ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើទិសដៅការងារឆ្នាំ២០២០
ភ្នំពេញៈ
ដោយ៖ ហុង ចំណាប់
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍនជនបទ បានបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩
និងលើទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសណ្ឋាគារ សុខាភ្នំពេញនាថ្ងៃទី២៩មករា។
លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា សម្តេច ហ៊ុន
សែន នាយករដ្ឋមន្ត្រី បានបង្ហាញជូនរដ្ឋសភាកាលពីសម័យប្រជុំនាដើមនីតិកាលទី៦ បានកំណត់ដាក់ចេញនូវគោលដៅ ជាយុទ្ធសាស្ត្រគោលនយោបាយធំៗជាអាទិភាព
គឺគោលនយោបាយអភិវឌ្ឍតាមវិស័យ និងវិធានការជាក់ស្តែងជាអាទិភាព សម្រាប់អនុវត្តន៍ចាប់ពីឆ្នាំ២០១៩ទៅ
ដែលជាត្រីវិស័យសម្រាប់តម្រង់ទិសសកម្មភាព របស់រាជរដ្ឋាភិបាល
ក្នុងការបន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងនីតិកាលទី៦នេះ។
ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូង
សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤
ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយខាងលើ ដោយកំណត់វិធានការ
គោលនយោបាយជាយុទ្ធសាស្ត្រ ជាក់ស្តែង សម្រាប់អនុវត្តន៍កម្មវិធីនយោបាយនោះ សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ
របស់ប្រជាជនផង ព្រមទាំង
សំដៅកសាងមូលដ្ឋានគ្រឹះចាំបាច់ទាំងឡាយឆ្ពោះទៅគោលដៅ នៃចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០
ជាប្រទេសមានចំណូលមធ្យមកម្រឹតខ្ពស់ និងឈានទៅសម្រេច ចក្ខុវិស័យជាប្រទេសមានចំណូលខ្ពស់នៅ
ឆ្នាំ២០៥០ផង។
លោករដ្ឋមន្ត្រី បានបន្តថា
លើមូលដ្ឋាននៃឯកសារក្របខណ្ឌគោលនយោបាយគ្រប់ជ្រុងជ្រោយ
ទាំងពីរខាងលើនេះ
រាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តន៍ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយភាពល្អប្រសើរសម្រាប់កម្ពុជាឆ្នាំ២០១៦-២០៣០
ដែលកំណត់ លម្អិតបន្ថែមនូវវិធានការផែនការសកម្មភាព
តាមវិស័យ និងបញ្ជាក់អំពីការទទួលខុសត្រូវ អនុវត្តន៍របស់ក្រសួង
ស្ថាប័នទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។ ចំពោះក្រសួងអភិវឌ្ឍន៍ជនបទ
ដោយផ្អែកលើគោលការណ៍ដឹកនាំទាំងអស់ខាងលើនេះរបស់រាជរដ្ឋាភិបាល នោះក្រសួងបានបំផុស
និងប្រមូលផ្តុំគំនិតច្នៃប្រឌិតនិង បទពិសោធន៍នានា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់
រួមគ្នាចងក្រងបានជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទ
សម្រាប់រយៈពេល៥ឆ្នាំ (២០១៩-២០២៣) ដែលមាន ទិសដៅចម្បងគឺ បន្តលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ
ដោយផ្តោតលើកម្មវិធី៤ មានជាអាទិ៍៖
