើញដោយព្រះអង្គឯង។
លុះព្រះនាងទៅជួបឃើញរូបឆោមបណ្ឌិតនោះ
ក៏រឹតតែមានសេចក្តីប្រតិព័ទ្ធខ្លាំងឡើង
បានសាកសួរសន្ទនាគ្នាទៅវិញទៅមក តាមប្រពៃណីរបស់ប្រុស និងស្រីដែលស្រលាញ់គ្នា។
អ្នកទាំងពីរបាននិយាយម៉ត់គ្នាថា« ថ្ងៃក្រោយយើងនឹងមកជួប.............។
ហើយលាបែកគ្នារៀងខ្លួន ។
ចំណែកព្រះនាង ចាប់តាំងពីបែកបណ្ឌិតនោះទៅ
មានទឹកព្រះភក្រ្តប្លែកពីប្រក្រតី ចេះតែក្រៀមក្រំពុំរួសរាយរកពួកបរិវារ
ពួកបរិវារក៏មានសន្ទិះសង្ស័យ។ ថ្ងៃក្រោយមកព្រះនាង ចូលលាព្រះរាជាម្តងទៀត។ ព្រះរាជាក៏ទ្រង់អនុញ្ញាតឲ្យព្រះនាងទៅ
ទ្រង់ចាត់មនុស្សបម្រើហែហមជូនដំណឹង ព្រះនាងដូចថ្ងៃមុន លុះទៅដល់កន្លែងនោះ
ព្រះនាងនិយាយប្រាប់បរិវារថា «អ្នករាល់គ្នាត្រូវឈប់ចាំខ្ញុំ
ខ្ញុំមានកិច្ចទៅនោះបន្តិច»។ និយាយប្រាប់ហើយព្រះនាងដើរសំដៅទៅកន្លែង
ដែលបណ្ឌិត ស្រី មកជួបលុះបានជួបគ្នាហើយ ទាំងពីររូបក៏សម្រេចសេចក្តីប្រាថ្នារបស់ខ្លួន។
ពួកបរិវារសង្ស័យ ក៏ទៅលបមើលឃើញកិរិយាមិនល្អ មានសេចក្តីភិតភ័យខ្លាចក្រែងស្តេចយកទោសដល់ជីវិតក៏ជំនុំពិគ្រោះគ្នាថា
«យើងគួរតែក្រាបទួលស្តេចកុំខាន»។
លុះត្រឡប់ទៅវិញពួកបវិវារ ក៏ចូលទៅគាល់ទូលស្តេចសព្វគ្រប់តាមដំណើរ។
ស្តេចទ្រង់ខ្ញាល់ជាខ្លាំង ក៏ទ្រង់ហៅពួកពេជ្ឈឃាតមកប្រាប់ថា «ត្រូវយកកូនអញទៅសម្លាប់ឲ្យឆាប់» ។
ព្រះអគ្គមហាហេសី
ជាព្រះមាតា ក្រាបទូលសុំទោសព្រះស្វាមីថា »សូមព្រះករុណាទ្រង់ព្រះមេត្តាប្រោស
ព្រះរាជទានទោសដល់កូនយើងតែមួយ បើទុកជាមានទោសខុសយ៉ាងណាៗ សូមព្រះអង្គកុំសម្លាប់ គ្រាន់តែបំបរបង់ចេញអំពីទីនេះចុះ
សូមទ្រង់អនុញ្ញាតឲ្យទាន»។
ស្តេចក៏ទ្រង់អនុញ្ញាតតាមសេចក្តីសុំរបស់ព្រះនាង
ជាព្រះមាតា ទើបទ្រង់បង្គាប់សេនាបតី ឲ្យធ្វើប្រាសាទពីចម្ងាយ អំពីព្រះដំណាក់ទៅបីយោជន៍។
ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា រួចហើយស្តេចទ្រង់បង្គាប់ឲ្យនាំព្រះនាងខ្មៅទៅនៅទីនោះ
ប្រាសាទនោះនៅខាងលិចភ្នំជីសូរ។ តាំងពីថ្ងៃនោះទៅ ព្រះនាងកើតទុក្ខជាទម្ងន់ ណាមួយព្រះបិតាបំបរបង់ចោល
ឲ្យនៅម្នាក់ឯង ណាមួយបែកពីសង្សារ លែងបានមកជួបសោះ ដោយមិនជ្រាបទៅទីណា។
គ្រានោះមានភិក្ខុមួយព្រះអង្គឈ្មោះ
កែវ លោកនិមន្តចេញពីស្រុក លោកទៅរៀនមន្តវិជ្ជាការនៅឯស្រុកក្រៅ លោកបានរៀនចេះពូកែណាស់
លោកត្រឡប់មកស្រុកវិញ គង់នៅទីមួយ (ក្នុងខេត្តតាកែវ) ទីនោះអត់ទឹក អ្នកស្រុកនាំគ្នាជីកស្រះមួយ។
លោកគ្រូអង្គនោះ
គង់នៅយូរបន្តិចទៅមានកិត្តិយព្ទល្បីគ្រប់ស្រុកភូមិ។ ព្រះនាងបានឮដំណឹងថា លោកគ្រូនោះទើបនិមន្តមកពីស្រុកក្រៅ
ចេះមន្តវិជ្ជាការល្បីល្បាញដូច្នេះ មានព្រះបំណងចង់ជួបនឹងលោក ដើម្បីចង់ដឹងអំពីសេចក្តីទុក្ខរបស់ព្រះនាងថា
«តើថ្ងៃណានឹងបានស្រាកស្រាន្តស្បើយល្ហើយ ព្រះនាងក៏ប្រាប់ពួកអ្នកបម្រើឲ្យរៀបព្រះទីនាំងដំរី
ដើម្បីទៅថ្វាយបង្គំលោកគ្រូកែវ។ លុះធ្វើព្រះរាជដំណើរទៅដល់ទីកន្លែង លោកគ្រូ នោះហើយ
ព្រះនាងចូលទៅថ្វាយបង្គំលោកតាមទំនៀម ទ្រង់បានឃើញលក្ខណៈលោកគ្រូអង្គនោះសព្វគ្រប់ ក៏បែកចិត្តចេញអំពីសង្សារចាស់
មកជាប់នឹងលោកគ្រូកែវនោះវិញ ពីព្រោះលោកអង្គនោះមានរូបស្អាតជាងបណ្ឌិត ស្រី
ពេញលក្ខណៈប្រុសគួរឲ្យស្រឡាញ់ ព្រះនាងដំណាលអំពីសេចក្តីសុខទុក្ខ របស់ទ្រង់ ទូលលោកគ្រូសព្វគ្រប់ហើយ
ក៏សំដែងអាការៈស្និទ្ធស្នាល ហាក់ដូចជាទុកចិត្តគ្នាយូរមកហើយ។ អាការដែលព្រះនាង
ពណ៌នារឿងរ៉ាងរបស់ទ្រង់នោះ នាំឲ្យលោកគ្រូកែវ អត់ទ្រាំពុំបាន
ក៏មានចិត្តទោរទន់ទៅរកព្រះនាង ហើយមានព្រះពុទ្ធដីកាទន់ភ្លន់ទៅរកព្រះនាង។ កាលបើព្រះនាងបាន
ឮពុទ្ធដីកា លោកផ្អែមល្ហែមទន់ភ្លន់មករកដូច្នោះ ក៏នឹងសង្ឃឹមថា តទៅមុខអញនឹងមានអាង
លែងកើតទុក្ខតាំងពីថ្ងៃនេះទៅហើយ»។
ចាប់តាំងពីថ្ងៃនោះមក
