Header Ads

ឆ្នាំ២០២០ កម្ពុជាសង្ឃឹមថា​ នឹងទទួល​បាន​ទេសចរណ៍កូរ៉េ​ចំនួនជាង ១លាននាក់


 ភ្នំពេញៈ

ដោយ៖ សេង​ ស៊ីដារ៉ូ


 ប្រទេសកូរ៉េមានប្រជានជន៥០លាននាក់ ហើយជីវភាពរស់នៅ និងប្រាក់ចំនូលមានកម្រិតខ្ពស់ ទើបធ្វើឲ្យការ​ដំណើរទេសចរណ៍ចេញក្រៅ​ប្រទេសច្រើន។

អង្គការទេសចរណ៍ពិភពលោកប៉ាន់ប្រមាណថា ប្រទេសកូរ៉េនឹងមានទេសចរណ៍ចេញក្រៅប្រទេសជាង២០លាន​នាក់ នៅឆ្នាំ២០២០។  ឆ្នាំ២០១៤ ទេសចរកូរ៉េក្រៅប្រទេសចំនួន ១៣,៩លាននាក់ និងមាន៤,៨៧លាននាក់ (២០១៣) ធ្វើដំណើរមកតំបន់អាស៊ាន ហើយក្នុងនោះទេសចរកូរ៉េ នៅកម្ពុជាមានចំនួន ៤២ម៉ឺននាក់ ធ្លាក់ចុះ ២,៤% ធៀបនឹងឆ្នាំ២០១៣ ឈរក្នុងលំដាប់ថ្នាក់ទី៤ ក្នុងទីផ្សារសំខាន់ៗទាំង១០ របស់ប្រទេសកម្ពុជា​ស្មើនឹង​៩,៤% នៃចំនួនទេសចរណ៍សរុប។


ប្រភបផ្តល់ពត៌មាន ពីស្ថានតំណាងរបស់ក្រសួងប្រចាំទីផ្សារកូរ៉េ បានឲ្យដឹងថា ទេសចរកូរ៉េភាគច្រើនចូលចិត្ត​ស្វែងរក​​ព័ត៌មាន ធ្វើដំណើរតាមរយៈគេហទំព័រ (អ៊ីនអឺណិត) បណ្តាញទំនាក់ទំនងពត៌មានសង្គម និងការជួប​សួរ​​រក​​ពត៌មានដោយផ្ទាល់ តាមរយៈព្រឹត្តិការណ៍ពិព័រណ៍ ពិសេសជួបជាមួយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ ហើយ​ការ​ធ្វើដំណើររបស់ទេសចរណកូរ៉េ ៧០% ជ្រើសរើសកញ្ចប់ទស្សនកិច្ច (Package)និង៣០% ចូលចិត្ត​ធ្វើ​ដំណើរ​​ដោយឯករាជ្យ (Independent Tour) ​ហើយរយៈពេលធ្វើដំណើរមានពី ៦ថ្ងៃ​ទៅ៧ថ្ងៃក្នុងដំណើរ​កម្សាន្ត​មួយលើក។ ទេសចរកូរ៉េធ្វើដំណើរមកតំបន់អាស៊ី ចាប់ពីខែវិច្ឆិកា ដល់ ខែកុម្ភៈ ហើយចូលចិត្តទស្សនា​តំបន់​វប្បធម៌ និងតំបន់ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ចម្លាក់ស្ថាបត្យកម្មប្រាង្គប្រាសាទ និងតំបន់ឆ្នេរដ៏ស្រស់ស្អាត តំបន់អេកូធម្មជាតិ ភ្លក់ម្ហូបរបស់ប្រជាជនក្នុងស្រុក និងក៏ស្វែងរកម្ហូបកូរ៉េផងដែរ។

ក្នុងគោលដៅទស្សនារបស់ពួកគេ ចូលចិត្តស្វែងរកទិញវត្ថុអនុស្សាវរីយ៍ ដែលមានតម្លៃម្ពស់ ចូលចិត្តដើរកម្សាន្ត​នៅពេលរាត្រី ទស្សនាផ្សាររាត្រី (Night Market & Pub Streets)​ព្រមទាំងចូលចិត្តកម្សាន្តជាមួយព្រឹត្តិការណ៍​កីឡាល្បីៗ និងកីឡាវាយកូនហ្គោលដណ្តើមពានរង្វាន់ក្នុងតំបន់ និងពិភពលោក ។
ព្រះរាជាណាចក្រកម្ពុជា មានការតភ្ជាប់យ៉ាងល្អតាមជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរ ជាតិកូរ៉េ Korean Airs និង ASIAN Airlines។

