ប្រវត្តិ រូបនាគ ទាក់ទងនឹង ដើមកំណើតខ្មែរមន និងយាយលីវ ជាបុត្រីរបស់ស្តេចព្រះជង់នាគ
ដោយ៖ សេង ស៊ីដារ៉ូ
ប្រវត្តិរូបនាគ ត្រូវបានចាស់ៗបុរាណកាល សូន្យរូបទុកនៅតាមឃឿនប្រាសាទ
ឬតាមវត្តអារាម និងស្ពាននានា ព្រោះខ្មែរយើងតែងតែមានជំនឿថា រូបនាគ ធ្វើឲ្យមានភាពត្រជាត់ត្រជុំ។
នាគ មកពីពាក្យសំស្ក្រឹត «នាគ» ប្រែមកថា
ពស់ ដែលមានលក្ខណៈធំ។ នៅអង្គរ ចម្លាក់រូបនាគមាននៅគ្រប់ទីកន្លែងទាំងអស់។ មានរូបនាគខ្លះតូច
នាគខ្លះធំ ខ្លះមានក្បាល៥ ខ្លះមានក្បាល៧ ខ្លះនៅអមផ្លូវ ខ្លះទៀតអមស្ពាន ឬនៅសងខាងជណ្តើរ
ខ្លះស្លូត ខ្លះកាច ធ្វើឲ្យគេគោរព និងខ្លាចគ្រប់ៗគ្នា។
មានប្រជាជនខ្លះឆ្ងល់ថា ហេតុអ្វីក៏គេមិនឃើញមានចម្លាក់រូបនាគនៅស្រុកក្លឹង្គ
ដែលជាស្រុកកំណើតរបស់ព្រហ្មាញសាសនា?
ការពិតនាគជាសត្វមួយដែលខ្មែរគោរព មិនមែនជាសត្វរបស់ជាតិក្លឹង្គទេ។ គេត្រូវដឹងថា
ជនជាតិដែលរស់នៅមុនគេបង្អស់លើ នគរឥណ្ឌា គឺជនជាតិដែលជាដូនតារបស់ខ្មែរយើងសព្វថ្ងៃ
ហើយដែលគេស្គាល់ថា ជាជាតិមុន្តា ឬជាតិខ្មែរមន។
លោក វីលយូវែន (Will Durant) និយាយថា «ជនជាតិខ្មែរមនឥតមានជំនឿព្រះអ្វីទេ គេគោរពម្តាយ និងឪពុក ហើយគេយកនាគធ្វើជានិមិត្តរូប»។ ដោយសារការលុកលុយរបស់ជាតិទ្រាវិធ ឬតាមូល ដែលអ្នកខ្លះហៅថា ពួកទមិឡ
ខ្មែរមនត្រូវខ្ចាត់ខ្ចាយចេញពីស្រុកក្លឹង្គ នៅរវាងឆ្នាំ ១០០០០ មុនព្រះយេស៊ូ ។
ខ្មែរមន ដែលបែកខ្ញែកចេញពីស្រុកឥណ្ឌានោះ បានបង្កើតនគរខ្មែរមនផ្សេងៗច្រើន
ដូចជានគរណាហ្គាឡាន (Nagaland) ឬនគរនាគ
ដែលសព្វថ្ងៃនៅខាងកើតស្រុកឥណ្ឌា ដូចជានគរឈ្មោះ «នាគទ្វីប
(ទ្វីប = កោះ) ដែលសព្វថ្ងៃហៅថា នគរ «ស្រីលង្កា» ហើយនគរខ្មែរដែលមានរាជធានីឈ្មោះ «នាគបុរី» (E.Aymonier)
ខ្មែរពីដើមកាន់របបមាតានិយម។ មហាក្សត្រខ្មែរ ដែលគេស្គាល់មុនដំបូង គឺជាមហាក្សត្រី
ហើយខ្មែរនិយមហៅ ព្រះអង្គថា «យាយលីវ» ពីព្រោះខ្មែរ មិនហ៊ានហៅឈ្មោះផ្ទាល់របស់ព្រះអង្គ តាមទំនៀមទំលាប់របស់ខ្មែរ
ហើយដោយសារថា ព្រះអង្គនៅលីវនៅឡើយ។
តាមរឿងនិទាន គេនិយាយថា យាយលីវ ជាបុត្រីរបស់ស្តេចព្រះជង់នាគ
ដែលសោយរាជ្យនៅក្រោមបាតសមុទ្រ។ កាលឆ្នាំ៦៣០ ពូជពង្សស្តេចថ្មីមួយអង្គ ដែលចុះពីព្រាហ្មណ៍
«កាមពុ» បានឡើងសោយរាជ្យនៅស្រុកខ្មែរ។
គេក៏ទទួលស្គាល់ថា អគ្គមហេសីស្តេចកាមពុ ក៏ជាបុត្រីស្តេចនាគដែរ តាមរឿងព្រះថោង និងនាងនាគ។
សព្វថ្ងៃនេះទៀតក៏ដោយ ស្ត្រីខ្មែរ នៅពេលរៀបពិធីការ