ព្រះនាងមានពណ៌សម្បុរស្រស់បំព្រងដូចស្តីទេពអប្សរា។ ចំណែកឯលោកគ្រូទៅវិញ
លោកខំប្រឹងពិចារណាធម៌ ដើម្បីដកចិត្តអំពីព្រះនាងនោះខ្លាំងណាស់ដែរ តែលោកដកពុំរួចសោះ។
ពេលក្រោយមកព្រះនាងត្រឡប់ទៅថ្វាយបង្គំសុំលោកគ្រូស្រោចទឹក ដើម្បីឲ្យមានសិរីសួស្តី។
ពេលទៅស្រោចទឹកនោះ ព្រះនាងកំរិតតែសំដែងការរាក់ទាក់ទៅរកលោកគ្រូ កែវ ខ្លាំងឡើងថែមទៀត
ហើយព្រះនាងទួលលោកថា សូមឲ្យលោកម្ចាស់គង់នៅសប្បាយចុះ»។ កាលបើឮពាក្យនោះ
លោកគ្រូកែវ ក៏ក្រៀមក្រំស្រពោនមុខ កើតទុក្ខ ដោយសំដីព្រះនាង។ អាការៈរបស់លោក
ជាអាការៈប្រាប់ព្រះនាងឲ្យជ្រាបច្បាស់ថា «លោកកើតទុក្ខពីព្រោះព្រះនាង»។ ព្រះនាង កំរិតឲ្យមានសេចក្តីស្រលាញ់ខ្លាំងឡើងទៀត ដល់ព្រះនាង ត្រឡប់ទៅព្រះដំណាក់វិញ
កើតទុក្ខផ្ទុំពុំលក់សោយក្រយាស្ងោយពុំបាន អត់ទ្រាំពុំបាន ក៏ចាត់បម្រើឲ្យរៀបចំព្រះទីនាំងដីរីទៅនិមន្តលោកមក
ឯព្រះដំណាក់ព្រះនាង។ ឯលោកគ្រូកែវ កាលបើបានឃើញអ្នកបម្រើទៅនិមន្តក៏សប្បាយព្រះទ័យណាស់
បានរៀបចំធ្វើដំណើរនិមន្តមកជាប្រញាប់។ ព្រះនាង ក៏ទំនុកបម្រុងបណីតភោជន សុទ្ធតែរបស់ប្លែកៗ។
លុះលោកនិមន្តទៅដល់ ព្រះនាង លើកមកប្រគេនលោកផ្ទាល់ព្រះអង្គ។ លោកគ្រូកែវ ឆាន់ពុំបាន។
អាការៈដែលលោកឆាន់ពុំបាននោះ ជាអាការៈប្រាប់ព្រះនាងឲ្យជ្រាបរឹតតែច្បាស់ ព្រះនាងក៏រឹតតែកើតទុក្ខខ្លាំងឡើងៗ
អត់ទ្រាំកេរ្តិ៍ខ្មាស់ពុំបាន ក៏ចូលទៅទូលលោកថា «សូមលោកម្ចាស់សឹកចាក់សិក្ខាបទចុះ»
ហើយព្រះនាងប្រគេនសំពត់ស្លៀកពាក់ ព្រមទាំងប្រដាប់ប្រសារសព្វគ្រប់។
លោកទទួលព្រមតាមសម្តីព្រះនាងនិមន្ត
ហើយក៏សឹកចាកសិក្ខាបទ ជាឃរាវាសនៅរួមសុខទុក្ខជាមួយ ព្រះនាងខ្មៅ នៅក្នុងប្រាសាទនោះរហូតមក។
ចំណេរកាលមកខាងក្រោយ
មានពុទ្ធបរិស័ទជ្រះថ្លាស្ថាបនាវត្តនៅទីនោះឡើង វត្តនោះក៏មាននាមថា «វត្តប្រាសាទនាងខ្មៅ»
រហូតមកដល់សព្វថ្ងៃនេះ៕
Post a Comment