រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំងៈ
ដោយ៖ ឌឹម គឹមហាក់
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង
បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០
របស់រដ្ឋបាលខេត្ត និងការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកំពង់ឆ្នាំង។
បិទសន្និបាតបូកសរុបលទ្ធផលការងារនេះ មានការចូលរួមពីឯកឧត្តម
លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត
ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក កងកំលាំងប្រដាប់អាវុធទាំងបី ប្រធានអង្គភាពជុំវិញខេត្ត
និងអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារសុខថៃសាន្ត
ទីរួមខេត្តកំពង់ឆ្នាំង។
លោក ឈួរ ច័ន្ឌឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា
អង្គសន្និបាតបានប្រព្រឹតទៅរយៈពេលពេញមួយថ្ងៃ
ដោយបានធ្វើការពិភាក្សាយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកាអង្គសន្និបាតនូវរាល់ ចំណុចខ្លាំង
ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ដែលរដ្ឋបាលខេត្ត ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល
ចុះមូលដ្ឋានខេត្ត បានអនុវត្តន៍ក្នុងឆ្នាំ២០១៩
ហើយអង្គសន្និបាតបានដាក់ចេញ នូវផែនការយុទ្ធសាស្រ្ដសម្រាប់អនុវត្តន៍នៅឆ្នាំ២០២០
ដើមី្បឆ្លើយតបទៅនឹងសំណូមពរ និងតម្រូវការស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ
ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមជាតិ និងដើមី្បឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ
ក្លាយជាស្ថាប័នអភិបាលកិច្ចមូលដ្ឋានរឹងម៉ាំ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ
និងធ្វើឲ្យមានចីរភាពដល់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ
ក្នុងបរិបទនៃការកំណែទម្រង់រដ្ឋបាលសាធារណៈតាមបែបវិមជ្ឈការ និងសហវិមជ្ឈការរបស់រាជរដ្ឋាភិបាល
។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង
និងកិច្ចសហការគ្នាបានយ៉ាងល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួន រហូតទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០១៩
ដោយឡែកឆ្នាំ២០២០នេះ ទាំងផែនការរដ្ឋបាលខេត្ត និងផែនការការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋាន
យើងត្រូវបន្តរួមគ្នាសម្រេចឲ្យបាននូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ របស់រាជរដ្ឋាភិបាល
ដើម្បីបម្រើប្រជាពលរដ្ឋទាំងសេវាសំណូមពរ និងសេវាតម្រូវការឲ្យបានទាន់ពេលវេលា។
លោករដ្ឋមន្ត្រី បានរំលឹកដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ
កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវរួមសាមគ្គីគ្នាក្នុងការខិតខំថែរក្សាសន្តិភាព
សេ្ថរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ គឺសំដៅបង្កលក្ខណៈសម្បត្តិដល់ការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ
សេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចសង្គម។
បន្តាប់មក គណៈអធិបតី បានបំពាក់គ្រឿងឥស្សរិយយសការងារ ជូនដល់មន្រ្តីរាជការចំនួន
២២រូប និងជូនរង្វាន់ជ័យលាភីចលនាប្រឡងប្រណាំងភូមិ ឃុំមានសុវត្ថិភាពផងដែរ៕
Post a Comment