ទី១-ពង្រឹងស្ថាប័ន អភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស
ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងក្រសួងគាំទ្រដល់កម្មវិធីអភិវឌ្ឍធនធានមនុស្ស
និងអភិបាលកិច្ចល្អ ការអភិវឌ្ឍ ប្រកបដោយនិរន្តរភាពទាំងនៅថ្នាក់ជាតិ
និងនៅថ្នាក់ក្រោមជាតិ សំដៅរួមចំណែក្នុងការអនុវត្ត កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ដ៏ទៃទៀតឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
ទី២-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
និងគមនាគមន៍ បន្ថែមទៀតឲ្យដល់គ្រប់ច្រកល្ហក នៃតំបន់ជនបទ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។
ទី៣-កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
សំដៅធ្វើឲ្យប្រសើរ ឡើងនូវគុណភាពនៃការរស់នៅប្រកបដោយផាសុខភាព។
តំបន់ជនបទនឹងគ្របដណ្តប់ទៅដោយ ភូមិឃុំមានបរិស្ថានរស់នៅស្អាតបាតទទួលបានសេវាចាំបាច់ជាច្រើន
ដែលជាផ្នែកមួយជួយជំរុញ ឲ្យមានរបៀបរស់នៅបែបទំនើប។
ទី៤-សកម្មភាពសេដ្ឋកិច្ចជនបទ ក្នុងន័យបង្កើតការងារ មុខរបរ សហគ្រិនភាព
និងសកម្មភាពសេដ្ឋកិច្ចឲ្យមានរូបភាពចម្រុះដោយគិតតាំងពីរបរកសិកម្ម
និងមិនមែនកសិកម្មនៅ តាមសហគមន៍ជនបទ ដើម្បីចូលរួមដោះស្រាយបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ
បង្កើនប្រាក់ចំណូល គ្រួសារនីមួយៗនៅជនបទ។
ក្នុងជំហានបន្ទាប់ ដើម្បីឲ្យស្របតាមយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកានោះ
ក្រសួងបានរៀបចំធ្វើផែនការយុទ្ធសាស្ត្រថវិកា រយៈពេលបីឆ្នាំរំកិល
ដោយផ្អែកលើរចនាសម្ព័ន្ធ កម្មវិធីទាំង៤ខាងលើ
សំដៅធានាការផ្សារភ្ជាប់ថវិការបស់ក្រសួង ទៅនឹងអាទិភាពនៃគោលនយោបាយ
របស់រាជរដ្ឋាភិបាល រួចហើយកំណត់កញ្ចប់ថវិកាប្រចាំឆ្នាំ២០១៩ ដែលក្រសួងអភិវឌ្ឍន៍ជនបទ
យកមកអនុវត្តន៍តាមការវិភាគជាក់ស្តែង សម្រាប់ចង្កោមសកម្មភាពនីមួយៗនៃអនុកម្មវិធីទាំង២១
របស់កម្មវិធីអាទិភាពទាំង៤
ដោយទទួលបាននូវលទ្ធផលធំៗសំខាន់ៗគួរឲ្យកត់សម្គាល់ដូចតទៅ ៖
ផ្លូវជនបទជាច្រើនខ្សែនៅរាជធានី
និងគ្រប់ខេត្តត្រូវបានលើកកម្រិតធ្វើឲ្យប្រែក្លាយ ពីផ្លូវដីសនិងផ្លូវក្រាលក្រួសក្រហម
ឬក្រាលខ្សាច់ភ្នំ ទៅជារូបភាពថ្មីដូចក្តីសង្ឃឹមនោះគឺផ្លូវក្រាលកៅស៊ូ ឬក្រាលបេតុង ហើយឥឡូវនេះ ផ្លូវដែលមានឈ្មោះថា “វិថីតេជោសែនតស៊ូ” តភ្ជាប់ពីក្បាលស្ពានគីស៊ូណា ឃុំទន្លេបិទទៅដល់ក្បាលស្ពានស្ទឹងត្រង់ឃុំជំនីក
ប្រវែង៧៥គ.ម ក្នុងខេត្តត្បូងឃ្មុំ ជាផ្លូវបេតុង ហើយផ្លូវនៅលើកោះចំនួន៥ ក្នុងខេត្តកំពង់ចាម
និងខេត្តត្បូងឃ្មុំ ក៏សុទ្ធតែជាផ្លូវបេតុងដែរ។
ស្ពានបេតុង និងលូប្រអប់ជាច្រើនបានផុសឡើងព្រោងព្រាតជំនួសស្ពានឈើ និងស្ពានបែលឡេ។
យោងតាមការអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា
ការផ្តគ់ផ្គង់ទឹកស្អាតបានកើនឡើង ដល់ប្រមាណជា ៥៨,៧% នៅឆ្នាំ ២០១៧។
តាមការវាយតម្លៃ គិតដល់ដំណាច់ឆ្នាំ២០១៩នេះ ប្រជាជនជនបទប្រមាណ ៧០% ទទួលបានទឹកស្អាត។
អាត្រានៃការទទួលបានសេវាសំអាត និងអនាម័យ បានកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនឡើងពី
២៩,២% នៅឆ្នាំ២០១០ ដល់ ៧១,២% នៅឆ្នាំ
២០១៧។ ដោយឡែក អត្រានៃការបន្ទោរបង់ពាសវាលពាសកាលបានថយចុះ ជិត៤០% ដោយធ្លាក់ចុះពី ៦៥,៧% នៅឆ្នាំ២០១០ មកត្រឹម ២៥,៤% នៅឆ្នាំ២០១៧ ហើយនៅ ឆ្នាំ២០១៩នេះ ប្រជាជនជនបទ ៨០% មានបង្គន់អនាម័យប្រើប្រាស់។
ក្នុងចំណោមខេត្តគោលដៅទាំង៥ ខេត្តស្វាយរៀង
លុបបំបាត់ការបន្ទោរបង់ពាសវាលពាសកាល បានស្រុកចំនួន២ ខេត្តកំពង់ស្ពឺលុបបំបាត់បានស្រុកចំនួន១
ហើយខេត្តដ៏ទៃក៏កំពុងសម្រុកអនុវត្តន៍ ប្រកបដោយស្មារតីសុទិដ្ឋិនិយមដែរ។ យ៉ាងហោចណាស់នៅឆ្នាំ២០២៣
ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង
អាចនឹងក្លាយទៅជាខេត្ត ដែលគ្មានការបន្ទោរបង់ពាសវាលពាសកាល។
ក្រៅពីនេះ
ការបង្កើតការងារ មុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ច បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ
កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនដែលភាគច្រើនរស់នៅ ទីជនបទ តាមរយៈការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
និងតាមរយៈការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ខាងកសិកម្ម សិប្បកម្ម សេវាកម្មតូចតាច
និងមុខរបរដទៃទៀត បង្កឲ្យគ្រួសារ នីមួយៗទទួលបាននូវប្រាក់ចំណូលបន្ថែម និងបង្កើតបាននូវភាពសុខដុមរម្យនាក្នុងសង្គមជនបទ
កាត់បន្ថយការធ្វើចំណាកស្រុកទៅកាន់ទីក្រុង ឬឆ្លងដែនដោយប្រថុយប្រថានទៅប្រទេសដ៏ទៃ។
ជាទិសដៅ នៅឆ្នាំ២០២០នេះ
ក្រសួងអភិវឌ្ឍន៍ជនបទបែរឆ្ពោះទៅរកភាពចាំបាច់ ក្នុងការបន្ត លើកកម្ពស់គុណភាពនិងការថែទាំហេដ្ឋារចនាសម្ព័ន្ធជនបទ
ការទទួលបានទឹកស្អាតប្រកបដោយ សុវត្ថិភាពនិងការលើកកម្ពស់ការសម្អាត និងអនាម័យជនបទ
ការរៀបចំភូមិ និងលំនៅឋានឲ្យបានស្អាតបាត ដើម្បីឆ្លើយតបនឹងទស្សនវិស័យឆ្នាំ២០២៥
ដែលប្រជាជនជនបទគ្រប់រូបត្រូវទទួល បានសេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យគ្រប់គ្រាន់
និងរស់នៅក្នុងបរិស្ថានមានអនាម័យប្រកបដោយនិរន្តរភាព
សម្រាប់ជាបុរេលក្ខខណ្ឌនៃកាត់បន្ថយបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ព្រមទាំង
ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈការអនុវត្តចលនាភូមិថ្មី
និងការបង្កើនការងារមុខរបរ សហគ្រិនភាព និងការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនទូទាំងប្រទេស៕
Post a Comment