Header Ads

លោក សុង យឹម ម្ចាស់អាជីវកម្មលក់រានទេវតា(ព្រះភូមិ) ថា ការផលិតរាន ឬតូបទេវតានេះ គឺមានជំនឿតាំង​ពី​សម័យអង្គរ ដែលទាក់ទងនឹងសាសនាធំៗទាំង៣



 ខេត្តកណ្តាលៈ

ដោយ៖ សេង ស៊ីដារ៉ូ
 

សិប្បកម្មផលិតរាន ឬតូបទេវតានេះ អាចទទួលបានចំណូលសមរម្យសំរាប់មួយខែៗ ​ដោយសារសិប្បកម្មមួយ​នេះ ទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ច្រើន នាពេលបច្ចុប្បន្ន។

លោក សុង យឹម ដែលបើកអាជីវកម្មលក់រាន ឬតូបទេវតានេះ បានលើកឡើងថា រូបលោកមានការយល់ដឹង ច្រើន​​ពីអត្ថប្រយោជន៍រានទេវតា  ឬហៅថា ព្រះភូមិនេះ ពីមុនមករានទេវតា ដាក់នៅតាមវាលស្រែ ដោយ​កំណត់​ថា ជាព្រះភូមិ តែក្រោយមកវាស្រែត្រូវបានឈ្មួញ ឬប្រជាពលរដ្ឋ​បានទិញយកទៅសាងសង់ផ្ទះ អាគារ ព្រោងព្រាតអស់ទៅ ទើបប្រជាពលរដ្ឋនាំគ្នាសាងសង់ជាតូប ឬរានទេវតានេះឡើងវិញ ដើម្បីដឹងគុណ​​ដល់ព្រះ​ភូមិ ដែលបានធ្វើឲ្យមានសេចក្តីសុខសប្បាយដល់ពួកគេ ជារៀងរហូតមក។

លោក សុង យឹម បានបន្តថា បើជាងជំនាញអាចផលិតតូប ឬរានទេវតានេះ បានចំនួន ៤ ទៅ ៥ ហើយបើ​តូប​ ឬរានទេវតាធំៗវិញ អាចផលិតបានចំនួន ២ប៉ុណ្ណោះក្នុងមួយថ្ងៃ។ និយាយពីតម្លៃ រាន ឬតូបទេវតា ដែល​មានទំហំតូចជាងគេបំផុតថ្លៃ ៣៥ដុល្លារ រានធំថ្លៃចាប់ពី ៥០០ដុល្លារ ទៅ ៧០០ដុល្លារ តែចំពោះ​រាន​ទេវតា​ធំ ​កំរបានលក់ដាច់ណាស់ វាអាស្រ័យទៅនឹងអតិថិជនដែលមានលទ្ធភាពប៉ុណ្ណោះ។ 

រឿងរ៉ាវដែលទាក់ទងទៅនឹងរាន ឬតូបទេវតា (ព្រះភូមិ)នេះ គឺប្រជាពលរដ្ឋតែងតែមានជំនឿថា រាន ឬតូប​ទេវតា​នេះ វាទាក់ទងទៅនឹងការសាងសង់គេហដ្ឋានថ្មីៗ តាំងពីសម័យ​អង្គរ​មកម្ល៉េះ ដូច្នេះហើយទើបបណ្តាល​ឲ្យ​​ស្តេច​ខ្មែរសាងអង្គរឡើង ក៏ព្រោះមានជំនឿលើសាសនា​ទាំង​អស់​​នោះ។ នាសម័យនោះ ក្សត្រខ្មែរ ដែល​បាន​​សាងប្រាសាទឡើង គឺទុកសម្រាប់តម្កល់រូបព្រះផ្ទាល់​ខ្លួន ព្រោះ​​​ថា សាសនាខ្មែរជំនាន់នោះ គឺជឿទៅ​លើ​ព្រហ្មាញសាសនា ហើយសាសនានេះ មានព្រះច្រើនអង្គ គឺ​ព្រះព្រហ្មណ៍ ព្រះនារាយណ៍ និងព្រះឥសូ​រ​​តាមធម្មតាគេច្រើនមានជំនឿ ទៅលើព្រះនារាយណ៍ ឬព្រះឥសូរ​។  

