គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញទស្សនកិច្ច នៅក្រុមហ៊ុនសែលកាត ដើម្បីធ្វើតេស្តបច្ចេកវិទ្យា 5G
ដោយ៖ ហុង ចំណាប់
ដំណើរទស្សនកិច្ចផ្លូវការនេះ ត្រូវបានដឹកនាំដោយអគ្គនាយកក្រុមហ៊ុនសែលកាត អ្នកឧកញ៉ា គិត ម៉េង និងអមដំណើរដោយភ្ញៀវកិត្តិយស ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ជាច្រើនរូបទៀត រួមមាន ឯកឧត្តម ខាន់ សារ៉ាក់ រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ឯកឧត្តម ជា ម៉ានិត រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យរដ្ឋមន្រ្តី និងឯកឧត្តម ម៉ៅ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា។
ក្រុមប្រតិភូបានអញ្ជើញទស្សនាផ្ទាល់នូវការធ្វើតេស្តបច្ចេកវិទ្យា 5G នៅក្រុមហ៊ុនសែលកាត ដោយលទ្ធផលធ្វើតេស្តនេះ បានបង្ហាញនូវកម្រិត អ៊ីនធឺណិត ល្បឿនលឿនដ៏អស្ចារ្យបំផុត រហូតដល់ទៅ 1.6GB ឯណោះ។
ការធ្វើតេស្តបង្ហាញជូននេះ បានបង្ហាញឲ្យឃើញច្បាស់នូវការត្រៀមលក្ខណៈរួចរាល់ ទៅលើផ្នែកបច្ចេកទេស និងការប្តេជ្ញាចិត្តដ៏មុតម៉ាំរបស់ក្រុមហ៊ុនសែលកាត ក្នុងការនាំយកបច្ចេកវិទ្យាថ្មីនេះ មកបម្រើជូនអតិថិជននៅក្នុងឆ្នាំ ២០២០។
ឯកឧត្តម ត្រាំ អ៊ីវតឹក បានមានប្រសាសន៍ថា ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយដំណើរវិវត្តន៍នៃគម្រោងបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយគាំទ្រដល់គំនិតផ្តួចផ្តើម នៃគម្រោងសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាលកម្ពុជា។
ប្រាកដណាស់ 5G នឹងក្លាយជាបច្ចេកវិទ្យាឈានមុខគេ ក្នុងការជួយជំរុញសេដ្ឋកិច្ចប្រទេសកម្ពុជា ហើយ យើងក៏ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីចាប់យករាល់អត្ថប្រយោជន៍របស់វា និងធានាថា បច្ចេកវិទ្យានេះ ពិតជាជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាជួយលើកស្ទួយដល់វិស័យឧស្សាហកម្មក្នុងស្រុក និង ជីវភាពរបស់ប្រជាពលរដ្ឋយើងផងដែរ។
យើងចង់ឲ្យប្រទេសកម្ពុជា ក្លាយជាគោលដៅលេចធ្លោជាងគេបំផុត ផ្នែកបច្ចេកវិទ្យា 5G នៅក្នុងតំបន់អាស៊ាន និងសម្រាប់ក្រុមហ៊ុនទាំងអស់ ដែលមានបំណងចង់ក្លាយជាអ្នកឈានមុខគេ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដ៏អស្ចារ្យមួយនេះ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនសែលកាត បានលើកឡើងឲ្យដឹងថា លោកពិតជាមានក្តីសោមនស្សរីករាយបំផុត ដែលបានបង្ហាញនូវសមត្ថភាព និងល្បឿនអ៊ីនធឺណិតរបស់បច្ចេកវិទ្យា 5G ជូនដល់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូទាំងមូល។ ហើយដំណើរទស្សនកិច្ចនេះ បានបង្ហាញនូវការយល់ដឹង និងការប្តេជ្ញាចិត្តរបស់ MPTC ក្នុងការជួយគាំទ្រដល់ការនាំយកបច្ចេកវិទ្យា 5G មកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាឆន្ទៈរបស់ក្រសួង ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករ ទៅលើបដិវត្តឧស្សាហកម្មដ៏ទំនើបអស្ចារ្យមួយនេះ។
យើងបានធ្វើការសហការគ្នាយ៉ាងជិតស្និទ្ធបំផុត វាងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ នៅក្នុងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាពិសេសផ្នែក ICT ដោយពួកយើងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើគុណប្រយោជន៍ នៃការផ្តល់សេវាកម្មអ៊ីនធឺណិត (Internet Service Provision) មាតិកាឌីជីថល (Digital Content) និងសេវាទូទាត់ប្រាក់តាមឌីជីថល Digital Payment តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា 5G នៅក្នុងថ្ងៃអនាគត។
Post a Comment