Header Ads

កសិដ្ឋាននៃក្រុមហ៊ុនសុខា លើភ្នំបូកគោ មានការចិញ្ចឹមជ្រូកព្រៃ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ

ខេត្តកំពតៈ

ដោយ៖ សេង ស៊ីដារ៉ូ


 កសិដ្ឋាននៃក្រុមហ៊ុនសុខា លើភ្នំបូកគោ បានចិញ្ចឹមជ្រូកព្រៃចំនួនជាង ៧០០ក្បាល ដោយមិនយកសាច់ជ្រូក​ព្រៃនេះ ជាអាជីវកម្មសម្រាប់ទទួលទាននោះឡើយ ដោយទុកឲ្យភ្ញៀវបរទេស ទស្សនាកំសាន្ត ក្នុងពេលឡើងមក​រមណីយដ្ឋានបូកគោនេះ។

លោក នួន​ ហន មានតួនាទីជាអ្នកមេកា ដើម្បីមើលថែចិញ្ចឹមជ្រូក បានលើកឡើងថា  ការចិញ្ចឹមជ្រូកព្រៃនេះ បាន​​កើនឡើងជាង៧០០ក្បាលហើយ ក្នុងនោះមេជ្រូកព្រៃមានចំនួនជាង ១០០ក្បាល។ ក្នុងការចិញ្ចឹមជ្រូកព្រៃ​នេះ​ ​ត្រូវមានទ្រុងឲ្យបានត្រឹមត្រូវ ​ដោយធ្វើការហ៊ុំពាត់របងដែក ហើយមានម៉ោងពេលវេលាវា សម្រាប់លែង ឲ្យដើរស៊ីនៅក្នុងព្រៃជ្រៅ រហូតដល់ពេលដែលត្រូវឲ្យចំនីវា គឺត្រូវវាយជួងហៅជ្រូកព្រៃទាំងនោះ ឲ្យមករកស៊ី​ចំណីរបស់វា ​ដែលកសិដ្ឋានបានដាក់ទុកជាស្រេច។


ការលែងវាឲ្យស៊ីក្នុងព្រៃ គឺដើម្បីឲ្យ​ទៅតាមធម្មជាតិ​របស់វា ​ដោយវាស៊ីឬសឈើ​គ្រប់ប្រភេទ ​សម្រាប់បំប៉ន​សុខភាព​របស់វាផង ចំណែកចំណីរបស់វា គឺបានមកពីកាកសំណល់ ដែលប្រមូលបានមកពីអូតែលសុខា និង​ចេកសំណែន ដែលសេសសល់ពីការដាក់សែនពីលោកយាយម៉ៅ។

លោក នួន ហន បានបន្តទៀតថា​ កាចិញ្ចឹមជ្រូកព្រៃនេះ ងាយស្រួលច្រើន ដោយលែងវាឲ្យចូលរកចំណីក្នុងព្រៃ ដែលជាអាហារឲ្យវាមានសុខភាពល្អ និងឆាប់ធំធាត់ គ្មានជំងឺ មិនដូចការចិញ្ចឹមជ្រូកស្រុកឡើយ។ ក្នុងចំណោម  ជ្រូកព្រៃដែលអស់ធំ គឺមានទម្ងន់រហូតដល់ ១៥០គីឡូ ដោយចំនួន៧០០ក្បាលនេះ និងអាចមានការកើនឡើងជាលំដាប់បន្តទៅទៀត។

ក្នុងការចិញ្ចឹមជ្រូកព្រៃលើភ្នំបូកគោនេះ គឺពុំមានការកាប់ទទួលទានសាច់របស់វានោះទេ និងទុកសម្អសម្រាប់ឲ្យ​ភ្ញៀវទេសចរណ៍ចូលមកទស្សនា ឃើញនូវការរស់នៅពិតៗ របស់ជ្រូកព្រៃទៅតាមធម្មជាតិរបស់វា៕

No comments

Powered by Blogger.