នាពេលនោះ ព្រះមហាក្សត្រយសូវរ្ម័ន្តទី១ បានជ្រើសរើសយកព្រះឥសូរ ធ្វើជាព្រះ​ផ្ទាល់ខ្លួនរបស់ព្រះអង្គ រីឯព្រះមហាក្សត្រ​សុរិយាវរ្ម័ន្តទី២ ទ្រង់បានជ្រើសយកព្រះនារាយណ៍។ ចំណែក​ ព្រហ្មាញ្ញសាសនាវិញ​ជា​សាស​នាមួយដែលឥតមានវត្ត ឥតមានវិហារ ជាទីសាធារណៈទេ ដែលគេហៅថា អាស្រមនោះ គឺជាទីលំ​នៅ​របស់ព្រាហ្មណ៍ ដែលជាព្រះសង្ឃរបស់ព្រហ្មាញ្ញសាសនា តែប៉ុណ្ណោះ។ ដើម្បីនឹងគោរពព្រះ ឬបូជាថ្វាយព្រះ គ្រួសារនីមួយៗត្រូវសង់ផ្ទះអ្វីមួយ ដើម្បីធ្វើជាទីតាំងព្រះរបស់ខ្លួន។ កាលសម័យអង្គរ ​ផ្ទះណា​ក៏មានទីតាំង​ព្រះរបស់គេ​ដែរ ដែលគេហៅថា «រានទេវត្តា» នេះឯង​ ហើ​យ​គឺជាទីតាំងព្រះរបស់ប្រជារាស្ត្រខ្មែ​រ​ទូទៅ ​នៅ​ពេល​ដែលខ្មែរកាន់ព្រហ្មាញ្ញសាសនានោះ។

ហេតុដែលគេធ្វើរានទេវត្តា ជារូបប្រាសាទ គឺមកពីគេទុកថា ព្រះក៏ជាស្តេចមួយអង្គដែរ។ គេដាក់រានទេវត្តា​នៅ​លើសរសរឲ្យបានខ្ពស់នោះ គឺគេចង់បង្ហាញឲ្យដឹងថា ព្រះនៅលើមេឃ។ ហេតុដែលគេដាក់រានទេវត្តា​នៅក្រៅ​ផ្ទះ គឺមកពីក្នុងព្រហ្មាញ្ញសាសនា ព្រះឥតនៅជាមួយមនុស្សលោកទេ ព្រះនៅលើមេឃ។ ក្នុងព្រះពុទ្ធសាសនា ហើយនឹងសាសនា ព្រះយេស៊ូ គេអាចដាក់ព្រះពុទ្ធ ឬព្រះយេស៊ូក្នុងផ្ទះបាន។

ស្តេចខ្មែរពីដើម សាងប្រាសាទសម្រាប់ព្រះរបស់ព្រះអង្គ ដូចរាស្ត្រដែរ។ ការដែលខុសពីរាស្ត្រ គឺថាប្រាសាទ​ស្តេច ជាប្រាសាទមែនទែន ដែលធំនឹងល្អយ៉ាងអស្ចារ្យ ដូចប្រាសាទវិស្នុលោកៈ និងប្រាសាទសីវៈ ​លោកៈ ​ជា​ដើម ។

ប្រាសាទនីមួយៗ ជាប្រាសាទផ្ទាល់ខ្លួនរបស់អ្នកសាង ដោយហេតុនេះហើយ​ បានជាកាលណាអ្នកម្ចាស់​ប្រាសាទ​នោះ ស្លាប់ទៅគេបោះបង់ចោលប្រាសាទរបស់អ្នកនោះតែម្តង៕ 


No comments

Powered by Blogger.