Header Ads

សែលកាត បានចាប់ដៃគូរជាមួយសាកលវិទ្យាល័យល្បីៗ ចំនួន៣ ដើម្បី​បើកសម្ពោធកម្មវិធី​ជំនួយការសិក្សា​បែបថ្មី iKnow iKnow


ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


ក្រុមហ៊ុនសែលកាត បានបើកដំណើរការកម្មវិធីជំនួយការសិក្សាបែបថ្មី iKnow iKnow App​ និងផ្តល់ជូន​នូវ​រង្វាន់អាហារូបករណ៍ រយៈ​ពេល​១ឆ្នាំ​ សម្រាប់ការសិក្សានៅសាកលវិទ្យាល័យ​នាំមុខគេទាំងបីនៅក្នុង​ប្រទេស​កម្ពុជា។


សាកលវិទ្យាល័យល្បីៗ​ដែលចូលរួមមានដូចជា សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) សាកលវិទ្យាល័យ​បញ្ញាសាស្រ្តកម្ពុជា​ (PUC) និងសាកលវិទ្យាល័យកម្ពុជា (UC)។

កម្មវិធីច្នៃប្រឌិតថ្មីនេះ បានបញ្ចូលនូវបច្ចេកវិទ្យាឌីជីថល ដើម្បីជួយជម្រុញ និងលើកទឹកចិត្តដល់សិស្ស និស្សិ​ត​​ឲ្យខិតខំបង្កើនចំណេះដឹង និងក្លាយខ្លួនជាសិស្សពូកែ ដោយមានការចុះអនុសារណៈរួមគ្នានាព្រឹកថ្ងៃថ្ងៃទី​១០​​​ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

រាល់អ្នកប្រើប្រាស់កម្មវិធី iKnow iKnow ទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់អាហារូបករណ៍ ​រយៈពេលមួយ​ឆ្នាំ ​ចំនួន៥រង្វាន់ជារៀងរាល់សប្តាហ៍។

ក្រុមហ៊ុនសែលកាត ក៏មានផ្តល់ជូននូវរង្វាន់ប្រចាំខែម៉ូតូ Yamaha QBIX ២០២០ ចំនួន ១រង្វាន់ សម្រាប់​រយៈ​ពេល ៦ខែផងដែរ។

ព្រឹត្តិការណ៍បើកសម្ពោធនេះ មានរួមបញ្ចូលនូវពិធីចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នារវាង​ក្រុម​ហ៊ុន​​សែលកាត និងសាកលវិទ្យាល័យទាំងបីនេះ។ ភ្ញៀវកិត្តិយសដែលបានចូលរួមមានដូចជា៖
  • សាស្រ្តាចារ្យបណ្ឌិត សេង ប៊ុនធឿន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង
  • ឯកឧត្តមបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា
  • បណ្ឌិត ញ៉ សញ្ញេ អនុប្រធានផ្នែកកិច្ចការសាលានៃសាកលវិទ្យាល័យកម្ពុជា
លោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានថ្លែងឲ្យដឹងថា ការចាប់ជាដៃគូជាមួយ​សាកល​វិទ្យាល័យកំពូលៗទាំងបីនេះ គឺជាជោគជ័យដ៏ធំធេងមួយ សម្រាប់ក្រុមការងារសែលកាតផ្ទាល់ ដែលពួកគេ​តែងតែខិតខំរៀបចំជូននូវរង្វាន់ជាទីពេញចិត្តទៅដល់អតិថិជន តាមរយៈប្រូម៉ូសិនដែលមានជារៀងរាល់ឆ្នាំ។

លោក Watson បានបន្តថ្លែងទៀតថា កម្មវិធី iKnow iKnow App គឺជាមធ្យោបាយដ៏វិសេសបំផុត​មួយ​សម្រាប់​សែលកាត ក្នុងការជួយគាំទ្រទៅដល់សិស្ស និស្សិត ឲ្យពួកគេទទួលបានភាពសប្បាយ​រីករាយ​ក្នុងការ​សិក្សា ហើយមានលក្ខណៈសមស្របទៅតាមជីវិតបែបឌីជីថលរបស់ពួកគេផ្ទាល់តែម្តង។

សិស្ស និស្សិត ភាគច្រើនក្នុងសម័យនេះ សុទ្ធតែមានស្មាតហ្វូន សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ហើយពួកគេថែម​ទាំង​មានបទពិសោធន៍ច្បាស់លាស់ ក្នុងការប្រើប្រាស់វា ដើម្បីសិក្សាស្រាវជ្រាវ និងចែករំលែកឯកសារ​ជាមួយ​មិត្តរួមថ្នាក់។ ដូច្នេះកម្មវិធី iKnow iKnow នឹងជួយជម្រុញបន្ថែមដល់ការសិក្សាតាមបែបឌីជីថល របស់ពួកគេ ហើយថែមទាំងមានផ្តល់ជូនរង្វាន់លើកទឹកចិត្តទៀតផង។

ក្រុមហ៊ុនសែលកាត តែងតែចូលរួមយ៉ាងសកម្មក្នុងការលើកស្ទួយ ​ដល់ការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងរយៈ ពេល​ជាងពីរទសវត្សរ៍កន្លងមកនេះ ហើយវិស័យអប់រំត្រូវបានចាត់ចូលជាចំណុចដ៏សំខាន់បំផុតមួយ។

ហើយកម្មវិធី iKnow iKnow App នឹងជួយដល់ភាពរីកចម្រើន និងការអភិវឌ្ឍនៃចិត្តគំនិតរបស់យុវជនកម្ពុជា ដើម្បីធានាថា ប្រទេសជាតិនឹងរីកចម្រើនទៅថ្ងៃខាងមុខ។

កម្មវិធី iKnow អាចប្រើប្រាស់បាននៅលើស្មាតហ្វូន ​ដើរដោយប្រព័ន្ធប្រតិបត្តិការទាំង iOS និង Android។ យុវជន សិស្ស និងនិស្សិតខ្មែរ ជាពិសេសចាប់ពីថ្នាក់ទី៩ ដល់ទី១២ អាចប្រើប្រាស់កម្មវិធីនេះ ​ដើម្បីចូល​សិក្សា​កម្មវិធីសាលាបានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ មុខវិជ្ជាទាំងអស់ដែលមានផ្តល់ជូននៅលើកម្មវិធី iKnow iKnow ត្រូវបានអនុលោមទៅតាមកម្មវិធីសិក្សាថ្នាក់ជាតិ របស់ប្រទេសកម្ពុជា។

កមុ្មវិធីនេះ ផ្តោតជាពិសេសទៅលើយុវវ័យ ដោយមានផ្តល់ជូននូវ Sound Effect និងរូប Emoji អមដោយ​ផ្ទាំង​កម្មវិធីងាយស្រួលប្រើ ហើយថែមទាំងសប្បាយលេងទៀតផង។

លោកអ្នកអាចទាញយកកម្មវិធីនេះ បានទាំងនៅលើហាងកម្មវិធីរបស់ iOS និង Android។ សិស្ស ​និស្សិត ទាំងអស់អាចជាវនូវគម្រោងប្រើប្រាស់ឥតដែនកំណត់ ដើម្បីដោះស្រាយលំហាត់ជ្រើសរើសចំលើយត្រឹមត្រូវ ដោយចំណាយត្រឹមតែ ៣០សេនប៉ុណ្ណោះ ក្នុងមួយសប្តាហ៍៕

No comments

Powered by Blogger.