ប្រទេសកូរ៉េបច្ចុប្បន្ន ជាស្នូលក្នុងការតភ្ជាប់ការធ្វើដំណើររបស់ទេសចរណ៍ប្រទេសទី៣ មកកាន់គោលដៅ​ទេស​ចរណ៍​កម្ពុជា ផងដែរ ។

ស្ថិតិទេសចរកូរ៉េបច្ចុប្បន្ន មានចំនួនតិចនៅឡើយ បើប្រៀងធៀបនឹងអត្រាទេសចរកូរ៉េ ចេញក្រៅប្រទេស និងមក​ទស្សនាតំបន់អាស៊ាន។ កម្ពុជានៅមានឧបសគ្គក្នុងការទាក់ទាញទេសចរកូរ៉េ ពិសេស នៅតំបន់ឆ្នេរ​និងតំបន់​អេកូ​ធម្មជាតិ ខ្វះនូវផលិតផលទាក់ទាញជាច្រើនដូចជា សណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកម្សាន្តរាត្រី ហាងលក់​វត្ថុ​អនុស្សាវរីយ៍ និងរមណីយដ្ឋានទេសចរណ៍ មួយចំនួនមិនទាន់រៀបចំឲ្យមានភាពរស់រវើក និងទាក់ទាញ សមត្ថភាពមគ្គុទ្ទេស នៃការនិយាយភាសាកូរ៉េ នៅមានកម្រិត ដែលជារួម ផលិតផល និងសេវាកម្ម ទេស​ចរណ៍​កម្ពុជា នៅមិនទាន់ផ្គត់ផ្គង់បានដល់តម្រូវការ នៃចំណែកទីផ្សារប្រណិតៗនៅឡើយ។

នៅក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០១៥ ទេសចរកូរ៉េថយចុះ ៤.៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ហើយបញ្ហានៃការធ្លាក់ចុះនេះ គឺបណ្តាលមកពីការរីករាលដាលនៃបញ្ហាជំងឺ Middle East respiratory syndrome (MERS) វិបត្តនយោបាយផ្ទៃក្នុងរដ្ឋាភិបាលកូរ៉េ​ដែលបានធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍​ទាំងមូល ដូចជា នៅដើមឆ្នាំ២០១៥នេះ ការធ្លាក់ចុះ Inbound Tours ដល់ទៅ ៦០% និង Outbound Tours ធ្លាក់ចុះ ៤០% ព្រមទាំងទេសចរណ៍ក្នុងស្រុកធ្លាក់ចុះ៣០%។ និន្នាការធ្វើដំណើរទេសចរណ៍ របស់ប្រទេសកូរ៉េ ងាកទៅរកបណ្តាប្រទេស ដែលមិនយកទិដ្ឋាការចូល សម្រាប់រយៈពេល១៥ថ្ងៃ នៃការទស្សនា ដូចជាប្រទេសថៃ ឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាមជាដើម។
ទេសចរណ៍កូរ៉េ នៅតែបន្តចូលមកទស្សនាកម្ពុជា ដែលជាគោលដៅទេសចរណ៍លំដាប់ទី៣ក្នុងតំបន់ បន្ទាប់ពីថៃ ពិសេសកម្ពុជា មានការតភ្ជាប់ជើងហោះហើរ ផ្លូវអាកាសចំនួន៧ជើងក្នុង១ថ្ងៃ គឺខេត្តសៀមរាបចំនួន ៥ជើង (Korean Air 2ជើង Asiana Ari 1ជើង Skywing1ជើង និង Busan Air 1ជើង) និងភ្នំពេញចំនួន ២ជើង (Korean Air 1ជើង និង Asiana Air1ជើង)។ ទោះបីជាទេសចរណ៍កូរ៉េ​មកកម្ពុជា​មានការធ្លាក់ចុះក្នុងរយៈពេល​បច្ចុប្បន្ន​ក្តី ក៏កូរ៉េនៅតែជាទីផ្សារគោលដៅដ៏សំខាន់សម្រាប់កម្ពុជា។ នៅឆ្នាំ២០២០ កម្ពុជាសង្ឃឹមថា​នឹងទទួល​បាន​ទេសចរណ៍កូរ៉េ​ចំនួនជាង ១លាននាក់៕

No comments

Powered by Blogger.