ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់អនុសាសន៍ ១២ចំណុច ដល់ក្រសួងអភិវឌ្ឍនជនបទ
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី
ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩
និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នូវអនុសាសន៍ ១២ចំនុច
ដើម្បីបន្តជម្រុញខិតខំសម្រេច ឲ្យខានតែបាននូវទិសដៅដែលបានដាក់ចេញសម្រាប់ឆ្នាំ២០២០
និងឆ្នាំបន្តបន្ទាប់ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារសុខាភ្នំពេញ។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានលើឡើងអំពីលទ្ធផលដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០១៩
ឲ្យឃើញថា តំបន់ជនបទ នៅកម្ពុជា មានការប្រែប្រួលផ្លាស់ប្តូរមុខមាត់គួរឲ្យកត់សម្គាល់់់។
លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សហគមន៍ជនបទកម្ពុជា ជាតំបន់កំពុងឈានឆ្ពោះ
ទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យ
មានជាអាទិ៍(១).ប្រព័ន្ធផ្លូវគមនាគមន៍គ្របដណ្តប់ដោយផ្លូវ ស្ពាន និង សំណង់
សិល្បការ្យគ្រប់ប្រភេទ បានទូលំទូលាយ និងគ្រប់ច្រកល្ហក ដែលបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូន
និងការធ្វើដំណើរ បានផ្តល់អត្ថប្រយោជន៍កាន់តែមានប្រសិទ្ធភាព ដល់សកម្មភាពសេដ្ឋកិច្ច
និងសង្គមកិច្ច បង្ខឹតតំបន់ជនបទឲ្យស្ថិតមកកាន់តែជិតទីប្រជុំជន (២).ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទ
ត្រូវបានសាងសង់ ជាជំហានៗយ៉ាងឆាប់រហ័សនូវអណ្តូងទឹក ស្រះទឹក ប្រព័ន្ធចម្រោះទឹក
និងបណ្តាញផ្គត់ផ្គង់ទឹក, (៣).ការសម្អាត
និងអនាម័យកាន់តែត្រូវបានយកចិត្តទុកដាក់ តាមរយៈការអប់រំ
ផ្សព្វផ្សាយការយល់ដឹងអំពីគុណប្រយោជន៍ នៃភាពស្អាតបាតក្នុងការរស់នៅ នោះប្រជាជនជនបទបានគាំទ្រនឹងចូលរួមយ៉ាងសកម្មក្នុងចលនាសម្អាតខ្លួន
ប្រាណ និងលំនៅឋាន និងការលប់បំបាត់ការបន្ទោរបង់ពាសវាលពាសកាល ដែលប្រមូលផ្តុំ ជាសំខាន់លើការសាងសង់បន្ទប់ទឹក
និងបង្គន់អនាម័យ នៅតាមគេហស្ថាន និងនៅតាមគ្រឹះស្ថានសាធារណៈនានា។
យោងតាមការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា
អាត្រានៃការទទួលបានសេវាអនាម័យ បានកើនឡើងគួរឲ្យកត់សម្គាល់
ពោលគឺកើនឡើងពី ២៩,២% នៅឆ្នាំ២០១០ ដល់ ៧១,២% នៅឆ្នាំ២០១៧។
អត្រានៃការបន្ទោរបង់ពាសវាលពាសកាលបានថយចុះជិត៤០% ដោយធ្លាក់ចុះពី ៦៥,៧% នៅឆ្នាំ២០១០ មកត្រឹម ២៥,៤% នៅឆ្នាំ២០១៧។
ការផ្តត់ផ្គង់ទឹកស្អាតបានកើនឡើងប្រមាណ ១២,១ %
ពោលគឺកើនពី ៤៦,៦% ទៅ ៥៨,៧%
នៅឆ្នាំ២០១៧។
យោងតាមការប៉ាន់ស្មាន គិតដល់ដំណាច់ឆ្នាំ២០១៩នេះ
ប្រជាជនជនបទប្រមាណ ៧០% ទទួលបានទឹកស្អាត និង៨០% មានបង្គន់អនាម័យប្រើប្រាស់, (៤).ការបង្កើតការងារ
មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចគ្រួសារ បានរួមចំណែកយ៉ាងសកម្ម
លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ដែលភាគច្រើនរស់នៅទីជនបទ
តាមរយៈការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដូចជាការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ ខាងកសិកម្ម
សិប្បកម្ម សេវាកម្មតូចតាច និងមុខរបរដទៃទៀត បង្កឲ្យមាននិរន្តភាព និងបង្កើតបានភាពសុខដុមរម្យនាក្នុងសង្គម
គ្រួសារជនបទ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍បន្តទៀតថា ទោះបីជាក្រសួងសម្រេចបានជោគជ័យជាច្រើន
ក៏ដោយក៏នៅមានបញ្ហាមួយចំនួន ពុំទាន់ដោះស្រាយអស់នៅឡើយ ដូចជាការកើនឡើងយ៉ាងគំហុកនូវតម្រូវការប្រើប្រាស់ផ្លូវជនបទ
ការដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ ការអភិវឌ្ឍនៅទីដាច់ស្រយាល ចំណេះជំនាញមូលដ្ឋាននៅពុំទាន់គ្រប់គ្រាន់
ការយល់ដឹងអំពីការរស់នៅស្អាត និងសុខភាពអនាម័យនៅខ្វះចន្លោះជាច្រើននៅតំបន់ជនបទដាច់ស្រយាល។
លើសពីនេះ កត្តាប្រែប្រួល អាកាសធាតុនៅតែជាបញ្ហាប្រឈមមួយផងដែរ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ
និងហេដ្ឋរចនាសម្ព័ន្ធ រូបវ័ន្តដទៃទៀត ដែលទាមទារឲ្យមានការជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានផ្តល់អនុសាសន៍ ១២ចំនុច
ដល់ក្រសួងអភិវឌ្ឍន៍ជនបទមាន ៖
ទី១-ខ្ញុំសូមអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផល ដែលសម្រេចបានគួរជាទីមោទនៈទាំងនេះ
ពិសេស គឺគោលដៅយុទ្ធសាស្រ្តស្នូលទាំង ០៤ របស់ក្រសួង គឺ៖ (១).ពង្រឹងស្ថាប័ន អភិវឌ្ឍន៍
សមត្ថភាព និងធនធានមនុស្ស, (២).អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
និងគមនាគមន៍, (៣).កែលម្អលក្ខខណ្ឌរស់នៅ និងលើកកម្ពស់ជីវភាពរបស់សហគមន៍ជនបទ
និង(៤).ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។ គោលដៅស្នូលទាំងនេះ មានលក្ខណៈគ្របដណ្តប់ទាំងស្រុង
លើសមត្ថកិច្ច ក្រសួងផង និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលផង។
ទី២-បន្តគាំទ្ររាជរដ្ឋាភិបាលធានានូវសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា។
ទី៣-បន្តគាំទ្រ និងចូលរួមអនុវត្តន៍ឲ្យកាន់តែសកម្មលើកម្មវិធីកំណែទម្រង់ស៊ីជម្រៅ
យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ទី៤-បន្តជំរុញការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ
និងអភិវឌ្ឍន៍ស្ថាប័នឲ្យកាន់តែប្រសើរឡើង ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារទទួលបានភាពរីកចំរើនជាបន្តទៀត។
ទី៥-បន្តខិតខំសិក្សាស្រាវជ្រាវបច្ចេកវិជ្ជាថ្មីៗ
ដើម្បីកែច្នៃសម្ភារប្រើប្រាស់មួយចំនួន ជំនួសឲ្យ ការថយចុះយ៉ាងគំហុកនូវវត្ថុធាតុដើម
រួមមាន៖ ក្រួសក្រហម ខ្សាច់ភ្នំ។ល។ សម្រាប់បម្រើដល់ការ ស្ថាបនា ស្តារឡើងវិញ ថែទាំ
និងជួសជុលផ្លូវជនបទ។
ទី៦-បន្តលើកកម្ពស់គុណភាព គុណតម្លៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋជនបទ និងខិតខំ
សម្រេចឲ្យបានទស្សនវិស័យនៃគោលនយោបាយជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
ឆ្នាំ២០២៥ ប្រជាជនជនបទគ្រប់រូប ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់
និង រស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។
ទី៧-បន្តយកចិត្តទុកដាក់កែប្រែឥរិយាបទនៃការរស់នៅ ឲ្យយល់ដឹងអំពីបញ្ហាសុខភាព
ការរស់នៅស្អាត និងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល (ODF)
ឆ្នាំ២០២៥ បានទូទាំងប្រទេស។
ទី៨-បន្តជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈសកម្មភាពចលនាភូមិមួយផលិតផលមួយ
និងសហគ្រិនភាព ដើម្បីគាំទ្រដល់ការបង្កើនប្រាក់ចំណូលគ្រួសារ
និងទប់ស្កាត់ការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន។
ទី៩-បន្តអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយខិតខំធ្វើសមាហរណកម្ម
មន្រ្តីរាជការ ធនធាន និងទ្រព្យសម្បត្តិទៅថ្នាក់ក្រោមជាតិ ដើម្បីរក្សាឲ្យបាននូវស្ថិរភាពនៃការអភិវឌ្ឍ
មូលដ្ឋានប្រកបដោយបរិយាប័ន្ន តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទី១០-បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការដៃគូ
វិស័យឯកជន និងបណ្តាប្រទេសជាមិត្តនានា ដើម្បីកៀងគរប្រភពធនធានហិរញ្ញវត្ថុ បច្ចេកទេស
និងបច្ចេកវិទ្យាថ្មីៗ សម្រាប់ទ្រទ្រង់វិស័យអភិវឌ្ឍន៍ជនឲ្យមានការរីកចំរើន។
ទី១១-បន្តសហការណ៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំស្នើសុំរាជរដ្ឋាភិបាល
ធ្វើវិសោធន៍កម្ម អនុក្រឹត្យលេខ ១៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩
ស្តីពីការបង្កើត គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
និងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៩
ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង ដើម្បីដាក់បញ្ចូលបន្ថែមសមត្ថកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ទី១២-សហការណ៍ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំបែបបទ និងវិធីសាស្រ្ត
នៃការបង្កើតផែនការមេផ្លូវថ្នល់ ការរៀបចំគម្រោងប្លង់ និងការកំណត់អាទិភាពគម្រោង៕
Post a Comment