ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំកម្ពុជា ថា ចង់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកសហរដ្ឋអាមេរិកជាដៃគូរដ៏ល្អ ដែលអាចជឿជាក់ក្នុងការអភិវឌ្ឍ
ដោយ៖ សេង ស៊ីដារ៉ូ
ឯកអគ្គរដ្ឋទូតថ្មីសហរដ្ឋអាមេរិក ចង់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកសហរដ្ឋអាមេរិកជាដៃគូរដ៏ល្អ ដែលអាចជឿជាក់ក្នុងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា ហើយកាលើកឡើងនេះ គឺកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។
លោក Patrick Murphy បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រោះថាប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨០% កំពុងរស់នៅទីជនបទ។ ហើយក្រសួងក៏មានបញ្ហាប្រឈមខ្លះ ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ការចំណាកស្រុក ការផ្គត់ផ្គង់ទឹក បញ្ហាពុករលួយ ការបោះឆ្នោតជាដើម។
លោក អ៊ុក រ៉ាប៊ុនរដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្ដម Patrick Murphy ដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក តែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានជម្រាបជូន ឯកអគ្គរដ្ឋទូតអំពីតួនាទី និងភារកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនជនជាតិដើមភាគតិច ដែលកំពុងរស់នៅតំបន់ជនបទ ឲ្យកាន់តែល្អប្រសើរឡើង ដោយផ្ដោតទៅលើការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ដ រួមមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព និងផ្ដល់សេវាសាធារណៈផ្សេងៗទៀត ដែលជាការបំពេញបន្ថែម ទៅលើមុខងាររបស់ក្រសួង ស្ថាប័នផ្សេងៗរបស់រាជរដ្ឋាភិបាល។ លោករដ្ឋមន្រ្ដី ក៏បានលើកយកមុខងារ និងភាពខុសគ្នារវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្នុនោះក្រសួងសាធារណៈការធ្វើការគ្រប់គ្រងផ្លូវជាតិ និងផ្លូវខេត្ត ដោយឡែកក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការគ្រប់គ្រងបណ្ដាញផ្លូវ នៅជនបទប្រមាណជាង ៤ម៉ឺនគីឡូម៉ែត្រ ដូចគ្នានឹងការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទផងដែរ។
ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការងារសង្គមកិច្ចផងដែរ ដូចជា ការបង្កើតមុខរបរជូនប្រជាពលរដ្ឋនៅជនបទ តាមរយៈការបណ្ដុះបណ្ដាលមុខជំនាញវិជ្ជាជីវៈបន្ថែម ក្រៅពីការបង្កបង្កើនផលស្រូវ ដែលការងារនេះ បានអនុវត្តនៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទ នៅតាមបណ្ដាខេត្ត។
លោករដ្ឋមន្រ្ដី បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣ ដោយផ្ដោតទៅលើការពង្រឹងស្ថាប័ន និងកសាងសមត្ថភាពមន្រ្ដីរាជការ , កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ជំរុញសកម្មភាពសេដ្ឋកិច្ចជនបទ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដោយធ្វើការកែលម្អផ្លូវនៅជនបទជាបណ្ដើរៗ ពីផ្លូវក្រាលក្រួសក្រហម ឲ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ចំពោះតំបន់ដែលងាយរងគ្រោះ។
ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងបន្តសហប្រតិបត្តិការជាមួយដៃគូរផ្សេងៗទៀត រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ADB ធនាគារពិភពលោក WB មូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម IFAD និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៥៣ អង្គការទៀត។ ក្រសួងបានទទួលការគាំទ្រពីភាគីចំនួន ៣ គឺ មូលនិធិគ្រួសារស្តូន, អង្គការ IDE និង USID កំពុងអនុវត្តន៍គម្រោងលើកកម្ពស់អនាម័យជនបទ នៅក្នុងភូមិគោលដៅ ១ ៦០០ភូមិ ក្នុងខេត្តព្រៃវែង,សៀមរាប,កំពង់ធំ,កណ្ដាល និងខេត្តឧត្ដរមានជ័យ ក្នុងនោះ USID នឹងផ្ដល់ថវិកា ១០លានដុល្លារអាមេរិក ក្នុងគម្រោងដែលអនុវត្តន៍ដោយ មូលនិធិគ្រួសារស្តូន, អង្គការ IDE ទទួលបានជោគជ័យ។
ឯកឧត្ដមឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា បានបន្តថា សហរដ្ឋអាមេរិកគាំទ្រចំពោះការថែរក្សាសុខសន្តិភាពរបស់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ហើយចង់ឲ្យក្រសួងអភិវឌ្ឍន៍ជនបទចាត់ទុកសហរដ្ឋអាមេរិកជាដៃគូរដែលអាចជឿជាក់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។
Post a Comment