ស្រីម៉ាច ថាសិប្បកម្មតម្បាញក្បាច់ក្រឡាហូល របស់នាង ល្បីដោយសារក្បាច់ហូលបុរាណ ព្រោះអ្នកប្រើប្រាស់ និយមច្រើន
ដោយ៖ សេង ស៊ីដារ៉ូ
សារព័ត៌មានក្រុងលង្វែក សូមប្រជាពលរដ្ឋ ក្នុងនិងក្រៅប្រទេស មេត្តាជួយជ្រុមជ្រែង
និងលើកស្ទួយកេរ្តិ៍មរតក របស់ខ្មែរយើងឲ្យបានល្បីល្បាញ ដូចកេរ្តិ៍ឈ្មោះថា “កម្ពុជាអច្ឆរិយៈ”
កុំភ្លើតភ្លើនងាកទៅរកភាពស៊ីវីល័យរបស់បរទេសខ្លាំងពេក។
ការបាត់បង់អំពីទម្រង់ក្បូរក្បាច់សំពតហូល នៃសម័យប៉ុលពតក៏ដោយ
ក៏អត្តសញ្ញាណសិប្បកម្មតម្បាញហូល នេះ បានកើតឡើងវិញ ក្រោយឆ្នាំ១៩៧៩ និងថែមទាំងធ្វើឲ្យសិប្បកម្មនេះ
បានវិវឌ្ឍន៍យ៉ាងរហ័ស ដើម្បីបម្រើតម្រូវការរបស់ប្រជាពលរដ្ឋក្នុងស្រុក
មិនត្រឹមប៉ុណ្ណោះមានអ្នកជំនួញធំៗខ្លះ បាននាំចេញទៅលក់នៅក្រៅប្រទេស ក្នុងគោលបំណងបង្ហាញពីស្នាដៃ ឬក្បាច់រចនាល្អអត់ខ្ចោះ
និងគុណភាព នៃហូលផាមួងរបស់ខ្មែរ។
ឈ្មោះយឺហោសិប្បកម្មតម្បាញហូល សារុង សូត្រ និងក្រមា
ក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជារបស់ ស្រី ម៉ាច និងមានបទពិសោធន៍ផលិតតម្បាញនេះ
ជាយូរឆ្នាំមកហើយ។
ស្រីម៉ាច បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរយើង មានចំណង់ចំណូលងាកទៅរក
សំពតហូល ផាមួង នាសម័យបុរាណវិញ ដោយសារអតិថិជនភាគច្រើន បានស្នើសុំកម្មង់ឲ្យផលិតតម្បាញជាក្បាច់បុរណ
ដូចជា រូបដំរី ហង្សមាស ផ្ការាំង ផ្ការំដួល អង្គរវត្ត ជាដើម
ដែលចាស់ៗពីមុនមកធ្លាប់ត្បាញក្បាច់ទាំងនេះ។
អ្នកស្រីម៉ាច បានបញ្ជាក់ពីតម្លៃនៃហូល ផាមួងនេះថា បច្ចុប្បន្ន តម្លៃហូលមួយក្បិនបានថ្លៃជាង
២០០ដុល្លារ ហើយតម្លៃទាបជាងនេះ គឺ១៥០ដុល្លារ ទៅដល់ ២00ដុល្លារ
ដោយអតិថិជននិយមចូលចិត្តភាគច្រើន ក្បាច់ដំរី និងរូបហង្ស ។
ទីផ្សាដ៏ធំបំផុត នៃហូល ផាមួង គឺនៅរាជធានីភ្នំពេញ ហើយសិប្បកម្មរបស់អ្នកស្រីម៉ាច
អាចលក់ចេញមួយខែប្រមាណជា ៦០ក្បិន ហើយចំនួននេះ នឹងបន្តកើនឡើងជាលំដាប់
ដោយសារតែផលិតផលនេះ ជាស្នាដៃរបស់ខ្មែរជំដើម ដែលបានបន្សល់ទុកស្នាដៃតកូនតចៅរៀងមក នាពេលថ្មីៗនេះ
ក៏មានអតិថិជនរស់នៅ ខេត្តកំពង់ចាម បានឲ្យកូនស្រីយកសំពតហូល ដែលបានបន្សល់ទុកតាំងពីសង្គមចាស់
មកឲ្យសិប្បកម្មស្រីម៉ាច ត្បាញថ្មីឡើងវិញ ឲ្យដូចសំពតហូលចាស់ ជាហូលខ្សែពីរ ដើម្បីធ្វើការបង្ហាញឲ្យឃើញថា
តម្បាញហូលពីបុរាណងើបឡើងវិញ និងបានធ្វើឲ្យកូនចៅជំនាន់ក្រោយចាប់អារម្មថណ៍ នូវតម្បាញហូលមួយនេះ
ជាពិសេសនៅថ្ងៃខាងមុខ យើងនឹងអាចយកហូលទាំងនេះ ទៅផ្សព្វផ្សាយ និងធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិតែម្តង៕
Post a Comment