Header Ads

រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចែកអំណោយ និងពិនិត្យផ្លូវខូចខាត ២ខ្សែ ក្នុងស្រុកចិត្របុរី

ខេត្តក្រចេះ

ដោយ៖ ឌឹម គឹមហាក់


 រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ  រួមដំណើរដោយ លោកសួស គង់ និងលោក ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍​ជន​បទ ព្រមទាំងមន្រ្ដីបច្ចេកទេសជាច្រើនរូបទៀត  បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយសារទឹក​ជំនន់ និងពិនិត្យស្ថានភាពផ្លូវខូចចំនួន ២ខ្សែ នៅស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៧​ ខែសីហា ឆ្នាំ២០១៨។

សម្ដេច  នាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបណ្ដាំផ្ញើសាកសួរសុខទុក្ខ តាមរយៈលោក អ៊ុក រ៉ាប៊ុន​  រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍​ជនបទ   និងបានសម្ដែងការសោកស្ដារចំពោះគ្រោះមហន្ដរាយ ដោយសារទឹកជំនន់ ធ្វើឲ្យបងប្អូនលិចផ្ទះសម្បែង ដីបង្ក បង្កើន​​ផល ហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ ធ្វើឲ្យជួបការលំបាកក្នុងជីវភាពរស់នៅ ជាដើម។


លោក អ៊ុក រ៉ាប៊ុន​  រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានចែកអំណោយជូនប្រជាពលរដ្ឋ ដើម្បីជួយសំរាលការលំបាកមួយ​ចំនួនផងដែរ។ លោករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ការពារកូនតូចៗកុំឲ្យលេងទឹក ត្រូវពិ​សារទឹកដាំពុះ  ដើម្បីជៀសឆ្ងាយពីជំងឺឆ្លងផ្សេងៗ  ជាមួយនេះ ក៏ត្រូវប្រុងប្រយ័ត្នចំពោះសត្វអសេរពឹស នៅពេលដែល​កំពស់​ទឹកទន្លេមេគង្គនៅតែបន្តឡើង។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋនាពេលនោះ គឺមួយគ្រួសារទទួលបាន ធុងចម្រោះទឹកស្អាត ១ ពីដុងដាក់ទឹក​ចំណុះ ២០ លីត្រ ១ ធុងសម្រាប់ដាក់ទឹកស្អាត ១ កានសម្រាប់ដាក់ទឹកធ្វើអំពីជ័រចំនួន ១ និងសាប៊ូអនាម័យចំនួន ៥ដុំ។

បន្ទាប់មក លោករដ្ឋមន្រ្ដី និងប្រតិភូរួមដំណើរ ចុះទៅពិនិត្យស្ថានភាពផ្លូវចំនួន ២ខ្សែ ដែលរងការខូចខាតដោយ​​សារទឹក​ជំនន់ ក្នុងនោះមាន ១ខ្សែ ប្រវែង៥៧០០ម៉ែត្រ លិចទាំងស្រុង ដែលមានទីតាំងពីភូមិតាលោះ ទៅភូមិព្រែកកូវ ឃុំបុសលាវ ស្រុកចិត្របុរី និងមួយខ្សែទៀតប្រវែង ៥០០០ម៉ែត្រ ពីភូមិក្រគរ ទៅភូមិទន្លាប់ ក្នុងសង្កាត់ក្រគរ និងឃុំគោលាប់ ស្រុកចិត្រ​បុរី។  ឯកឧត្ដម បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងទឹកជំនន់ទន្លេមេគង្គបន្តឡើង បង្ក​ឲ្យ​មានទឹកជំនន់លិចភូមិ ឃុំ សង្កាត់ មួយចំនួន ក្នុងនោះបានបណ្ដាលឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន រួមមាន​ផ្លូវ ស្ពាន និងសំណង់សិល្បកា។ ដោយឡែកផ្លូវ​ដែលគ្រប់គ្រងដោយក្រសួងអភិវឌ្ឍន៍ជនបទ ដែលរងផលប៉ះពាល់​នៅ​តាម​បណ្ដាខេត្តមួយចំនួន  ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបញ្ជូនក្រុមការងារបច្ចេកទេស ​ចុះធ្វើការសិក្សាស្រង់ទិន្នន័យ ពីទំហំនៃ ការខូចខាត និងដើម្បីងាយស្រួលដល់ការលើកគម្រោងជួសជុល និងកែលម្អឡើងវិញនៅពេលទឹកស្រក៕

No comments

Powered by Blogger.