ហើយពេលបញ្ចប់ កូនស្រីនាគត្រូវដើរចូលក្នុងបន្ទប់របស់នាង។
កូនប្រុសត្រូវកាន់ជាយសំពុតដែលជាកន្ទុយនាគ ដើម្បីចូលបន្ទប់ជាមួយនាងផងដែរ។ ការកាន់កន្ទុយនាគ
គឺធ្វើកុំឲ្យកូនប្រុសលង់ទឹកស្លាប់ នេះគេបង្ហាញទៀតថា ប្រុសត្រូវតែដើរតាមស្រី
ពីព្រោះខ្មែរកាន់របបមាតានិយម ឬមត្តេយ្ការ។
នៅស្រុកក្លឹង្គ ជាតិអារ្យៈ ដែលជាជាតិក្លឹង្គស្បែកសសព្វថ្ងៃ បានចូលមកលុកលុយក្នុងឆ្នាំ៣២០០
មុនព្រះយេស៊ូ។ ពួកនេះចុះមកពីស្រុកខាងជើង ភាគអាស៊ីកណ្តាល។ គេបានបង្កើតនៅឆ្នាំ១៥០០
មុនព្រះយេស៊ូ សាសនាថ្មីមួយ ហៅថា សាសនា «វេទ»។
ក្រោយមកសាសនាវេទ ក៏ក្លាយបន្តិចម្តងៗ ទៅជាព្រហ្មាសាសនា ។ ក្នុងរបបសាសនាទាំងពីរនេះ
នាគខ្មែរ ឥតត្រូវគេបោះបង់ចោលទេ ហើយគេត្រឡប់ទៅជាយកសត្វនេះ ទៅជាសត្វបម្រើព្រះយ៉ាងទុកចិត្តទៅទៀត។
កាលសម័យសាសនាព្រះសីវៈ (Shivaisme) គឺនាគ «វ៉ាសុគី» ដែលទួលទ្រសកលោកទាំងមូល នៅលើក្បាលទាំង៧របស់គេ។
នាគវ៉ាសុគី មានដងខ្លួនធំ និងវែង យកមកធ្វើជាខ្សែសម្រាប់បង្វិលភ្នំមន្តរៈ
ចម្រាញ់សមុទ្រទឹកដោះគោ ឲ្យទៅជាទឹកអម្រឹត ដែលកាលណាគេផឹកទៅគេនឹងមិនស្គាល់សេចក្តីស្លាប់ រូបចម្លាក់នាគវ៉ាសុគឺនេះ បានគេឆ្លាក់យ៉ាងធំ
ហើយគេតំកល់លំអរនៅមាត់ទ្វារទាំង ៥ ចូលទៅអង្គរធំ ។
នាគវ៉ាសុគីនៅអង្គរធំ តាមរឿងព្រហ្មាញសាសនា
កាលណាព្រះវិស្នុចុះពីលើមេឃ មកឋានដីយើង ព្រះអង្គទ្រង់យកឥន្ទធនូធ្វើជាជណើ្តរ
មាននាគ២អមសងខាង។ ស្ពាននាគ ដែលចូលទៅអង្គរវត្ត គឺជាឥន្ទធនូដែលនាំទៅខាងក្នុង គឺឋានព្រះ
ឯនៅខាងក្រៅគឺឋានរបស់មនុស្សយើង។
នៅក្នុងលោកយើងកាលណាមានភ្លើងឆេះកាល្ប
ព្រះវិស្នុតែងសម្រាកខ្លួន នៅលើខ្នងនាគអណាន្តៈ ចាំឲ្យព្រះសីវៈដុតអ្វីៗទាំងអស់
ហើយនឹងបង្កើតសកលលោកព្រមទាំងមនុស្ស ទាំងសត្វឡើងវិញ។
ព្រះពុទ្ធសាសនា ក៏ឥតបោះបង់ចោលនាគដែរ គឺនាគឈ្មោះមុធិលើន្តា ដែលបានលើកព្រះពុទ្ធឲ្យគង់នៅលើខ្លួនគេ
រួចគេយកក្បាលទាំង ៧ មកគ្របលើព្រះអង្គ កុំឲ្យព្រះអង្គត្រូវភ្លៀងខ្យល់។
គឺរូបព្រះពុទ្ធគង់នៅលើនាគនេះឯង ដែលគេបានចម្លងឆ្លាក់រូប
ព្រះមហាក្សត្រជ័យវរ័្មនទី៧ តំាងទុកនៅលើកំពូលប្រាសាទបាយ័ន។
ព្រះពុទ្ធសាសនាថេរវាទ ក៏ទុកនាគនៅលើដំបូលព្រះវិហារនៅគ្រប់វត្ត
មានកន្ទុយស្រួចចង្អុលទៅលើមេឃ ឯក្បាលមានធ្មេញចេញយ៉ាងកាច នៅខាងក្រោមដំបូលគ្រប់កន្លែង
ព្រះសង្ឃ មុននឹងបានទៅជាព្រះសង្ឃ ត្រូវបួសក្លាយខ្លួនទៅជានាគជាមុនសិន៕
Post a Comment